ឃាត់ខ្លួន​នាយរង​​​​វរការពារ​ព្រំដែន​៨០៧​​ម្នាក់​​ ​ក្នុង​អំពើ​ហិង្សា​ កាប់​នាយ​ផ្នែក​​ម្នាក់​​ ​ស្លាប់​​ពេល​បញ្ជូន​ទៅសង្គ្រោះ​

8422

បន្ទាយ​មាន​ជ័​យ ៖ ​នាយរង​ផ្នែក​បុគ្គលិក​ម្នាក់ ​នៃ​នគរបាល​វ​រការពារ​ព្រំដែន​គោក​លេខ​៨០៧​ត្រូវ​បាន​ចាប់ខ្លួន​ បន្ទាប់ពី​បាន​កាប់​នាយ​ផ្នែក​ភស្តុភារ​ក្នុង​អង្គភាព​ ជាមួយគ្នា​អោយ​ស្លាប់ ​កាលពី​យប់​ថ្ងៃទី​២៩​ខែមេសា ​ឆ្នាំ​២០១៦ ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ថៃ​។

ប្រភពពី​កន្លែងកើតហេតុ​ បាន​និយាយថា ​ទំនាស់​ដែល​ឈាន​ដល់​មាន​ការ​កាប់ចាក់​គឺ​បណ្តាល​មកពី​ឈ្មោះ ប៉ូ ណា​រិ​ទ្ធ   ​នាយរង​ផ្នែក​បុគ្គលិក​បាន​យក​កាំបិត​តាំង​តោ ​ទៅ​កាប់​ខ្សែភ្លើង​បន្ទប់​របស់​ជន​រងគ្រោះ​ឈ្មោះ​ ម៉​ង់  សួគ៌​ នាយផ្នែក​ភស្តុភារ​បណ្តាលអោយ​ងងឹត​។​បន្ទាប់មក​ជនរងគ្រោះ​ក៏បាន​ស្ទុះ​ទៅ​វាយ​លើ​ឈ្មោះ ប៉ូ  ណា​រិ​ទ្ធ ​​ តែ​ដោយ​ជន​ដៃដល់​មាន​កាំបិត​ក្នុង​ដៃ​ក៏បាន​កាប់​ជនរងគ្រោះ​បណ្តាល​អោយ​មុត​ដាច់​បាតដៃ​ស្តាំ​យ៉ាង​ជ្រៅ​។​ខ​ណះ​នោះ​ក៏​មាន​មន្ត្រី​ដូចគ្នា​ចូល​ឃាត់​យក​ជនរង​គ្រោះ​ទៅ​ដេរ​ដៃ​រួច​បញ្ជូន​ជនរងគ្រោះ​ទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរ​ពេទ្យ​ប្រទេស​​ថៃ​ តាម​ច្រក​បឹង​ត្រកួន​ តែ​ពេល​បញ្ជូន​ដល់​ពេទ្យ​ជនរងគ្រោះ​ក៏​ស្លាប់​តែម្តង។

ប្រភព​បាន​បញ្ជក់​ថា ជ​ន​រងគ្រោះ​ដែល​ស្លាប់​ជា​ប្អូនបង្កើត​របស់​លោក​ ប្រាក់ សាំ ​ជា​មេបញ្ជាការ​នគរបាល ​ការពារ​ព្រំដែន​៨០៧​ ហើយ​ជម្លោះ​ដែល​ឈាន​ដល់​កាប់សម្លាប់​គឺ​បណ្តាល​ពី​ការ​ច្រណែន​ឈ្នានីស​ផ្តើម​ពី​គ្រួសារនិយម​របស់​លោក​មេបញ្ជាការ​។

ក្រោយពេល​កើតហេតុ​ជន​ដៃដល់​ដែល​ជា​សមត្ថកិច្ច​ក្នុង​អង្គភាព​ជាមួយ​ជនរងគ្រោះ​ត្រូវ​បាន​ឃាត់​ខ្លួន​ទាំង​មិនបាន​រត់គេច​ទៅណា​ហើយ​បញ្ជូន​មក​ស្នងការ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​៕