ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន អំពាវនាវ​ម្ចាស់​យានដ្ឋាន​ជួសជុល​និង​កែច្នៃ​ជិត ២​ពាន់​កន្លែង មក​ចុះបញ្ជី

271

ភ្នំពេញ៖ ជាថ្មី​ម្តង​ទៀត ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​ងាយស្រួល​នៅក្នុង​ការ​តាមដាន និង​គ្រប់គ្រង រដ្ឋមន្ត្រីក្រសួង សាធារណការ​និង​ដឹកជញ្ជូន បាន​អំពាវនាវ​ដល់​ម្ចាស់​យានដ្ឋាន​ជួសជុល និង​កែច្នៃ​យានយន្ត​ចំនួន ១.៩២៣​កន្លែង ដែល​មិនទាន់​ចុះ​បញ្ជិកា ឲ្យ​នាំគ្នា​ទៅ​ចុះបញ្ជី​ជាមួយ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។​

ជាមួយនឹង​ការ​អំពាវនាវ​ដល់​ម្ចាស់​យានដ្ឋាន​ជួសជុល និង​កែច្នៃ​យានយន្ត​ចំនួន ១.៩២៣​កន្លែង ឲ្យ​ចុះ បញ្ជិកា​នេះ​។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​មាន ប្រសាសន៍​បញ្ជាក់​សាជាថ្មី​បន្ត​ទៀត កាលពី​ថ្ងៃទី​១៧ ឧ​សភា ឆ្នាំ​២០១៦​កន្លង​ទៅនេះ គ្រា​ដែល​ឯកឧត្តម អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ផ្លូវជាតិ​ចំនួន ២​ខ្សែ ត​ភ្ជាប់​ពី​ខេត្តព្រៃវែង កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ​។

ឯក​ឩ​ត្ត​ម​ទេសរដ្ឋមន្ត្រី បាន​លើកឡើង​បន្ត​ថា ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​នឹង​កោះហៅ​ម្ចាស់​ក្រុមហ៊ុន ទាំងអស់​មក​ប្រជុំ ដើម្បី​អប់រំ​ទាក់ទង​នឹង​រថយន្ត​កែច្នៃ ដែល​កន្លងមក​មាន​រ​ថ​យន្ត​កែច្នៃ​មួយ​ចំនួនធំ បាន​បង្ក ឲ្យ​ខូច​ផ្លូវថ្នល់ ដែល​បញ្ហា​នេះ នៅតែ​ជា​កង្វល់​របស់​មហាជន ក៏ដូចជា​ក្តី​បារម្ភ​របស់​រដ្ឋាភិបាល​ផង​ដែរ​។

ស្របគ្នា​នេះ​ដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​បញ្ជាក់​បន្ថែម​ថា បើសិន​ជា​មាន​ម្ចាស់ យានដ្ឋាន​ជួសជុល និង​កែច្នៃ​យានយន្ត​ណា​មិន​ធ្វើតាម​ការណែនាំ​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន នោះ​ទេ ឯកឧត្តម​នឹង​បិទ​ក្រុមហ៊ុន​នោះ​ដោយ​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់​។​

គួរ​រម្លឹក​ថា កាលពី​ថ្ងៃទី​១២ ខែ​ឩ​សភា​កន្លងទៅ ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន បាន​រៀបចំ​កិច្ចប្រជុំ​​ពិភាក្សា​គ្នា​លើ​ការ​ពង្រឹង​វិធានការ​ទប់ស្កាត់​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់ កម្រិត​កំណត់ និង​ការកែច្នៃ ដំឡើង​យានយន្ត​ខុស​ស្តង់ដារ​បច្ចេកទេស គោលបំណង​ពិភាក្សា​គ្នា​រក​នីតិ​វិធី​ទប់ស្កាត់ ដើម្បី​បង្ក្រាប​ការ​ដឹក ទំនិញ​ហួសកំណត់​ដែល​ធ្វើ​ឲ្យ​ខូច​ផ្លូវថ្នល់​៕