មន្ត្រី​ជាន់ខ្ពស់​អះអាង​ថា កម្ពុជា​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​កាត់បន្ថយ​អត្រា​ចម្លង​មេរោគ​អេដស៍​

186

ភ្នំពេញ៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​ប្រកាស​ថា កម្ពុជា​ពិតជា​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​កាត់បន្ថយ​អត្រា​មេរោគ​អេដស៍ ដោយ​រំពឹង​ទុក​ថា កម្ពុជា​អាច​សម្រេច​បាន​នូវ​គោលដៅ​លុបបំបាត់​ជំងឺអេដស៍​នៅ​ត្រឹម​ឆ្នាំ ២០២៥ ព្រោះ​កម្ពុជា​កំពុងតែ​ដើរ​លើ​ផ្លូវ​ត្រូវ​។​

ប្រសាសន៍​បែបនេះ ​របស់​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អៀង មូលី គឺ​បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​តម្រង់​ទិស និង វាយតម្លៃ​គណៈកម្មាធិការ​សម្របសម្រួល​មូលនិធិ​សកល ដែល​រៀបចំ​នៅ​ព្រឹក​ថ្ងៃទី ១០ ខែឧសភា​នេះ​។​

ឯកឧត្តម​ថ្លែង​ថា នេះ​គឺជា​ឱកាស​ដ៏​ល្អ​ប្រពៃ​មួយ​ក្នុង​ការ​ផ្សព្វផ្សាយ និង ស្វែងយល់​ពី​មូលនិធិ​សកល រចនាសម្ព័ន្ធ និង ការ​ប្រព្រឹត្តទៅ​នៃ​ដំណើរការ​របស់​កម្មវិធី​នៃ​មូលនិធិ​នេះ​នៅ​ប្រទេស​កម្ពុជា​។

ក្នុង​នោះ កិច្ចប្រជុំ​នឹង​ធ្វើ​ការ​តម្រង់​ទិស ដោយ​ធ្វើការ​បង្ហាញ​ជូន​អំពី​រចនាសម្ព័ន្ធ និង មុខងារ​ជា​មូលដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​កិច្ច​ការងារ​មូលនិធិ​សកល​នៅ​កម្ពុជា និង ការ​ចាក់​បង្ហាញ​វីដេអូ​ស្តីអំពី​មូលនិធិ​សកល​ផង​ដែរ​។

ចំពោះ​ការវាយតម្លៃ​គណៈកម្មាធិការ​សម្របសម្រួល​នោះ នឹង​មាន​ការ​បញ្ជាក់​អំ​ពី​ភាព​ពេញ​សិទ្ធិ​របស់​គណៈកម្មាធិការ​សម្របសម្រួល និង ការវាយតម្លៃ​លើ​ការ​បំពេញ​ការងារ ព្រមទាំង​ការរៀបចំ​ផែនការ​កែលំអ​ការ​បំពេញ​ការងារ​ផង​ដែរ​។​

ក្នុង​ឱកាស​នោះ ឯកឧត្តម​ក៏បាន​ជំរុញ​ឲ្យ​ក្រុមការងារ​ពាក់ព័ន្ធ ទាំង​តំណាង​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍ មន្ត្រី​មូលនិធិ​សកល ឬ អង្គការសហប្រជាជាតិ ត្រូវ​តម្រូវ​ទិសដៅ​ទៅ​រក​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ អ្នក​ផ្ទុកមេរោគ​អេដស៍ ឬ អ្នក​រស់នៅ​ជាមួយ​អ្នក​ផ្ទុកមេរោគ​អេដស៍​។

ឯកឧត្តម​មានប្រសាសន៍​ថា អ្នកតំណាង​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ អ្នក​ផ្ទុកមេរោគ​អេដស៍ ឬ អ្នក​រស់នៅ​ជាមួយ​អ្នក​ផ្ទុកមេរោគ​អេដស៍ ត្រូវជា​អ្នកនាំពាក្យ​ពិតប្រាកដ​នៃ​ប្រជាពលរដ្ឋ​ទាំងនោះ​។

នេះ​បាន​ន័យ​ថា អ្នក​ទាំងនោះ គឺជា​អ្នកតំណាង​យ៉ាង​ពិត​ប្រាក​ដដែល​ត្រូវ​យល់ដឹង​ពី​ស្ថានភាព​របស់​ពួកគេ​យ៉ាង​ពិត​ប្រាកដ ត្រូវ​យល់ដឹង​ពី​តម្រូវការ និង បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ​ទាំងនោះ​ផង​ដែរ​។​

សូម​បញ្ជាក់​ថា ជំងឺអេដស៍​បាន​ចូល​មក​ក្នុង​ប្រទេស​កម្ពុ​ជា​អស់​រយៈកាល​ជាង ២០ ឆ្នាំ​មក​ហើយ ដោយ​វា​បាន​សម្លាប់ មនុស្ស​អស់​ប្រហែលជា ១២ ម៉ឺន​នាក់​៕