សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជួបពិភាក្សា​ការងារ​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម ​និង​ប្រធានាធិបតី​រុស្សី​

269

ភ្នំពេញ៖ ក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ស៊ូ​ឈី​សហព័ន្ធ​រុស្ស៊ី​នៅ​រសៀល​ថ្ងៃទី​១៩​ឧសភា​ជាទី​ដែល​ប្រមុខ​រដ្ឋាភិបាល​ នៃ​ប្រទេស​ទាំងពីរ​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​២០​ឆ្នាំ​នៃ​ទំនាក់ទំនង​អាស៊ាន​រុស្ស៊ី សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​និង​សម​ភាគី​នាយករដ្ឋមន្ត្រី​វៀតណាម​ឯកឧត្តម​ង្វៀន​សួន​ហ្វ៊ុ​ក បាន​សន្យា​រួមគ្នា​ក្នុង​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​នៃ​ប្រទេស​ទាំង​បី​កម្ពុជា​វៀតណាម​ឲ្យ​កាន់តែ​រឹងមាំ​ទ្វេ​ឡើង​ថែម​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ មានប្រសាសន៍​សំដែង​នូវ​ការស្វាគមន៍​ ចំពោះ​ឯកឧត្តម​ង្វៀន​សួន​ហ្វ៊ុ​ក​ដែល​ត្រូវ​បាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​វៀតណាម​នៅក្នុង​មហាសន្និបាត​ម​ជ្ឈឹ​ម​បក្សកុម្មុយនិស្ដ​វៀតណាម​ ដែល​បាន​បញ្ចប់​ទៅ​កាលពីពេល​ថ្មីៗ​កន្លងទៅ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​បន្ត​ថា​ សម្តេច​មានការ​រីករាយ​យ៉ាងខ្លាំង​ក្នុង​ការ​ធ្វើទំនាក់ទំនង​ជាមួយ​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ ក្នុង​ការ​បំរើ​ឲ្យ​ផលប្រយោជន៍​ នៃ​ប្រទេស​និង​ប្រជាពលរដ្ឋ​ទាំងពីរ​កម្ពុជា​វៀតណាម​។​ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម​ ង្វៀន ​សួន​ហ្វ៊ុ​ក ​មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ជំនួប​ពិភាក្សា​ទ្វេភាគី​ជា​លើកដំបូង​ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បន្ទាប់ពី​ឯកឧត្តម ត្រូវ​បាន​ជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​វៀតណាម​។​

ឯកឧត្តម​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​បន្ត​ថា​ យើង​មាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​ប​ន្ព​ភា​ក្សា​ជាមួយគ្នា ​ក្នុងពេល​អនាគត​ពិសេស​ការ​ខិតខំ​រួមគ្នា​ក្នុង​ជំរុញ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម​សេដ្ឋកិច្ច ទេសចរណ៍វប្បធម៌​កីឡា ​ក្នុង​នោះ ​រួមទាំង​ការជំរុញ​ការ​តភ្ជាប់​សម្រាប់​ប្រទេស​ទាំងពី​សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​មាន​ទំហំ​ទ្វេ​ឡើង​ថែមទៀត​។

​ក្នុងជំនួប​ពិភាក្សាគ្នា​នោះដែរ​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​វៀតណាម​ក៏បាន​ធ្វើការ​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​តំបន់​និង​អន្តរជាតិ​ដែលមាន​ការយកចិត្តទុកដាក់​ដូចគ្នា​។​

បន្ទាប់ពី​បានបញ្ចប់​កិច្ចពិភាក្សា​ទ្វេភាគី​ជាមួយនិង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម​ង្វៀន​សួន​ហ្វ៊ុ​ក​រួចមក​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អញ្ជើញ​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​ឯកឧត្តម Vladimir PUTIN ប្រធានាធិបតី​សហព័ន្ធរុស្ស៊ី​។​

