អាវុធហត្ថ​ខេត្តក្រចេះ​កំពុង​ស្រាវជ្រាវ​រក​ចាប់ខ្លួន ​ម្ចាស់​រថយន្ត​យី​ឌុប ​ដឹកឈើ​ប្រណិត​ធ្នង់​៦៥​ម៉ែត្រ គូប​ បង្កប់​ក្រោម​បាវ​អង្កាម​

641

​ក្រចេះ  ៖ ​មន្ត្រី​អាវុធហត្ថ​ខេត្តក្រចេះ បានឱ្យដឹងថា កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​ ស្វែងរក​ចាប់ខ្លួន​ម្ចាស់ ​រថយន្ត​យី​ឌុប​ចំនួន​២​គ្រឿង ​ដែល​មាន​ដឹកជញ្ជូន​ឈើប្រណិត​ធ្នង់ ​៦៥​ម៉ែត្រ​គីប​ បង្កប់​ក្រោម​បេ​អង្កាម ​ដឹក​ចេញពី​ខេត្តស្ទឹងត្រែង​ ដើម្បី​មាន​ចំណាត់ការ ។

ពលរដ្ឋ​សារ​ទរ​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ ​តែ​គេ​មិន​រំពឹងថា​ អាជ្ញាធរ​អាច​ចាប់ខ្លួន​ថៅកែ​ឈើ​នោះបានទេ​ ទោះបីជា​អាជ្ញាធរ​បាន​ស្គាល់​ពី​សាវតារ​ថៅកែ​ឈើ​នោះ​ក្តី ​ព្រោះ​កន្លងមក​ការ​ចាប់​បង្ក្រាប​ រាល់​បទ​ល្មើស​ព្រៃឈើ​ គឺ​សមត្ថកិច្ច​បាន​ត្រឹមតែ​ចាប់​ឃាត់​ជន​ជា​អ្នកបើកបរ​ឬ​ព្រូ​រថយន្ត​តែប៉ុណ្ណោះ ​ចំណែក​អ្នក​នៅ​ពីក្រោយ​ខ្នង ​ឬ​អ្នក​ពាក់​ព័ន្ធ និង ថៅកែ​ឈើ​ធំៗ គឺ​រួច​ផុត​ពី​សំណាញ់​ច្បាប់​រហូត ​ហើយ​អាច​បន្ត​ការ​រ​ក​ស៊ី​ដឹកជញ្ជូន​ឈើ​បាន​ធម្មតា ។

សូមបញ្ជាក់ថា រថយន្ត​ធុន​ធំ​ប្រភេទ​យី​ឌុប​២​គ្រឿង ​ដែលមាន​លួច​ដឹកឈើ​ប្រណិត​ធ្នង់​៦៥​ម៉ែត្រ​គីប ដឹង​បង្កប់ ​ដោយ​ដាក់​បេ​អង្កាម​ពីលើ ឈើ​ពីក្រោម ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ សាន្ត​ ប៊ុន​ថា​ន​ មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ​ដឹកនាំ​កម្លាំង​ចាប់​បង្ក្រាប​បាន​កាល​ពី​យ​ប់​រំលង​អា​ធ្រា​ត្រ ​ ថ្ងៃទី​២២​ខែឧសភា​ឆ្នាំ​២០១៦​ថ្មីៗ​នេះ ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ​នៅមុខ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ស្រុក​ចិត្រ​បុរី ។

ការបង្ក្រាប​នេះ​ គឺ​យោងទៅតាម​ការបញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​ សៅ​ សុខា ​មេ​បញ្ជា​ការ​អាវុធហត្ថ​ លើ​ផ្ទៃ​ប្រទេស​ និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​។​ជាមួយ​ និង​ការ​ចាប់​ឃាត់​រថយន្ត​យី​ឌុប ​ដឹកឈើ​ប្រណិត​បង្កប់​ក្រោម​បេ​អង្កាម ​នា​យប់នោះ​គឺ​សមត្ថកិច្ច​ បាន​ចាប់​ឃាត់ខ្លួន​ អ្នកបើកបរ​រួម​និង​ព្រូ​រថយន្ត​៥​នាក់​ ក្នុងនោះ​មាន​ម្នាក់​ជា​ជនជាតិ​វៀតណាម ​ហើយ​បាន​នាំខ្លួន ​មក​សាកសួរ​នៅ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្តក្រចេះ ។

​ក្រោយពី​ធ្វើ​សាកសួរ​ជន​ដែល​ត្រូវ​ឃាត់ខ្លួន​ទាំង​៥​នាក់​នោះ​រួចមក​លោក​វរៈសេនីយ៍ទោ ​ឡុង​ យឹ​ង​នាយការិយាល័យ​ស្រាវជ្រាវ ​យុ​ត្តិ​ធ​ម៌ នៃ​ទីបញ្ជាការ​រដ្ឋា​ន​អាវុធហត្ថ​ខេត្តក្រចេះ ​បាន​ឲ្យ​ដឹងថា​ ដោយ​យោង​តាម​ចម្លើយសារភាព ជន​ទាំង​៥​នាក់​នោះ ឈើ​ទាំងនេះ​ជា​ឈើ​របស់​ឈ្មួញ​ជនជាតិ​វៀតណាម​ម្នាក់ ឈ្មោះ ហេង សំនៀង ​ហៅ​យាយ​ ព្រឿង រស់នៅក្នុង​ភូមិ​បា​ចុង​សង្កាត់​ព្រះបាទ​ក្រុង​ស្ទឹងត្រែង​ខេត្តស្ទឹងត្រែង​។
​លោក ​បន្តថា ឈើ​ទាំងនេះ ​គឺ​បាន​ដឹក​ចេញពី​ចំនុច​អូរ​ច្រឡង់ ​ក្នុង​ខេត្តស្ទឹងត្រែង បំណង​ឆ្ពោះ​ដឹក​ចូលទៅ​ស្រុក​មេ​ម៉ត់​ខេត្ត​ត្បូងឃ្មុំ ហើយ​បន្ត​នាំ​ចេញទៅ​លក់​នៅ​ប្រទេសជិតខាង​ ។

​ប្រភពពី​ខេត្តស្ទឹងត្រែង​ បាន​និយាយថា ​ឈ្មួញ​ជនជាតិ​វៀតណាម​នោះ ​ជា​ឈ្មួញ​រកស៊ី​ឈើ​ដុះ​ស្លែ​ប្រចាំខេត្ត​មួយ​នេះ ​ហើយ​កន្លងទៅ​គណៈកម្មការ​ថ្នាក់​ជាតិ បាន​ឡោម​ព័ទ្ធ​ឃ្លាំង​ឈើ​ហើយ​រកឃើញ​ឈើ​ល្មើសច្បាប់​រាប់​សិប​ម៉ែត្រគូប និង​បាន​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ ​កាលពីដើម​ខែកុម្ភៈ ឆ្នាំ​២០១៦​កន្លងទៅនេះ ៕

btvnews(30-05-2016(7)