កម្ពុជា​ស្នើ​ដល់​IAEA ជួយ​អភិវឌ្ឍន៍​លើ​វិស័យ​ថាមពលបរមាណូ​

215

ភ្នំពេញ ​៖​ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល ស្នើ​ដល់​ទី​ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ហៅ​កាត់ (IAEA) ពិនិត្យ​លទ្ធ​ជួយ​គម្រោង​សហប្រតិបត្តិការ​ដល់​ប្រទេស​កម្ពុជា លើ​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​វែង​ដើម្បី​រៀបចំ​ផែនការ​ជាតិ​អភិវឌ្ឍន៍​លើ​វិស័យ​បរមាណូ​។​

ឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ ​និង​ថាមពល​បាន​លើក​ឡើង​ក្នុង​សិក្ខាសាលា​ស្ដីពី​ ច្បាប់ ​និង​ការប្រើប្រាស់​ថាមពលបរមាណូ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៦​ថា​ពេលនេះ​ប្រទេស​កម្ពុជា​កំពុង​ប្រើប្រាស់​សារធាតុ​បរមាណូ​សម្រាប់​ការ​ព្យាបាល​រោគ​មហារីក ប្រើប្រាស់​សម្រាប់​វិភាគ​គុណភាព​ទឹក​ប្រើប្រាស់​នៅ​កំពង់ផែ​ប្រើ​នៅ​តាម​មន្ទីរ​ពិសោធន៍​ប​សុ​ព្យាបាល និង​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម​ជាដើម​។​ឯកឧត្ដម​បន្ត​ថា ក្នុង​នោះ​សម្រាប់​ឆ្នាំ​២០១៦​នេះ ក្រសួង​រ៉ែ និង​ថាមពល​បាន​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​នៅ​ក្នុង​ប្រទេស ដើម្បី​កែសម្រួល​ផែនការ​ជាតិ លើ​ការអភិវឌ្ឍន៍​ដោយ​ប្រើប្រាស់​បច្ចេកទេស​ថាមពលបរមាណូ សម្រាប់​រយៈពេល​៥​ឆ្នាំ គឺ​ឆ្នាំ​២០១៧២០២១​ផង​ដែរ ។​

ឯកឧត្ដម​ស្នើ​ឲ្យ​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ (IAEA) ពិនិត្យ​លទ្ធភាព​ជួយ​គម្រោង​សហប្រតិបត្តិការ​ដល់​ប្រទេស​កម្ពុជា លើ​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​វែង ជូន​មន្ត្រី​របស់​ប្រទេស​កម្ពុជា ពាក់ព័ន្ធ​លើ​វិស័យ​បរមាណូ ជួយ​សហការ​រៀបចំ​ផែនការ​ជាតិ​អភិវឌ្ឍន៍​លើ​វិស័យ​បរមាណូ សម្រាប់​ក្នុង​ទិសដៅ​នៃ​កិច្ចសហការ​រវាង​កម្ពុ​ជា​ជាមួយ​(IAEA) ឆ្នាំ​២០១៧២០២១​។​ក្រៅ​ពី​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏​ស្នើ​ឲ្យ​(IAEA)​ពិនិត្យ​គម្រោង​ការងារ​គ្រប់គ្រង​កាកសំណល់​បរមាណូ​ជា​បន្ត​ដោយ​បញ្ចូល​កម្ពុជា​ទៅ​ក្នុង​ការងារ​បណ្ដុះបណ្ដាល​លើ​ផ្នែក​រោងចក្រ​អគ្គិសនី​បរមាណូ​ទាំង​ការងារ​បច្ចេកទេស លើ​ដំណើរការ​ការពារ​សុវត្ថិភាព និង​សន្តិសុខ​។​

​​​សូម​បញ្ជាក់​ថា​សម្រាប់​ឆ្នាំ​២០១៦ កម្ពុជា​បាន​ទទួល​គម្រោង​ចំនួន​៣ គឺ​គម្រោង​រៀបចំ​ប្រព័ន្ធ​ច្បាប់ និង​បញ្ញត្តិ​ករ​គ្រប់គ្រង​វិស័យ​បរមាណូ​កាំរស្មី​វិទ្យុសកម្ម​របស់​ក្រសួង​រ៉ែ និង​ថាមពល គម្រោង​បង្កើន​ផលិតផល​សត្វ​ចិញ្ចឹម​របស់​ក្រសួងកសិកម្ម​និង​គម្រោង​ព្យាបាល​រោគ​មហារីក ដោយ​ប្រើប្រាស់​ម៉ាស៊ីន​បាញ់​កាំរស្មី​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត្រ នៃ​ក្រសួងសុខាភិបាល​ផង​ដែរ ៕