ឯកឧត្តម Vladimir PUTIN មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​វត្តមាន​ដ៏​ឧត្តុង្គឧត្តម​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ​បំផុត​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារ​និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​លើក​ទី​២០​ឆ្នាំ​នៃ​ទំនាក់ទំនង​អាស៊ាន​រុស្ស៊ី​នៅ​ទីក្រុង​ម៉ូ​ស្កូ​និង​ទីក្រុង​ស៊ូ​ឈី​សហព័ន្ធរុស្ស៊ី​។​ឯកឧត្តម​ប្រធានាធិបតី​មានប្រសាសន៍​បន្តថា​ព្រះរាជាណាចក្រ​កម្ពុជា​គឺជា​មិត្ត​ចាស់​របស់​សហព័ន្ធរុស្ស៊ី​ហើយ​សម្តេច​អគ្គ​មហា​សេប​តី​តេ​ជោ​ហ៊ុនសែន​គឺជា​មិត្ត​ដ៏​អាច​ទុកចិត្តបាន​ក្នុង​ការធ្វើទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ទាំង​ក្នុងពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត​។​

ជាការ​ឆ្លើយតប​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី​ដែល​បាន​អញ្ជើញ​រូប​សម្តេច​និង​គណៈប្រតិភូ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារ​និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​លើក​ទី​២០​ឆ្នាំ​នៃ​ទំនាក់ទំនង​អាស៊ាន​រុស្ស៊ី​នៅ​ទីក្រុង​ម៉ូ​ស្កូ​និង​ទីក្រុង​ស៊ូ​ឈី​សហព័ន្ធរុស្ស៊ី​។

​ជាមួយគ្នានេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​ឯកឧត្តម​ប្រធានាធិបតី Vladimir PUTIN ដែល​បាន​មានប្រសាសន៍​ចាត់ទុក​ព្រះរាជាណាចក្រ​កម្ពុជា​ជា​មិត្ត​ចាស់​និង​បានចាត់ទុក​រូប​សម្តេច​គឺជា​ដ៏​អាច​ទុកចិត្តបាន​ក្នុង​ការធ្វើទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ទាំង​ក្នុងពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។

​ក្នុងជំនួប​ពិភាក្សាគ្នា​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​អតីត​រដ្ឋាភិបាល​នៃ​សហភាពសូវៀត​ដែល​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​បន្ទាប់ពី​កម្ពុជា​បាន​រំដោះ​ចេញពី​របប​ប្រល័យពូជសាសន៍​ប៉ុលពត​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​បន្តថា​ប្រសិនបើ​មិនមាន​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​អតីត​សហភាពសូវៀត​ទេនោះ​គឺ​ពិតណាស់ថា​កម្ពុជា​ពិតជា​មិនអាច​មាន​ថ្ងៃនេះ​នោះទេ​នេះ​គឺជា​សច្ចៈ​ធម៌​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា​មិនអាច​បំភ្លេចបាន​។​ជាមួយគ្នានេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​ផងដែរ​ជូន​ចំពោះ​រដ្ឋាភិបាល​និង​ប្រជាជន​រុស្ស៊ី​ដែល​តែងតែ​បន្ត​ជួយ​ដល់​ប្រទេស​កម្ពុ​ជាពិសេស​ការផ្តល់​ជំនួយ​គ្រប់បែបយ៉ាង​ក្នុង​កសាង​ប្រទេស​ឡើងវិញ​ពី​គំនរ​ផេះផង​នៃ​ភ្លើងសង្គ្រាម​។​

ក្នុងជំនួប​ពិភាក្សា​ទ្វេភាគី​នោះដែរ​ឯកឧត្តម​ប្រធានាធិបតីរ​ស្ស៊ី Vladimir PUTIN និង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើការ​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​ពី​ការខិតខំ​ធ្វើយ៉ាងណា​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​រុស្ស៊ី​ឲ្យ​កាន់​តែមាន​ទំហំ​ទ្វេ​ឡើង​ថែមទៀត​ជាមួយគ្នានេះ​ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សាគ្នា​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​តំបន់​និង​អន្តរជាតិ​ដែល​មាន​យកចិត្តទុកដាក់​ដូចគ្នា​៕