លោក រ៉ុង ឈុន ​នឹង​ចូល​ទៅ​បំភ្លឺ​ក្នុង​តុលាការ ​ដោយ​មិន​ខ្លាច​ចំពោះ​ការ​ចាប់​ខ្លួន​

172

ភ្នំពេញ ៖ សមាជិក​គ..ប ​ដែល​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី គឺ​លោក រ៉ុង​ ឈុន ​អះអាង​ថា ​បើ​ថ្ងៃ​ណាមួយ​ដែល​តុលាការ​ដំបូង​បញ្ជាក់​ពី​ថ្ងៃ​ច្បាស់លាស់ ​តម្រូវ​ឲ្យ​ចូល​ទៅ​បំភ្លឺ​ នោះ​លោក​នឹង​ទៅតាម​ការ​កោះហៅ ដោយ​មិន​ខ្លាច​ចំពោះ​ការ​ចាប់​ខ្លួន​ឡើយ​។​

លោក​រ៉ុង​ ឈុន ​មិនបាន​សំដែង​ក្តី​ព្រួយបារម្ភ ជុំវិញ​ការ​បាត់​បង​តំណែង​នៅ​គ​ជ​ប​ទេ ព្រោះ​ការងារ​របស់​លោក​ធ្វើ​ដើម្បី​ជាតិ​គឺ​មាន​ច្រើន​មិនមែន​មានតែ​តំណែង​នេះ​មួយ​ទេ​។​

សំណួរ​សួរ​ថា ​តើ​ការ​កោះហៅ​នេះ ពាក់​ព័​ន្ឋ​នឹង​រឿង​នយោបាយ​ទេ​? លោក រ៉ុង ឈុន បញ្ជាក់​ថា រឿង​នេះ​លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ ​ទុក​ឲ្យ​ពលរដ្ឋ និង​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ យល់​ដោយ​ខ្លួនឯង​ចុះ​។​

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត លោក ហង្ស ពុទ្ធា លើក​ឡើង​ថា ស្ថាប័ន​គ​ជប មិន​មាន​សិទ្ធិ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃ​របស់​តុលាការ​ទេ ក្នុង​ករណី​លោក រ៉ុង ឈុន​នេះ​។ ទោះបី​ជា​ការ​មានការ​ដី​ការ​កោះហៅ និង​ចោទប្រកាន់​មក​លើ​សមាជិក​យ៉ាងណាក៏ដោយ ប៉ុន្តែ​មិនបាន​ប៉ះពាល់​ដល់​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ​២០១៦, ការបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​ឆ្នាំ​២០១៧ និង​ការបោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨​ខាងមុខ​នោះ​ទេ​។ តាម​លោក ហង្ស ពុទ្ធា លិខិត​របស់​តុលាការ​គឺ​បាន​បញ្ជូន​ទៅ​ឯកឧត្ដម រ៉ុង ឈុន អំពី​ករណី​ចោទប្រកាន់​ទៅលើ​រូប​គាត់ ហើយ​មិនបាន​បញ្ជូន​មក​គ​.​ជ​.​ប​ផ្ទាល់​នោះ​ទេ​។ ​

លោក រ៉ុង ឈុន ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ បញ្ជូន​សំណុំរឿង​ព្រហ្មទណ្ឌ​យក​ទៅ​ជំនុំជម្រះ ក្នុង​ករណី​ហិង្សា​កាលពី​អំឡុង​ឆ្នាំ​២០១៣២០១៤​។ លោក​ត្រូវ​បាន​តុលាការ​ចោទ​ថា ជា​អ្នកដឹកនាំ​ការ​ធ្វើ​បាតុកម្ម​របស់​ក​ម្មករក​ម្មការ​នី​ទាមទារ​ដំឡើង​ប្រាក់​ដល់​១៦០​ដុល្លារ​។ ក្នុង​សំណុំ​រឿង​នេះ ក្រៅពី​លោក​រ៉ុង ឈុន តុលាការ​ក៏បាន​ចោទ​លោក ប៉ាវ ស៊ីណា លោក ជា មុន្នី និង​លោក អាត ធន់ ជា​អ្នកដឹកនាំ​ការ​ធ្វើ​បាតុកម្ម​នេះ​ផង​ដែរ​។

សូម​ជម្រាប​ថា កាលពី​ថ្ងៃទី​២​ឧសភា តុលាការ​ដំបូង​ក៏​សម្រេច​បញ្ជូន​ខ្លួន លោក នី ចរិយា អគ្គ​លេខាធិការ​រង គ ជ ប ទៅកាន់​ព​ន្ឋ​នាគារ​ព្រៃ​ស ពី​បទ​សូក​ប៉ាក់​សាក្សី ពាក់​ព័​ន្ឋ​នឹង​រឿងអាស្រូវ​ភេទ​រវាង​ឯកឧត្ដម កឹម សុខា និង​នាង​ស្រីមុំ ​ផង​ដែរ​៕