អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ​នាំ​យក​ទឹក​ស្អាត​ចែក​ជូន​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ពញា​ពន់​

428

ភ្នំពេញ៖ ទោះបី​មាន​ភ្លៀង​កក់ខែ​ជា​បន្តបន្ទាប់​ក្តី​ក៏​បញ្ហា​ខ្វះខាត​ទឹក​ប្រើប្រាស់​នូវ​តែ​កើតមានឡើង​ដដែល ​នៅ​តាម​តំបន់​មួយចំនួន​ក្បែរ​រាជធានី​ភ្នំពេញ​។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ នៅ​ថ្ងៃទី​១៣​ខែឧសភា​ឆ្នាំ ២០១៦ អាជ្ញាធរ​ខណ្ឌ​ព្រែក​ព្នៅ បាន​នាំ​យក​ទឹក​ស្អាត​ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ព​ញ៉ាព​ន់​ចំនួន​៥​ភូមិ ក្នុង​មាន​ដូចជា ភូមិធំ​ត្បូង ត្រពាំង​ព្រីង ភូមិ​ស្រែ​ដូន​តូច ព្រៃ​ពង្រ និង​ភូមិ​វែង​។​

លោក​គូ អឿន ចៅសង្កាត់​ព​ញ៉ាព​ន់ មានប្រសាសន៍ថា ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ព​ញ៉ាព​ន់ ​ចំនួន​៥​ភូមិ ក្នុងចំណោម​៨​ភូមិ​ បាន​ខ្វះខាត​ទឹក​ស្អាត​ប្រើប្រាស់ ក្នុង​នោះ ​មាន​ភូមិធំ​ត្បូង​៤៥​គ្រូ​សារ ត្រពាំង​ព្រីង​៤៨​គ្រូ​សារ ភូមិ​ស្រែ​ដូន​តូច​២២​គ្រូ​សារ ព្រៃ​ពង្រ​៥៧​គ្រូ​សារ​និង​ភូមិ​បឹង​១០​គ្រូ​លោក​សារ​។

លោក​បាន​បញ្ជាក់​ថា ក្រុមការងារ​ភូមិភាគ​ពិសេស បាន​ចុះ​ជួយ​ផ្តល់​ទឹក​ស្អាត​ដល់​ប្រជាពលរដ្ឋ​ក្នុង​សង្កា​ត់ព​ញ៉ាព​ន់ ចាប់ពី​ថ្ងៃទី​៧​ខែមេសា​ឆ្នាំ​២០១៦ រហូតដល់​បច្ចុប្បន្ន ដោយ​ធ្វើ​សកម្មភាព រៀងរាល់​ចុង​សប្ដាហ៍ តែ​ទោះជា​យ៉ាងណា​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។​

លោក ​សុខ សម្បត្តិ​ អភិបាលខណ្ឌ​ព្រែក​ព្នៅ មានប្រសាសន៍ថា នេះ​មិន​មែនជា​លើកដំបូង​ទេ​ហើយក៏​មិន​មែន​ជា​លើក​ចុងក្រោយ​ដែរ សម្រាប់​សកម្ម​ភាព​ចុះ​ផ្តល់​ទឹក​ស្អាត​ជូន​ប្រពល​រដ្ឋ​ដែល​ខ្វះខាត​ទឹក​ស្អាត​សម្រាប់​ពិសារ និង​ប្រើប្រាស់ កន្លងទៅ​ដោយ​បាន​សហ​ការ​ជាមួយ​អង្គភាព​រដ្ឋា​ទឹក​ស្វយ័ត​រាជធានី​ភ្នំពេញ សាលា​ខណ្ឌ​ធ្លាប់​បាន​ចែក​ទឹក​ជូន​ប្រជាពលរដ្ឋ ជា​បន្តបន្ទាប់​នៅ​សង្កាត់​គោក​រការ និង ព​ន្សាំ​ង​។

​លោក​បន្ត​ថា ពេលនេះ​រដ្ឋាករ​ទឹកបាន​ដាក់​ធុង​ទឹក​ស្អាត​ចំណុះ​ពី​៤​ពាន់ ទៅ​៥​ពាន់​លីត្រ​នៅ​សង្កាត់​ទាំង​២​ខាងលើ ក្នុង​នោះ​ សង្កា​ត់​ពន្សាំង​១​គោលដៅ និង សង្កាត់​គោក​រការ​១​គោលដៅ​។ លោក​អភិបាល​បាន​បញ្ជាក់​ថា ចំពោះ​សកម្ម​ភាព​ចុះ​ចែក​ទឹក​ដល់​ប្រជា​ពល​នេះ នឹង​ធ្វើជា​បន្តបន្ទាប់​ទៀត ទៅតាម​តម្រូវការ​ចាំបាច់​រហូត​ដល់​មាន​ភ្លៀង​ធ្លាក់​គ្រប់គ្រាន់​។​

សូម​បញ្ជាក់​ថា សម្តេច​តេ​ជោ ​ហ៊ុន សែន​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវ​អោយ​ថ្នាក់​ដឹក​គ្រប់​ស្ថាប័ន​ទាំងអស់​យកចិត្តទុកដាក់​ធ្វើយ៉ាង​ណា​ផ្គត់ផ្គង់​ទឹក​ស្អាត​ជូន​ប្រជាពលរដ្ឋ ដែល​ជួប​បញ្ហា​ខ្វះខាត​ទឹក​គ្រប់​ខេត្ត​ទាំងអស់ ខណៈ​ដែល​ជួប​ភាពរាំងស្ងួត​នេះ​៕