មន្ត្រី​ក្រសួង​ធនធានទឹក និង​ធនាគារអភិវឌ្ឍន៍អាស៊ី ADB រួមគ្នា​ដោះស្រាយ​បញ្ហា​ទឹក​

305

ភ្នំពេញ៖ មន្ត្រី ក្រសួង​ធនធានទឹក និងធនាគារអភិវឌ្ឍន៍អាស៊ី ADB បាន​រួម​គ្នា​ បាន​បើក​សិក្ខាសាលា ដើម្បី​ពិភាក្សា​អំពី​ម៉ូ​ដែល​គណនី​ទឹក ថា​តើ​ម៉ូ​ដែល​នេះ អាច​ប្រើប្រាស់​នៅក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ដូចម្តេច ខណៈ​ដែល​ទឹក គឺជា​តំរូវការ ជា​មូលដ្ឋាន​របស់​មនុស្ស​។ ទឹក​មាន​សារៈសំខាន់​សម្រាប់​សន្តិសុខ​ស្បៀង ទប់ទល់​ផល​ប៉ះពាល់​ជា​អវិជ្ជមាន​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ការ​ផ្តល់​នូវ​ថាមពលវារីអគ្គីសនី ផង​នោះ​។

លោក សា​មិ​ល​លឺ តួ​គូ​ហ្វូ (Samiuela Tukuafu )​នាយក​ធនាគារអភិវឌ្ឍន៍អាស៊ី​ADB នៅក្នុង​សិក្ខាសាលា​នា​ថ្ងៃទី​០៣ ខែ ឧសភា ឆ្នាំ ២០១៦ នៅ​សណ្ឋាគារ​ភ្នំពេញ បាន​មានប្រសាសន៍ថា ប្រសិនបើ​ធនធានទឹក មិន​ត្រូវ​បាន​គេ គ្រប់គ្រង បាន​ល្អ​នោះទេ វា​បង្ក​ឱ្យមាន​ការ​លំបាក សម្រាប់​រាជរដ្ឋាភិបាល ដើម្បី​បន្ត​សម្រេច​បាន​នៅ​កំណើន​សេដ្ឋកិច្ចជាតិ​។​

ដោយ​យោង​ទៅលើ​បញ្ហា​ប្រឈម​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ជួបប្រទះ​ ក្នុង​ការ​គ្រប់គ្រង​ធនធានទឹក​នៅក្នុង​កម្ពុ​ជា ទើប​ធនាគារអភិវឌ្ឍន៍អាស៊ី​ADB បាន​និងកំពុង​ផ្តល់​ការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល ដើម្បី​កាត់បន្ថយ​ហានិភ័យ ដែល​ពាក់ព័ន្ធ និង ធនធានទឹក​ជាពិសេស​តាមរយៈ​គម្រោង​ជាច្រើន​។​

ឯកឧត្តម ថោ ជេដ្ឋា និង ឯកឧត្តម​ ទី ​សុគន្ធ បាន​ប្រសាសន៍​ដូចគ្នា​ថា ការរៀបចំ​ឲ្យ​មាន​សិក្ខាសាលា​អំពី​ទឹក នៅក្នុង​ប្រទេស កម្ពុជា គឺ​សំដៅ​គាំទ្រ​ការ​ធ្វើផែនការ​អភិវឌ្ឍន៍​ធនធានទឹក​កម្រិត​ជាតិ​តាមរយៈ ទី​១-​ការអនុវត្ត​កម្មវិធី WA plus ដើម្បី​ធ្វើ​ការ​ប៉ាន់​ស្មាន​ពី​សក្ដានុពល​ទឹក​និង​ការប្រើប្រាស់​ទឹក​ប្រចាំខែ ទាំង​ទឹក​លើ​ដី និង​ទឹក​ក្រោម​ដី​។​ទី​២-​ការ​បញ្ចប់​របាយការណ៍​ទឹក​កម្រិត​ជាតិ​សម្រាប់​ឆ្នាំ ២០១៤ ដោយ​ផ្តល់​ការ​យល់ដឹង​បន្ថែម និង​អនុសាសន៍​ដើម្បី​ធ្វើ​ឲ្យ​ការគ្រប់គ្រង​ទឹក​មាន​ភាព​ល្អប្រសើរ​។ ទី​៣-​ការ​បណ្តុះបណ្តាល និង​ការ​បង្កើន​សមត្ថភាព​ក្នុង​ការ​ប្រើប្រាស់ WA plus​។​

ឯកឧត្តម​បាន​បន្ត​ថា កម្ពុជា​កំពុង​ត្រូវការ​ជា​ចាំបាច់​នូវ​រាល់​ទិន្នន័យ ពាក់ព័ន្ធ​បញ្ហា​ទឹក តាមរយៈ​រូបភាព ពី​ផ្កាយ រណប និង​តាមរយៈ​ការប្រើប្រាស់​ម៉ូ​ដែល​ជលសា​ស្ត្រ​មួយចំនួន សម្រាប់​គ្រប់គ្រង​ប្រព័ន្ធ​ធារាសាស្ត្រ ក៏ដូចជា​អាង​ទន្លេ​នានា ដើម្បី​បង្កបង្កើនផល​កសិកម្ម និង​កាត់បន្ថយ​គ្រោះមហន្តរាយ​ដែល​កើតឡើង​ដោយសារ​បញ្ហា​ទឹក​។

ក្នុង​ឱកាស​នោះ​ផង​ដែរ​ ឯកឧត្តម​រដ្ឋ​លេខាធិការ​ បាន​ធ្វើការ​កោតសរសើរ​ចំពោះ​ធនាគារអភិវឌ្ឍន៍អាស៊ី អង្គការ​ស្បៀង និង​កសិកម្ម និង​អង្គការ​យូ​នី​ស្កូ​ ដែល​បាន​ផ្ដួចផ្ដើម​បង្កើត​កម្មវិធី​នេះ​ឡើង សំដៅ​លើក កម្ពស់​ការ​យកចិត្ត​ទុកដាក់​លើ​ការប្រើប្រាស់​ទឹក ទាំង​ទឹក​លើ​ដី និង​ទឹក​ក្រោម​ដី ហើយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម នឹង​ខិតខំ​សហការ​យ៉ាង​យកចិត្តទុកដាក់​ក្នុង​ការ​អនុវត្ត​កិច្ច​ការងារ​ទាំងនេះ​៕