សម្ដេច​តេ​ជោ​ អំពាវនាវ​ឲ្យ​មន្ទីរ​ទេសចរណ៍​ទាំងអស់​ត្រូវ​រៀបចំ​តំបន់​រមណីយដ្ឋាន​នានា​ឲ្យ​មាន​សណ្ដាប់ធ្នាប់​និង​អនាម័យ​បន្ថែម​ទៀត​

1823

ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើ​ការ​អំពាវនាវ​ដ​ល់​ប្រធាន​មន្ទីរ​ទេសចរណ៍​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ និង​ថែរក្សា​សណ្ដាប់ធ្នាប់​និង​អនាម័យ​តាម​តំបន់​រមណីយដ្ឋាន​នានា បន្ថែម​ទៀត​ដើម្បី​ធ្វើ​យ៉ាង​ណា​ដើម្បី​ធ្វើ​យ៉ាង​ណា​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​មក​ទស្សន​កាន់​តែ​ច្រើន​។​

ថ្លែង​តាមរយៈ​សង្គម​ហ្វេ​ស​បុក​ផ្ទាល់​របស់​សម្ដេច​នា​ថ្ងៃ​ទី​១៣ ខែ​ឧសភា ឆ្នាំ​២០១៦​នេះ ដោយ​បាន​បង្ហោះ​វិ​ដេ​អូ​​នៃ​រមណីយ​ដ្ឋា​ន​ប្រាសាទ​បាណន់​ដ៏​ល្បីល្បាញ​របស់​ខ្មែរ​ ដែល​ស្ថិតនៅ​ភាគ​ខាង​ត្បូង​និង​ចម្ងាយ​ពី​ខេត្ត​បាត់ដំបង​ជាង​២០​គីឡូម៉ែត្រ​ផង​នោះ​បាន​លើក​ឡើង​ថា​«​ប្រាសាទ​ភ្នំ​បាណន់ ​សូម​ស្វា​គម​ន៍​ ប្រាង្គ​ប្រាសាទ​នានា​នៅ​កម្ពុជា គឺ​បាន​បង្ហាញ​អោយ​ឃើញ​ពី​ភាព​អស្ចារ្យ​របស់​ប្រទេស​យើង​»​។​

សម្ដេច​បាន​បន្ត​ថា​«​នេះ​ជា​មោទនភាព​របស់​ខ្មែរ​គ្រប់​ៗ​រូប​។​ សូម​ចូលរួម​សិក្សា​ស្វែងយល់​អំពី​ស្នាដៃ​បុព្វបុរស​យើង និង​ចូលរួម​អភិរក្ស​ថែរក្សា​អោយ​បាន​គង់វង្ស​។​មន្ទីរ​ទេសចរណ៍​នៅ​តាម​តំបន់​រមណីយដ្ឋាន​នានា​ត្រូវ​រៀបចំ​ទីកន្លែង​អោយ​មាន​សោភ័ណ​ភាព​ល្អ ​មាន​អនាម័យ​ល្អ និង​មាន​សណ្ដាប់ធ្នាប់​រៀបរយ​ល្អ​។​»

សូម​រំលឹក​ថា​ប្រាសាទ​បាណន់​គឺជា​ប្រាសាទ​បុរាណ​ខ្មែរ ដែល​បាន​សង់​ឡើង​ក្នុង​សត​វត្សរ៍​ទី ១១ និង​ដើម​សត​វត្សរ៍​ទី​១២​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៧​។ ប្រាសាទ​នេះ​មាន​កំពូល​៥ ស្រដៀង​គ្នា​នឹង​ប្រាសាទ​អង្គរវត្ត​នៅ​ខេត្ត​សៀមរាប​ផង​ដែរ ហើយ​ត្រូវ​គេ​សង់​លើ​កូនភ្នំ​មួយ​មាន​កម្ពស់​ប្រមាណ​១០០​ម៉ែត្រ​ពី​ផ្ទៃដី ខាងក្រោម ហើយ​មាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​ចូល​ទស្សន​រាប់​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំៗ​។ ភ្នំ​បាណន់​គឺ​ស្ថិតនៅ​ភូមិ​បាណន់ ឃុំ​ក​ន្ទឹ​ង​២ ស្រុក​បាណន់ មាន​ចម្ងាយ​២៤​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​បាត់ដំបង​ភាគ​ខាង​ត្បូង​៕