កម្ពុជា​គ្រោង​ចូល​ជា​សមាជិក​សន្ធិសញ្ញា​សហ​ប្រតិបត្តិការ​ប្រកាសនីយបត្រ​តក្កកម្ម​

314

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ថ្លែង​ឲ្យ​ដឹង​ថា កម្ពុជា​កំពុង​សិក្សា​អំពី​ការ​ចូល​ជា​សមាជិក​សន្ធិសញ្ញា​សហ​ប្រតិបត្តិការ​ប្រកាសនីយបត្រ​តក្កកម្ម ដែល​ហៅ​កាត់ (PCT)​ដើម្បី​ផ្តល់​ការងាយស្រួល​ដល់​តក្កក​រ​ខ្មែរ និង​បរទេស ដែល​ចង់​ការពារ​តក្កកម្ម​រ​បស់​ខ្លួន​។​

​​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ​បាន​ថ្លែង​ឲ្យ​ដឹង ក្នុង​ឱកាស​បើក​សិក្ខាសាលា ​ស្តីពី​សន្ធិសញ្ញា​សហប្រតិបត្តិ​ការ​ប្រកាសនីយបត្រ​តក្កកម្ម​សហការ​ជាមួយ អង្គភាព​ប្រកាសនីយបត្រ​តក្កកម្ម​ជប៉ុន និង​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន នៅ​ថ្ងៃទី​៣១ ខែ ឧសភា ឆ្នាំ​២០១៦ នេះ​ថា​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​យល់​ឃើញថា​ ប្រព័ន្ធ​ប្រកាសនីយបត្រ​តក្កកម្ម គឺជា​មូលដ្ឋានគ្រឹះ​មួយ​ដែល​ផ្តល់​ភាព​កក់ក្តៅ ដល់​ការ​ការពារ​សិទ្ធិ​ជូន​តក្កករ ជាក់ស្តែង មកដល់​សព្វ​ថ្ងៃនេះ មាន​តក្កកម្ម​ជាង​៥៥​លាន​ ត្រូវ​បាន​រក​ឃើញ​ក្នុង​ពិភពលោក​។

​ឯកឧត្តម​បន្ត ការ​ទទួលបាន​តក្កកម្ម យ៉ាងច្រើន​សន្ធឹកសន្ធាប់​បែបនេះ​ក៏​ដោយសារ​ប្រព័ន្ធ​ការពារ​ប្រកាសនីយបត្រ​តក្កកម្ម​លើ​ពិភពលោក មាន​ភាពរឹងមាំ​ដែល​ផ្តល់​ទំនុកចិត្ត​យ៉ាង​ខ្លាំង​ ក្នុង​ការ​ជំរុញ​ឲ្យ​មានការ​ច្នៃប្រឌិត និង​បង្កើត​ថ្មី​។​

​​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​លើកឡើង​ទៀត​ថា​ ការចូល​ជា​សមាជិក​សន្ធិសញ្ញា សហប្រតិបត្តិ​ការប្រកាស​នី​យ​ប​ត្រ​តក្កកម្ម គឺជា​ការ​ផ្តល់​ភាព​ងាយស្រួល​ដល់​តក្កករ​ខ្មែរ ដែល​ចង់​ការពារ​តក្កកម្ម​រ​បស់​ខ្លួន​នៅ​ប្រទេស​ផ្សេងទៀត ដោយ​តក្កករ​ខ្មែរ​មិន​ចាំបាច់​ធ្វើដំណើរ​ទៅកាន់​ប្រទេស​នោះ​ឡើយ​គ្រាន់តែ​ស្នើ​ដាក់​ពាក្យសុំ និង​គូសបញ្ជាក់​ប្រទេស​ដែល​ខ្លួន​ចង់​ការពារ​គឺជា​រួចជាស្រេច​។​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​ថ្លែង​ទៀត​ថា ក្រោយពី​មាន​កិច្ចប្រជុំ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ និង​ជាមួយ​វិស័យ​ឯកជន​មកនេះ​ឯកឧត្តម​គ្រោង​នឹង​ស្នើ​សុំ​ការ​អនុញ្ញាតិ​ពី​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សុំ​ឲ្យ​ប្រទេស​កម្ពុជា​ចូល​ជា​សមាជិក​សន្ធិសញ្ញា​អន្តរជាតិ ដែល​ហៅថា សន្ធិសញ្ញា​សហប្រតិបត្តិ​ការ​ប្រកាសនីយបត្រ​តក្កកម្ម​។​

សូម​បញ្ជាក់​ថា ​ការ​ចូល​ជា​សមាជិក (PCT)​កម្ពុជា​នឹង​ដើរ​តួនាទី​ជា​ការិយាល័យ​ទទួល​ពាក្យសុំ​ជំនួស​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​។

ការ​ចូល​ជា​សមាជិក​អង្គការ​នេះ​នឹង​ផ្តល់​លទ្ធភាព​ឲ្យ​យើង​ទទួល​បាន​ពាក្យសុំ​ការពារ​ប្រកាសនីយបត្រ​តក្កកម្ម​បាន​ច្រើន បង្កើន​ប្រាក់ចំណូល និង​អាច​ទទួល​បាន​ការ​វិនិយោគ​លើ​បច្ចេកវិទ្យា​ថ្មីៗ​ជាច្រើន​ផង​ដែរ​៕