ជនជាតិ​ស្បែក​ខ្មៅ​ពីរ​នាក់​លេប​គ្រឿងញៀន​ជាង​មួយ​គីឡូក្រាម ជាប់គុក​មិន​ក្រោម​២០​ឆ្នាំ​

792

ភ្នំពេញ ​៖ ​ជនជាតិ​ស្បែក​ខ្មៅ​នី​ហ្សេ​រី​យ៉ា​ពីរ​នាក់ ដែល​ធ្វើ​សកម្មភាព​លេប​គ្រឿងញៀន​ប្រភេទ​កូកាអ៊ីន​ទម្ងន់​ជាង​មួយ​គីឡូក្រាម​ចូល​ក្នុង​ពោះ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្ដោះអាសន្ន កាលពី​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត​បន្ត​ទៀត ។​

មន្ត្រី​តុលាការ ថ្លែង​ថា ជនជាតិ​នី​ហ្សេ​រី​យ៉ា​ទាំងពីរ​នាក់​នេះ ត្រូវ​បាន លោកស្រី ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពី​បទ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន តាម​មាត្រា​៤០ ច្បាប់​ស្ដីពី​វិសោធនកម្ម​គ្រឿងញៀន ។ ជនល្មើស​ទាំងពីរ​នាក់​នឹង​ប្រឈមមុខ​នឹង​ការ​ជាប់​ពន្ធនាគារ​មិន​ក្រោម​២០​ឆ្នាំ នោះ​ទេ បើ​គិត​តាម​កម្រិត​ធាតុសុទ្ធ​នៃ​សារធាតុ​ញៀន ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ក់ ជី​តូ អគ្គ​ស្នងការ​រង​នគរ​បាលជាតិ ​ទទួល​ផែន​ការងារ​គ្រឿងញៀន បាន​ថ្លែង​ថា ជន​ជួញដូរ​គ្រឿងញៀន​ជនជាតិ​នី​ហ្សេ​រី​យ៉ា ចំនួន​២​នាក់​នេះ ត្រូវ​បាន​បង្ក្រាប និង​ចាប់ខ្លួន​ដោយ​គ្រឿងញៀន ប្រភេទ​កា​កូ​អី​ុ​ន ជាង​១​គីឡូក្រាម​ត្រូវ​បាន​ពួកគេ​លេប​ចូល​ក្នុង​ពោះ​។​

លោក​ឧ​ត្ត​ម​សេនីយ៍ បាន​បញ្ជាក់​ថា ជន​ជួញដូរ​គ្រឿងញៀន​ទាំង​២​នាក់ ត្រូវ​បាន​បង្ក្រាប​នៅ​ប្រលាន​យន្តហោះ​អន្តរជាតិ កាលពី​រសៀល​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ ដែល​ធ្វើឡើង​ក្រោម​ការ​បញ្ជា​ផ្ទា​ល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​។​

សមត្ថកិច្ច បញ្ជាក់​ថា ជនសង្ស័យ​ទី​១​ឈ្មោះ 0KAFOR IFEANYI ANTHONY និង​ទី​២​ឈ្មោះ ADIBE PASCHAL​។​

បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ ស៊ើបអង្កេត រក​ឃើញ​និង​ដកហូត ថ្នាំញៀន​ប្រភេទ កា​កូ​អ៊ី​ន ចំនួន ៧០ ដុំ ទ​ម្ង​ន់​១២៧៧​ក្រាម​៤១ ដែល​ជនល្មើស លេប​លាក់​ទុក​ក្នុង​ពោះ​៕​