លោក Lee និយាយ​ពី​បញ្ហា​ប្រឈម​ជុំវិញ​ការ​ប្រមូល​ក្រុម​ជម្រើសជាតិ ​ត្រៀម​ជួប​តៃវ៉ាន់​ដើមខែ​ក្រោយ​

477

បាល់ទាត់៖ លោក  Lee Tae Hoon គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ធ្វើ​ការ​ប្រមូលផ្ដុំ​កីឡាករ​ហ្វឹក​ហាត់​ថ្ងៃ​ដំបូង​នៅ​ថ្ងៃទី​២៣ ខែឧសភា​ម្សិលមិញ ដើម្បី​ត្រៀម​ចូលរួម​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Asian Cup UAE 2019 ជាមួយនឹង​ក្រុម​ជម្រើសជាតិ​តៃវ៉ាន់នា​ថ្ងៃទី​០២ ខែមិថុនា​ខាងមុខ​។ ប៉ុន្តែ​លោក​បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​មួយចំនួន ដែល​ធ្វើ​ឲ្យ​លោក​ព្រួយបារម្ភ​ពី​គុណភាព​កីឡាករ​មុននឹង​ការប្រកួត​ផ្លូវការ​មកដល់។
Th7
គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូង​រូប​នេះ បាន​ថ្លែង​អំឡុង​ពេល​ដឹកនាំ​កូនក្រុម​ហ្វឹកហាត់​ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​កាលពី​ល្ងាច​មិញ​ថា ការ​ប្រមូលផ្ដុំ​កីឡាករ​ហ្វឹកហាត់​លើក​នេះគឺ​មាន​រយៈពេល​ខ្លី ខណៈ​លី​គ​កំពូល​កម្ពុ​ជា​មាន​កម្មវិធី​ប្រកួត​យ៉ាង​មមាញឹក​ទៀត ហេតុនេះ​កីឡាករ​មាន​បញ្ហា​របួស​ច្រើន ហើយ​ថែមទាំង​ហត់នឿយ​ទៀត​ផង​។ ដូច្នេះ​លោក​មិនទាន់​រំពឹង​ថា ទទួល​បាន​លទ្ធផល​យ៉ាង​ណា​នៅពេល​ជួប​ក្រុម​តៃវ៉ាន់​ឡើយ​។​ លោក Lee បាន​បន្ត​ថា ទោះជា​យ៉ាងណាលោក​ជឿជាក់​លើ​ឆន្ទៈ​កីឡាករ​ជម្រើសជាតិ​កម្ពុជា ដែល​សុទ្ធ​សឹង​ជា​អ្នកមាន​សមត្ថភាព ហើយ​ពួកគេ​ត្រូវ​ឆ្លងកាត់​ការប្រកួត​មិត្តភាព ២​លើក​មុននឹង​ជួប​តៃវ៉ាន់នៅ​ថ្ងៃទី​០២ ខែមិថុនា​ខាងមុខ ក្នុង​នោះ​ក៏​មាន​ជំនួប​មិត្តភាព​អន្តរជាតិ​ ជាមួយ​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើតនៅ​ថ្ងៃទី​២៩ ខែមិថុនា​ខាងមុខ​ផង​ដែរ។ នេះ​ជា​ការ​ប្រកួត​មួយ​ដ៏​សំខាន់ ដែល​ក្រុម​ម្ចាស់ផ្ទះ​កម្ពុជាត្រូវ​បញ្ចេញ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​បង្ហាញ​ពី​ភាព​ខ្លាំង​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា៕
អត្ថបទ លី ឈុន​ឡា