មន្ត្រី​ខណ្ឌ​៧​មករា​ផ្តាំផ្ញើ​ប្រជាពលរដ្ឋ​ឱ្យ​ថែទាំ​សុខភាព និង​ប្រុងប្រយ័ត្ន​អំពី​គ្រោះ​អគ្គីភ័យ​

204

​​ភ្នំពេញ៖ ​អភិបាលខណ្ឌ​៧​មករា​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​មួយចំនួន​ឱ្យ​ថែទាំ​សុខភាព ហូប​ស្អាត ផឹក​ស្អាត និង​ប្រុងប្រយ័ត្ន អំពី​បញ្ហា​គ្រោះ​អគ្គីភ័យ​ដែល​អាច​កើតមាន​ជាយថាហេតុ​ខណៈ​ធាតុអាកាស​ក្តៅ​ខ្លាំង​។​

លោក លឹម សុភា ប្រធានកិត្តិយស អនុសាខា​កាកបាទក្រហម​ខណ្ឌ និង​ជា​អភិបាលខណ្ឌ​៧​មករា​បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​បែបនេះ ក្នុង​ឱកាស​នាំយក​អំណោយ​ជា​សំភារៈ ស្បៀងអាហារ និង​ថវិកា របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា កម្ពុជា​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ទីទ័លក្រ ចំនួន ៦២​គ្រួសារ មកពី​សង្កាត់​វាលវង់​។​

​​​ក្នុង​ពិធី​ចែកជូន​នៅ​វត្ត​សំពៅ​មាស កាលពី​ចុង​សប្តាហ៍​នេះ​លោក លឹម​សុភា​ក៏បាន​បង្ហាញ​នូវ​មោទនភាព ដែល​ឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​កន្លងទៅ​ថ្មីៗ​នេះ សន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុង​ខណ្ឌ​៧​មករា​មិនមាន​ចោរ​គាស់​ផ្ទះ ហើយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ក៏​មិនមាន​ដែរ​។​លោក​បន្តថា អំណោយ​ដែល​នាំមក​ចែកជូន​នៅពេលនេះ ទោះបី មាន​ចំនួន​តិចតួច មិនអាច​ដោះស្រាយ​ឆ្លើយតប​នឹង​កង្វះខាត ជាច្រើន​ក៏ពិតមែន ប៉ុន្តែ​ វា​ពិត​បាន​ជួយ​សម្រាល​នូវ​ការលំបាក​ចំពោះមុខ​បាន​មួយ​គ្រា​ផងដែរ​។

​​​អំណោយ​ដែល​ចែក​ជូន​នោះ​គឺ​គ្រួសារ​នីមួយៗ ទទួលបាន​អង្ករ ៣០​គីឡូ​ក្រោម មី​១​កេស​,​ត្រីខ​១​យួរ​,​ក្រមា មុង ភួយ ហើយ​ក្រៅពីនេះ ព្រះសង្ឃ​គណៈកម្មការ​វត្ត​សំពៅ​មាស ក៏បាន​ចូលរួម​មាន​មុង ភួយ ខ្នើយ មី ត្រីខ ទឹកក្រូច បន្ថែម​ដល់​គ្រួសារ​នីមួយៗ​ផងដែរ​។​

​​​ជាមួយនេះ លោក​ក៏បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ខិតខំ​រក​ទទួលទាន​ជា​បន្តទៀត និង​បានលើកឡើង​អំពី​ការយកចិត្តទុកដាក់​គិតគូ​ជាប្រចាំ​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​តែងតែ​គិតគូ​អំពី​សុខទុក្ខ​ជីវភាព​រស់នៅ​និង​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ ជាពិសេស​ប្រជាពលរដ្ឋ​ទីទ័លក្រ រងគ្រោះ​និង​ងាយ​រងគ្រោះ ដោយ​ប្រការ​ផ្សេងៗ​៕