គណបក្ស​ប្រជាជន​កម្ពុជា​ ត្រូវការ​ពង្រឹង​សន្តិភាព​ជូន​ប្រជាពលរដ្ឋ​

354

​​ភ្នំពេញ៖ ​នេះ​ជា​ការ​លើកឡើង​របស់ ឯកឧត្ដម កើត មៀ​ច សមាជិក​គណៈកម្មាធិការ​បក្ស​ប្រជាជន​កម្ពុជា ក្រសួងសុខាភិបាល ថ្លែង​ក្នុង​ឱកាស​បើក​វគ្គ​អប់រំ​នយោបាយ​ដល់​សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា មូលដ្ឋាន​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរសូវៀត នា​ព្រឹក​ថ្ងៃទី​២៨ ខែ​ឧសភា​នេះ នៅ​ស្នាក់​ការ​កណ្ដាល​គណបក្ស​ប្រជា​ជន​កម្ពុជា​។​

​​​ឯកឧត្ដម លើក​ឡើង​ថា ​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​កំណត់​ហើយ​ថា​ សុខ​សន្តិភាព​ជា​កត្តា​សំខាន់ ដូចនេះ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​អនុញ្ញាតិ​អោយ​មាន​ការ​បង្ក​អស្ថិរភាព​ពី ក្រុម​ណាមួយ​ឡើយ​។

កាលណា​មាន​សន្តិភាព​សេរីភាព​យើង​ធ្វើ​អ្វី​បាន​ទាំងអស់ គឺ​យើង​បាន​អភិវឌ្ឍន៍​ប្រទេស​បាន​រីកចម្រើន និង​មានការ​ទទួលស្គាល់​ពី​អន្តរជាតិ អនុវត្ត​លទ្ធិប្រជាធិបតេយ្យ មាន​សេរីភាព ក្នុង​ការ​បញ្ចេញមតិ ប៉ុន្តែ ​ការ​បញ្ចេញមតិ​ក៏​វា​មានច្បាប់​របស់​វា​ដែរ គឺ​អ្វីៗ​ស្ថិត​នៅ​ក្រោម​ច្បាប់ ត្រូវតែ​គោរព​ច្បាប់​។

​​​ឯកឧត្ដម​បន្ត​ថា សព្វថ្ងៃ​កម្ពុជា​បាន​ក្លាយ​ពី​ប្រទេស​មាន​ចំណូល​ទាប ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កំរិត​ទាប មាន​កំណើន​សេដ្ឋកិច្ច​រង្វង់​៧% ពី​ប្រទេស​ធ្លាប់​ទទួល​ជំនួយ ទៅជា​ប្រទេស​សល់​ស្បៀង​សម្រាប់​នាំចេញ និង​បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ រហូតដល់​ជនបទ​ដាច់ស្រយាល បាន​បញ្ជូន​កំលាំង​ដោះ​មីន​ទៅ​ក្រៅប្រទេស​ក្រោម​ឆ័ត្រ​របស់​អង្គការសហប្រជាជាតិ​ជាច្រើនលើក​ទៀត​ផង​។

​​​ក្នុង​ចំណុច​ទី​៩​របស់​មហាសន្និបាត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​អំពាវនាវ​ដល់​គណបក្ស​គ្រប់​ថ្នាក់​គ្រប់​ផ្នែក មន្ត្រី​និង​សមាជិក សមាជិកា​គណបក្ស​គ្រប់រូប​សូម​ប្រកាន់ខ្ជាប់​ស្មារតី​សាមគ្គីភាព ឯកភាព​ខ្ពស់ ហើយ​ខិតខំ​អនុវត្ត​រាល់​ទិសដៅ​ភារកិច្ច​ដែល​មហាសន្និបាត​ បាន​លើកឡើង​អោយ​បាន​សម្រេច ដែល​ឆ្លើយតប​ទៅ​និង​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន ធ្វើអោយ​គណបក្ស​កាន់តែ​ខិត​ជិត​ផ្សារភ្ជាប់​ជាមួយ​ប្រជាជន​និង​កាន់តែ​ទទួល​បាន​ជំនឿ និង​ការ​គាំទ្រ​ពី​ប្រជាជន​។

គណបក្ស​ប្រជាជន​កម្ពុជា​ដំណើរ​ការកែទម្រង់​ដ៏​ទូលំទូលាយ​និង​ស៊ី​ជំរៅ​ ដែល​ត្រូវ​បាន​អនុវត្ត​ និង​កំពុង​អនុវត្ត​ប្រកបដោយ​ផ្លែផ្កា​ដោយ​កំណត់​ថា កំណែទម្រង់ ​គឺជា​ការងារ​ដ៏​មាន​សារ​សំខាន់​បំផុត​សម្រាប់​អាយុជីវិត​របស់​ជាតិ និង​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

យើង​ជា​សមាជិក​គណបក្ស​ត្រូវ​ក្តាប់​ជាប់ គោលការណ៍ ​នៃ​កំណែ​ទំរង់ ​ដែល​បាន​លើកឡើង​ក្នុង​មហាសន្និបាត ហើយ​ចូលរួម​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​បំផុត ធ្វើអោយ​ដំណើរការ​កែទម្រង់​កាន់តែ​បាន​លឿន កាន់​តែ​មាន​ប្រសិទ្ធភាព និង​ជា​ចលនា​រួម​ដ៏​ខ្លាំងក្លា​របស់​សង្គមជាតិ​៕