កម្ពុជា​គ្រោង​នឹង​ស្នើ​ភាគី​បារាំង​ពង្រឹង​គុណភាព​ផលិតផល​របស់​ខ្លួន​មុននឹង​នាំចូល​ទីផ្សារ​កម្ពុជា​

264

ភ្នំពេញ ៖ ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​កម្ពុជា​ គ្រោង​នឹង​ជួប​ជាមួយ​បណ្ដា​មន្ត្រី​ជំនាញ​របស់​ប្រទេស​បារាំង ​ស្នើ​ឲ្យ​គេ​ពង្រឹង​ការ​ត្រួត​ពិនិត្យ​គុណភាព​ផលិតផល​នានា​ដែល​ផលិត​នៅ​ប្រទេស​បារាំង​ឡើងវិញ មុននឹង​នាំចូល​មក​ទីផ្សារ​នៅ​កម្ពុជា​។

​​ក្នុង​ដំណើរ​ដឹកនាំ​មន្ត្រី​ជំនាញ​អន្តរក្រសួង​របស់​កម្ពុ​ជា ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​បារាំង រយៈពេល​៥​ថ្ងៃ ថ្ងៃ​ទី​៨ ខែ​ឧសភា ឯកឧត្ដម មៀ​ច សុផាន់​ណា​ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិត​ក្លែងក្លាយ ដែល​បង្ក​គ្រោះថ្នាក់​មាន​ហា​នី​ភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សង្គម នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្លែង​ថា បន្ទាប់ពី​ពិនិត្យ​មើល​ឃើញ​ថា​ មាន​ភាព​មិន​ប្រក្រតី​មួយ​ចំនួន​នៃ​ផលិតផល​របស់​ប្រទេស​បារាំង​ដែល​កំពុង​ចែកចាយ​នៅ​ទីផ្សារ​កម្ពុជា​និង​ដោយសារ​កម្ពុជា​ជា​ប្រទេស​ប្រើ​ប្រើប្រាស់​ផលិតផល​នាំចូល​ច្រើន​ដូច្នេះ​ត្រូវ​ទាមទារ​ឲ្យ​បណ្ដា​ប្រទេស​ដែល​នាំចូល​ផលិតផល​នោះ ត្រូវ​ពង្រឹង​គុណភាព​របស់​ខ្លួន ពិសេស​ផលិតផល​បារាំង​ដែល​នាំចូល​ភាគច្រើន​ផលិតផល​ថ្នាំពេទ្យ​ជាដើម បាន​កំពុង​ចរាចរណ៍​នៅ​ក្នុង​ទីផ្សារ​កម្ពុជា ដែល​មួយ​ភាគ​ធំ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មានការ​ទម្លាក់​គុណភាព​ ទម្លាក់​សា​ធាតុ​ផ្សំ ដែល​ធ្វើ​ឲ្យ​ប្រសិទ្ធិ​ភាព​ព្យាបាល​មានការ​ធ្លាក់​ចុះ ​ហើយ​ផលិតផល​ខ្លះ​ទៀត​ក៏​ត្រូវ​បាន​ធ្វើ​ដូច​គ្នា​នេះ​ដែរ​។​

ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​ជំនាញ​អន្តរក្រសួង​កម្ពុជា​ទៅកាន់​ប្រទេស​បារាំង​គិត​ចាប់ពី​ថ្ងៃ​ទី​៩​ដល់​ថ្ងៃ​ទី​១៣​ខែ​ឧសភា​នេះ​ឯកឧត្ដម​មៀ​ច​សុផាន់​ណា​នឹង​ដឹកនាំ​មន្ត្រី​ជំនាញ​កម្ពុជា​ចូល​ជួប​ពិភាក្សា​ការងារ​ផ្លាស់ប្ដូរ​បទពិសោធន៍ និង​ស្វែងយល់​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ជាមួយ​ក្រុមការងារ​ជំនាញ​របស់​ប្រទេស​បារាំង​ដែល​ធ្វើ​ការងារ​នៅ​ក្នុង​ក្រសួងមហាផ្ទៃ ក្រសួងការបរទេស តំណាង​ព្រឹទ្ធសភា​បារាំង ស្ថាប័ន​គយ និង​ស្ថាប័ន​តុលាការ និង​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផ​ផលិតផល​ក្លែងក្លាយ​របស់​ប្រទេស​បារាំង នឹង​បណ្ដា​ម្ចាស់​ផលិត​ផលិត​ដែល​ម៉ាក​យីហោ​ល្បី​ៗ​របស់​ប្រទេស​បារាំង​។​

យោង​តាម​របាយការណ៍​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​បញ្ជាក់​ថា ​ការអនុវត្ត​ច្បាប់​ចាប់​ទំនិញ​គេច​ពន្ធ​និង​ទប់ស្កាត់​ផលិតផល​ក្លែងក្លាយ​នាំ​ចូល​មក​កម្ពុជា បាន​កើត​ឡើង​ជាង​១​ម៉ឺន​២០០​ករណី ហើយ​បើ​គិត​ពី​ការ​បង់ពន្ធ​និង​ផាក​ពិន័យ​ទៅលើ​ទំនិញ​របស់​គយ​ក្នុង​ឆ្នាំ​២០១៥ គឺ​មាន​៦៥​ពាន់​លាន​រៀល ក្នុង​នោះ​មាន​ទំនិញ​ដូចជា​ភេសជ្ជៈ​គ្រប់​ភេទ ទំនិញ​ចម្រុះ​បារី ថ្នាំពេទ្យ ឡេ​លាប​ស្បែក​ថ្នាំ​ពៅ​រុក្ខជាតិ​ផ្លែ​ឈើ ដែល​មាន​រាប់ពាន់​តោន ៕​