អាល្លឺម៉ង់​ប្រកាស​កីឡាករ 27 បណ្ដោះអាសន្ន​សំបូរ​កីឡាករ​ក្មេងៗ​មុន​ទៅ Euro 2016

274

បាល់ទាត់៖ ​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​លោក Jaochim Loew បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ 27នាក់​បណ្ដោះអាសន្ន​មុន​ទៅ Euro 2016 នៅ​បារាំង​បូករួម​ជាមួយ​កីឡាករ​យុវជន​ក្មេងៗ​។ ​ខ្សែ​បំរើ Joshua Kimmich ខ្សែប្រយុទ្ធ Leroy Sane, Julian Weigl និង Julian Brandt ត្រូវ​បាន​កោះហៅ​ចូល​ក្រុម​ជម្រើសជាតិ​ថ្ងៃ​អង្គារ​ម្សិល​ម៉ិ​ញ​នេះ​ដោយ​គ្រូបង្វឹក Jaochim Loew​។

​​Leroy Sane វ័យ 20ឆ្នាំក៏​ធ្លាប់​លេង​អោយ​ក្រុម​ជម្រើសជាតិ​ពី​មុន​មក​ដែរ​ នៅពេល​ជួប​ក្រុម​បារាំង​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំមុន​។ គេ​ស៊ុត​បញ្ចូល​ទី​បាន 8គ្រាប់​រដូវ​កាល​នេះ​ជាមួយ Schalke 04 ទោះបីជា​មិនសូវ​ជាប់​ជំរើស 11 នាក់​ក៏ដោយ​។ ចំណែក​កីឡាករ​វ័យ 21ឆ្នាំ Joshua Kimmich ដែល​អាច​លេង​ទាំង​ខ្សែការពារ និង​ខ្សែ​បំរើ​នៅ Bayern Munich ធ្លាប់​ទទួល​បាន​ការ​កោត​សរសើរ​ពី​គ្រូបង្វឹក Pep Guardiola ផង​ដែរ​។ បន្ត​ទៀត​គឺ​កីឡាករ Julian Weigl ក៏​មាន​រដូវ​កាល​ល្អជា​មួយ Borussian Dortmund ផង​ដែរ​ដោយ​បញ្ចប់​លេខ​ពីរ​ក្នុង​រដូវ​កាល ខណៈ កីឡាករវ័យ 20 មួយ​រូប​ទៀត Julian Brandt រកបាន 9 គ្រាប់​នៅ Leverkusen​។

​​ដោយឡែក​កីឡាករ​ផ្សេងទៀត​ប្រធាន​ក្រុម​មាន​របួស Bastian Schweinsteiger ក៏​ស្ថិត​ក្នុង​បញ្ជី​លោក Joachim Loew ដែរ​បូករួម​ទាំង​សមាជិក​ភាគច្រើន​នៅ World Cup 2014 ដូចជា Mesut Ozil, Toni Kroos, Thomas Mueller និង​អ្នកចាំទី Manuel Neuer ជាដើម​។ យ៉ាងណាក៏ដោយ​កីឡាករ​នៅ World Cup 2014 ពីរ​រូប​មិន​ស្ថិត​ក្នុង​បញ្ជី​ឡើយ​គឺ Christoph Kramer និង Matias Ginter​។ ​នេះ​គ្រាន់តែ​ជា​ជំរើស​បណ្ដោះ​អាសន្ន 27 រូប​ប៉ុណ្ណោះ​របស់​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ ខណៈ​ដែល​នឹង​ត្រូវ​កាត់​នៅសល់ 23រូប​ដែល​នឹង​ប្រកាស​មែនទែន​នៅ​ថ្ងៃទី31 ចុងខែ​នេះ​។ ក្រុម​ជើងឯក​ពិភពលោក​អាល្លឺម៉ង់​ស្ថិត​ក្នុង​ពូ​ល C នៅ Euro 2016 ជាមួយ​អ៊ុយ​ក្រែ​ន, ប៉ូឡូញ និង​អៀក​ឡង់​ខាងជើង​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