រដ្ឋមន្ត្រី​បរិស្ថាន សាយ សំ​អាល់​ បញ្ជាក់ ពី​ការ​បិទ​បញ្ចប់​ទាំងស្រុង ការ​នាំ​ឈើ​ចេញ ទៅ​ក្រៅ​ប្រទេស​

259

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា ឯកឧត្ដម សាយ សំអាល់ នៅថ្ងៃអាទិត្យ ទី ៥ ខែមិថុនា ឆ្នាំ២០១៦ បានថ្លែងអះអាងបញ្ជាក់នូវការបិទបញ្ចប់ទាំងស្រុង នូវការនាំឈើចេញពីប្រទេសកម្ពុជាហើយ តាមរយៈការបិទច្រកមិនឲ្យនាំចេញ ជាពិសេសច្រកកម្ពុជាវៀតណាម។

ឯកឧត្ដម រដ្ឋមន្ត្រី បានថ្លែងនៅក្នុងឱកាស ប្រារព្ធទិវាបរិស្ថានពិភពលោក ៥មិថុនា នៅវិទ្យាល័យឥន្ទ្រទេវី ថា បញ្ហាព្រៃឈើ ខ្ញុំ អាចជម្រាបបានថា ថ្ងៃនេះម៉ោងនេះ ក្នុងទិវាបរិស្ថានដែរថា ការកាប់ឈើទ្រង់ទ្រាយធំ ដែលយើងធ្លាប់បានឃើញ (កន្លង)មកនេះ ខ្ញុំនិយាយបានថា ម៉ោងនេះ យើងបានបញ្ចប់ទាំងស្រុងហើយ។ យុទ្ធសាស្ត្រ ដែលយើងបានធ្វើនេះ គឺបានបិទច្រកព្រំដែនរវាងកម្ពុជានិងវៀតណាម។ តាមរយៈការបិទច្រកនេះ ធ្វើឲ្យចោលតែម្ដង និងគ្មានធ្វើឲ្យមានការកាប់ឈើតទៅទៀតទេ។

ឯកឧត្ដម រដ្ឋមន្ត្រី បន្ថែមថា ការកាប់ឈើទ្រង់ទ្រាយធំ គឺខ្ញុំ អាចនិយាយបានថា ចប់តែយ៉ាងណាក៏ដោយ ឯកឧត្ដម រដ្ឋមន្ត្រី បញ្ជាក់ផងដែរថា អាចនៅការកាប់ឈើតូចៗ ជាលក្ខណៈគ្រួសារ។ អាហ្នឹងខ្ញុំចិត្ត យើងទាំងអស់គ្នា ឲ្យយល់ដែរ។ ប្រសិនបើយើងធ្វើស្រែ១ហិចតា មិនបាន១ពាន់ដុល្លារទេ ១ឆ្នាំ..អីចឹងបើគាត់លួចទៅកាន់ឈើ៣ទៅ៤ដើម យកមកលក់ អាហ្នុងគឺរកបាន។ អីចឹងរឿងសេដ្ឋកិច្ចរបស់យើងដែរ។ ប៉ុន្តែយើងក៏ព្យាយាមទប់ស្កាត់បទល្មើស ដែលកើតមាន

រាជរដ្ឋាភិបាលកម្ពុជា កាលពីពេលថ្មីៗនេះ បានបង្កើតគណៈកម្មការមួយ ដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធលើផ្ទៃប្រទេស ក្នុងការចុះបង្ក្រាប បទល្មើសព្រៃឈើទូទាំងប្រទេស។ ជាលទ្ធផល ឈើកំណាត់ ប្រមាណ៥ម៉ឺនម៉ែត្រគូប ត្រូវបានរឹបអូស ហើយប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្រេច ប្រគល់ឈើទាំងនោះ ឲ្យទៅក្រសួងអប់រំ យកទៅសាងសង់សាលារៀន និងអាគារស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ ផងដែរ៕