ឯកឧត្តម ហ៊ុន​ ម៉ា​នី​ ប្រគល់​អណ្តូង​ទឹក​ទាំង​១៤​ ដែល​ជា​អំណោយ​របស់​ប្រទេស​ចិន​ ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ស្ពឺ​

291

កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ា​នី តំណាងរាស្ត្រ ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៥ ខែ មិនា ឆ្នាំ​២០១៦​បាន​ប្រគល់​អណ្តូង​ទឹក​១៤ ​ដែលជា​អំណោយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ស្ពឺ​។

ជំទាវ ពូ ជៀន​គ័​រ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​មានប្រសាសន៍ថា អណ្តូង​ទឹក​ទាំង​១៤ ដែល​ជា​អំណោយ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ផ្តល់​ជូន​ប្រជាពលរដ្ឋ​នៅ ខេត្តកំពង់ស្ពឺ​នេះ បាន​កើត​ចេញ​ចំណងមិត្តភាព សាមគ្គីភាព​រវាង​កម្ពុ​ជា និង​ចិន ហើយដោយ​មើលឃើញ​ពី​ភាពរាំងស្ងួត​ប្រជាពលរដ្ឋ​គ្មាន​ទឹក​ប្រើប្រាស់ ទើប​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានសម្រេច​ផ្តល់​ថវិកា​ជីក​អណ្តូង​ទឹក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​តាមរយៈ​ស្ថានទូត​ចិន​នៅ​កម្ពុជា​។

ឯកឧត្តម ហ៊ុន​ ម៉ា​នី បាន​មានប្រសាសន៍ថា អំណោយ​អណ្តូង​ស្នប់​ទាំង​១៤​ដែល​រដ្ឋាភិបាល​ចិន​ផ្តល់​ជូន​ខេត្តកំពង់ស្ពឺ​នេះ គឺជា​អំណោយ​មួយ​ដ៏​មាន​សារៈ​សំខាន់​បំផុត ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្តកំពង់ស្ពឺ​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់ ដោយសារតែ​ភាពរាំងស្ងួត ហើយ​ការ​ជួយ​ផ្តល់​ជា​អណ្តូង​ទឹក​នេះ ​វា​ក៏​ជា​ការ​ចូលរួម​យ៉ាង​ធំ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍន៍​មូលដ្ឋាន​។

ឯកឧត្តម​ បាន​បន្តទៀត​ថា អណ្តូង​ទឹក​ផ្តល់ជូន​ប្រជាពលរដ្ឋ​ទាំង​១៤​នេះ មិន​គ្រប់គ្រាន់​នោះទេ ក្រុមការងារ​នៅតែ​បន្ត​ស្តារអណ្តូង ស្តារ​ស្រះ​ចាស់​ឡើងវិញ និង​ជីក​ស្រះ​បន្ថែម​ទៀត ​ជូន​ប្រជាពលរដ្ឋ ដើម្បី​ការពារ​នូវ​ភាពរាំងស្ងួត ជៀសវាង​ប្រជាពលរដ្ឋ​គ្មាន​ទឹក​ប្រើប្រាស់ ហើយ​គម្រោង​ស្តារអណ្តូង ស្តារ​ស្រះ និង​ជីក​ស្រះ បន្ថែម​នេះ គឺជា​កា​គិ​តគូ​ដល់​សុខ​ទុក និង​កង្វះខាត​របស់​ប្រជាពលរដ្ឋ ពីស​ម្តេច អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ដែល​ជា​ប្រមុខ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ។​

គួរ​បញ្ជាក់​ថា អំណោយ​អណ្តូង​ទឹក ទាំង​១៤​នេះ បាន​ផ្តល់​ជូន​ស្រុក​ចំនួន​៧ នៅក្នុង​ខេត្តកំពង់ស្ពឺ ហើយ​គម្រោង​នេះ​បាន​ប្រើប្រាស់​ថវិកា​សរុប​ចំនួន​២៨,០០០​ដុល្លា​អាមេរិក ដែល​បច្ចុប្បន្ន​អណ្ដូង​នេះ​បាន​ដំណើរ​ការ​ជីក​ជូន​ប្រជាពលរដ្ឋ​រួចរាល់​បាន​ចំនួន​៩​អណ្ដូង​ហើយ​៕