ការ​ជួញដូរ​មនុស្ស ស្ដ្រី ​និងកុមារ​នៅតែ​ព្រួយបារម្ភ

197

បន្ទាយមានជ័យ​ ៖ ​អំពើ​ជួញដូរ​មនុស្ស ស្ត្រី​និង​កុមារ​នៅតែ​ជា​ក្តី​បារម្ភ​នៅ​ខេត្តបន្ទាយមានជ័យ ពិសេស​ តំបន់​ព្រំដែន​កម្ពុជា​-​ថៃ​។ នេះ​ជាការ​លើកឡើង​របស់​ម​ន្ត្រី​ថ្នាក់ដឹកនាំ ​មន្ត្រី​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ ក្នុង​កិច្ចប្រជុំ​ប្រចាំត្រីមាស​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៃ​ខេត្ត​បន្ទាយមានជ័យ​ថ្ងៃទី​ ១​ មិថុនា​។

លោក​ ចាន់ សា​រ៉ា នាយករង​រដ្ឋបាល​សាលាខេត្ត​បន្ទាយមានជ័យ​ និង​ជា​មន្ត្រី​គ្រប់គ្រង​លេខាធិការ​ដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ អំពើ​ជួញដូរ​មនុស្ស​ខេត្ត ​និយាយថា​ ក្រៅពី​ការ​ផ្សព្វផ្សាយ ជម្រុញ​ អនុវត្ត​លិខិត​បទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ ​និង​គោលនយោបាយ​ជាតិ ​ខេត្ត​ក៏បាន​ដឹកនាំ អនុវត្ត​យុទ្ធសាស្ត្រ ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ការ​ស្តារ​នីតិ​សម្បទា​ សមាហរណកម្ម​ និង​មាតុភូមិនិវត្តន៍​ជនរងគ្រោះ ជន​ងាយ​រងគ្រោះ នេះ​រួម​បញ្ចូល​ទាំង​ការ​ទទួល​ពលករ​ពី​អាជ្ញាធរ​បរទេស ​ការធ្វើ​បែបបទ​ចូល​ប្រទេស​ថៃ​ និង​សភាពការណ៍​ពលករ​ធ្វើ​ចំណាកស្រុក ​។​ល​។

លោកស្រី ប៉ុក ណា​ឌី អភិបាលរង​ខេត្តបន្ទាយមានជ័យ​-​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ប្រយុទ្ធប្រឆាំង​ការ​ជួញដូរ​មនុស្ស​ខេត្ត​ និយាយថា​ យោង​របាយការណ៍​ និង​ការវិភាគ​នានា ​បង្ហាញថា ស្ថានភាព​អំពើ​ជួញដូរ​មនុស្ស ស្ត្រី ​កុមារ​ក្នុង​ខេត្ត ,​បណ្តោយ​ព្រំដែន​នៅ​តែមាន​ច្រើន​ និង​គួរ​ព្រួយ​បារម្ភ​។

លោកស្រី ​និយាយ​បន្តថា ​វិធាន​ការ​សរុប ​កម្លាំង​សរុប មធ្យោបាយ​សរុប​ដែល​យើង​ប្រើប្រាស់​ហើយ នៅតែ​មិន​ទាន់បាន​លទ្ធផល​ល្អ​ទាំងស្រុង​។​ដូច្នេះ​ មន្ត្រី​និង​អ្នក​ពាក់ព័ន្ធ​ត្រូវ​ប្ដេជ្ញា ​និង​ទទួលខុសត្រូវ​បន្ថែម​ទៀត​។

សូមបញ្ជាក់ថា​ របាយការណ៍​ត្រីមាស​ទី​១ ​ឆ្នាំ​២០១៦​នេះ ជន​ទេសន្តរប្រវេសន៍​កម្ពុជា​ដែល​អាជ្ញាធរ​ថៃ បញ្ជូន​មក​តាម​ប៉ោយប៉ែត​ មាន​១២.៣៥២​នាក់​ ក្នុងនោះ​មាន​ស្ត្រី​៣.៨៥៣​នាក់​ កុមារ​៩១៧​នាក់ កុមារី​៣៥៤​នាក់​ ។​ក្នុង​នោះ​ភាគច្រើន​ឆ្លងដែន​ខុសច្បាប់​ និង​ចាញ់បោក​គេ​។​រីឯ​ស្ថាន​ភាព​ចំណាក​ស្រុក​វិញ​ត្រីមាស​នេះ​មាន​២០.៣៦១​នាក់ ​ក្នុងនោះ​ចេញ​ដោយ​ខុសច្បាប់​១៩.០៧៧​នាក់​ ស្រី​៩.២៧៨​នាក់ កុមារ​៦៦១​នាក់​។​ល​។ រីឯ​ស្ថានភាព​អវិជ្ជមាន​លើ​ទម្រង់ការ​ជួញដូរ​ មនុ​ស្ស​ ផ្សេងៗ​ទៀត​នៅ​តែមាន​ច្រើន​៕