សម្ដេច​តេ​ជោ​ ៖ ​កង្វះខាត​ទឹក​នៅតែ​ជា​បញ្ហា​ចោទ​នៅឡើយ ទាំង​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ និង​តាម​សាលារៀន​មួយ​ចំនួន​

200

ភ្នំពេញ ៖ ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅតែ​ព្រួយបារម្ភ ចំពោះ​ប្រជាពលរដ្ឋ​ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​។ តែ​យ៉ាង​ណា​ក្ដី​សម្ដេច​តេ​ជោ​ ក៏បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ទាំងអស់​បង្កើន​សកម្មភាព​បន្ថែម​ទៀត​ផង​ដែរ ក្នុង​ការ​ជួយ​ផ្គត់ផ្គង់​ទឹក​ជូន​ដល់​ប្រជាពលរដ្ឋ​នោះ​។​

ថ្លែង​នៅ​ក្នុង​សង្គម​ហ្វេ​ស​បុក​ផ្ទាល់​របស់​សម្ដេច​នា​ថ្ងៃ​ទី ៣ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន​បាន​លើក​ឡើង​ថា​កង្វះខាត​ទឹក​នៅតែ​ជា​បញ្ហា​ចោទ​នៅឡើយ ទាំង​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ និង​តាម​សាលារៀន​មួយ​ចំនួន​បើ​ទោះ​បី​ជា​មាន​ភ្លៀង​ធ្លាក់​ជា​បណ្ដើរ​ៗ​ហើយ​នោះ​។​ក្នុង​សង្គម​ហ្វេ​ស​បុក​ផ្ទាល់​របស់​សម្ដេច សរសេរ​ថា​«​ជួយ​គ្នា​ក្នុង​គ្រាក្រ ជាពិសេស​ក្នុងពេលដែល​ប្រជាពលរដ្ឋ​យើង​អត់​ទឹក​ទទួលទាន​គឺជា​ការ​បង្ហាញ​អោយ​ឃើញ​ច្បាស់​នូវ​ក្តី​ស្រឡាញ់ ចំពោះ​គ្នា​ទៅវិញទៅមក​ក្នុងនាម​ជាតិ​សាស​ន៍​តែមួយ​។ នៅ​ពេល​នេះ​កង្វះខាត​ទឹក​នៅតែ​ជា​បញ្ហា​ចោទ​នៅឡើយ ទាំង​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ និង​តាម​សាលារៀន​មួយ​ចំនួន​»​។​

សម្ដេច​បាន​លើក​ឡើង​ទៀត​ថា​«​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ​គឺ​មាន​ភ្លៀង​ធ្លាក់​បង្អុរ​ចុះ​មក​តិច​ច្រើន​ទៅតាម​តំបន់​នីមួយៗ​។ ភ្លៀង​ដែល​ធ្លាក់​មក​គឺ​មាន​ខ្យល់​កន្ត្រាក់​លាយឡំ ដែល​បង្ក​ការខូចខាត​ដល់​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ផង​ដែរ​។​» តែ​យ៉ាងណាក៏ដោយ​សម្ដេច​ក៏បាន​ស្នើ​ឲ្យ អាជ្ញា​ធរមាន​សមត្ថកិច្ច​យកចិត្តទុកដាក់​ជួយ​ប្រជាពលរដ្ឋ ជាពិសេស​ចំពោះ​ស្ត្រី​មេម៉ាយ កុមារ​កំព្រា ជន​ចាស់ជរា និង​ជន​ពិការ ​ដែល​ត្រូវការ​ទឹក​ទទួលទាន​ចាំបាច់​បំផុត​។ ជាមួយគ្នា​នោះ​សម្ដេច​ក៏បាន​ស្នើ​ឲ្យ​មានការ​ពិនិត្យ​តាម​សាលារៀន​ដែល​ត្រូវការ​ទឹក​សម្រាប់​កូនសិស្ស​ទទួលទាន និង សូម​អាជ្ញាធរ​ជួយ​បងប្អូន​ដែល​ត្រូវការ​ជំនួយ​សង្គ្រោះ​បន្ទាន់​មួយ​ចំនួន​ដែល​រង​ការខូចខាត​ផ្ទះសម្បែង​ដោយសារ​ខ្យល់ព្យុះ និង​ខ្យល់​កន្ត្រាក់​កាល​ពី​ពេល​ថ្មីៗ​នេះ​។ »

ខណៈ​នោះ​ដែរ​សម្ដេច​តេ​ជោ​ក៏បាន​ថ្លែងអំណរគុណ​សប្បុរសជន​ទាំងអស់​ដែល​បាន​និង​កំពុង​យកចិត្តទុកដាក់​ជួយ​បងប្អូន​រងគ្រោះ អោយ​ទទួល​បាន​នូវ​ទឹក​ទទួលទាន និង​មាន​ជម្រក​ស្នាក់នៅ​ឡើងវិញ​ទាន់​ពេល​វេលា​ផង​ដែរ​៕