គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២​ខែ​ឧសភា​កើតឡើង​១០​លើក​ស្លាប់​២​នាក់​ និង​ របួស​ធ្ងន់​ស្រាល​២០នាក់

405

ភ្នំពេញ ៖​ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១០​លើក ក្នុង​នោះ​យប់ ៣​លើក បណ្ដាល​អោយ​មនុស្ស​ស្លាប់ ២​នាក់ ( ប្រុស ) រង​របួស​ធ្ងន់ ១៣​នាក់ ( ស្រី ៣​នាក់ ) និង​របួសស្រាល ៧​នាក់ (​ប្រុស ) ។​

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ១០​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ២០​គ្រឿង​ រួមមាន ម៉ូតូ​ចំនួន ៩​គ្រឿង​ រថយន្ត​ធុន​តូច ចំនួន ៩​គ្រឿង​ រថយន្ត​ធុន​ធំ ចំនួន ១​គ្រឿង​ គោយន្ត​ចំនួន​១​គ្រឿង ​និង​អ្នក​ថ្មើរជើង ១​នាក់ ។​

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា ​មូល​ហេតុ​ដែល​បណ្ដាល ​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ​៤​លើក ( ស្លាប់ ១​នាក់ ) ,​ស្រវឹង ១​លើក មិន​ប្រកាន់​ស្ដាំ ៣​លើក (​ស្លាប់ ១​នាក់​) និង​ប្រជែង​គ្រោះថ្នាក់ ២​លើក ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ៩​នាក់ ( យប់ ៤​នាក់ ) ។​

គ្រោះ​ថ្នាក់លើ​ដង​ផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៦​លើក ផ្លូវ​ខេត្ត ក្រុង ចំនួន ២​លើក និង​ផ្លូវលំ​ចំនួន ២​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៤​លើក រថយន្ត​ធុន​តូច ៤​លើក រថយន្ត​ធុន​ធំ ១​លើក និង​គោយន្ត ១​លើក ។​

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន រាជធានី​ភ្នំពេញ ២​លើក ស្លាប់ ១​នាក់ របួស ២​នាក់ ខេត្ត​កណ្ដាល​ ១​លើក ស្លាប់ ១​នាក់ និង​ខេត្ត​បន្ទាយមានជ័យ ២​លើក របួស ៤​នាក់ ( ស្រី ១​នាក់ ) ។​

ប្រភព​ព័​ត៌​មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២ ខែ​ឧសភា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ៣៦៩៥​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ១៥២២​គ្រឿង និង​ពិន័យ​សរុប ២១៧៣​គ្រឿង ៕​