គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២៩​ខែ​ឧសភា​កើតឡើង​១១​លើក​ស្លាប់​៤​នាក់​របួសធ្ងន់​ស្រាល​១៦​នាក់​

335

ភ្នំពេញ ៖​យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ១១​លើក (​យប់ ៥​លើក​) បណ្ដាល​អោយ​មនុស្ស​ស្លាប់ ៤​នាក់ ( ស្រី ១​នាក់ ) រង​របួស​ធ្ងន់ ៩​នាក់ ( ស្រី ៤​នាក់ ) និង​របួសស្រាល ៧​នាក់ ( ស្រី ២​នាក់ ) ។ នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ១១​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ១៩​គ្រឿង រួមមាន ម៉ូតូ​ចំនួន ១០​គ្រឿង រថយន្ត​ធុន​តូច ចំនួន ៧​គ្រឿង រថយន្ត​ធុន​ធំ ចំនួន ២​គ្រឿង និង​អ្នក​ថ្មើរជើង ១​នាក់ ។​

ប្រភព​ព័​ត៌​មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ៦​លើក ( ស្លាប់ ២​នាក់​) , ស្រវឹង ៣​លើក ( ស្លាប់ ២​នាក់ ) ,​មិន​ប្រកាន់​ស្ដាំ ១​លើក ,​និង​ប្រជែង​គ្រោះថ្នាក់ ១​លើក ។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១១​នាក់ ( យប់ ៥​នាក់ ) ។​

គ្រោះថ្នាក់​នៅ​លើ​ដង​ផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៨​លើក និង​ផ្លូវ​ខេត្ត​-​ក្រុង ចំនួន ៣​លើក ដោយឡែក​យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៤​លើក រថយន្ត​ធុន​តូច ៥​លើក និង​រថយន្ត​ធុន​ធំ ២​លើក ។​

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់ រួមមាន ខេត្ត​កំពង់ធំ ២​លើក ស្លាប់ ២​នាក់ ( ស្រី ១​នាក់ ) របួស ២​នាក់ ខេត្ត​កំពង់ចាម ២​លើក ស្លាប់ ១​នាក់ របួស ២​នាក់ និង​ខេត្ត​កំពត ១​លើក ស្លាប់ ១​នាក់ ។​

ប្រភព​ព័​ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ២១៥៨​គ្រឿង ក្នុង​នោះ​បានធ្វើ​ការអប់រំ​ចំនួន ៩៣៤​គ្រឿង និង​ពិន័យ​សរុប ១២២៤​គ្រឿង ៕​