ផ្តន្ទាទោស​អតីត​បុគ្គលិក​អង្គការ​ដាក់​ពន្ធនាគារ​៧​ឆ្នាំ​ពី​បទ​រំលោភ​ក្មេងស្រី​អាយុ​១៤​ឆ្នាំ

386

ភ្នំពេញ​ ៖ ​លោកស្រី យ៉េត ម៉ូ​លីន ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាឧទ្ធរណ៍ ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែឧសភា​ ឆ្នាំ​២០១៦​ បាន​ប្រកាស​សាលដីកា​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ទុក​ជាបានការ​ដដែល ​ពោលគឺ​ផ្តន្ទាទោស​អតីត​បុគ្គលិក​ផ្នែក​សន្តិសុខ​នៅ​អង្គការ KKEV​ម្នាក់ ដាក់ពន្ធនាគារ​៧​ឆ្នាំ ​ពីបទ​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង ​នឹង​ជនរងគ្រោះ ។

លោកស្រី​ចៅក្រម បញ្ជាក់ថា ​ជនជាប់ចោទ​មាន​សិទ្ធិ​ប្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ មួយខែ​ ប្រសិន​បើ​មិន​សុខ​ចិត្តនឹង​សេចក្តី​សម្រេច​នេះ ។​

មន្ត្រី​ពន្ធនាគារ ​បាន​ឲ្យ​ដឹងថា ជនជាប់ចោទ​ឈ្មោះ ទន់ ស៊ីណា អាយុ​៣៦​ឆ្នាំ ជាប់ចោទ​ពី​បទ​រំលោភ​សេពសន្ថវៈ​មាន​ស្ថាន​ទម្ងន់ទោស​ទាក់ទង​នឹង​ជនរងគ្រោះ តាម​មាត្រា​២៤១ ​នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​១០ ​ខែមេសា ឆ្នាំ​២០១៥ ​នៅ​ចំណុច​ក្នុង​បរិវេណ ទីតាំង​អង្គការ  ស្ថិតនៅ​ក្នុងភូមិ សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។​ចំណែក​ក្មេងស្រី​រង គ្រោះ​អាយុ​១៤​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៣ ​រៀន និង​ស្នាក់​នៅក្នុង​អង្គការ​ជាមួយគ្នា ។

ប្រភពព័ត៌មាន​ បាន​ឲ្យ​ដឹងថា​ មុនពេល​កើតហេតុ​ខណៈ កុមារី​រងគ្រោះ​កំពុង​អង្គុយ​មើល​ទូរទស្សន៍​នៅ​ជាន់​ផ្ទាល់​ដី​ក្នុង ​អង្គការ ពេលនោះ​ជនជាប់ចោទ​បាន​ដើរមក​ជិត​ក្មេង ស្រី​រួច​ងក់ក្បាល​៣​ដង​ដាក់​នាង ។ ក្មេងស្រី ងឿងឆ្ងល់​នឹង​ទង្វើ​របស់​ជន​នោះ​ក៏​ដើរ ​តាម​សួរនាំ​រហូតដល់​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ​ពី​កន្លែង​មើល​ទូរទស្សន៍ ។ ពេល​ឃើញ​ឱកាសល្អ​ជនសង្ស័យ​បាន​ចាប់ ​នាង​ឱប រួច​និយាយ​លួងលោម​ថា “​ស្រឡាញ់​ប៉ា​ឬទេ​” តែ​នាង​ពុំបាន​ឆ្លើយ តប​ឡើយ ។ បន្ទាប់មក​ជនសង្ស័យ​ក៏ បាន​នាំ​កុមារី​រងគ្រោះ​ឡើងទៅ​បន្ទប់ ​របស់គេ​រួច​ក៏​ធ្វើ​សកម្មភាព​រំលោភ​បានសម្រេច ។

​លុះដល់​ពេល​រសៀល​ក្រោយ​កើតហេតុ ក្មេងស្រី​រងគ្រោះ​ក៏បាន​និយាយ​រឿងនេះ ​ប្រាប់​អ្នកគ្រូ​របស់​នាង​ឈ្មោះ​ ម៉ែន សុគន្ធា ​ហើយ​អ្នកគ្រូ​ក៏​បាន​មក​រាយការណ៍​រឿង​ នេះ​ប្រាប់​លោកស្រី​ ឡេង ប៊ុណ្ណា ប្រធាន ​អង្គការ​ទើប​រាយការណ៍​ប្រាប់​នគរបាល​មូលដ្ឋាន​ឲ្យ​មក​ចាប់ខ្លួន​សន្ដិសុខ ​រូបនោះ​តែម្ដង ៕