សម្ដេច​តេ​ជោ ហ៊ុន សែន មក​មើល​កូនប្រុស​មួយ​ដែល​កូន​នោះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សម្ដេច​

222

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញមកចូលរួមអបអរសាទរ រោងចក្រទី១០០ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី៧ខែមិថុនានេះ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រដូចរោងចក្រទី១០០នេះ ថាជាកូនប្រុសមួយដែលសម្ដេចធ្វើជាឆ្មបដើម្បីបង្កើតវាឡើង ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ការណ៍ដែលសម្ដេច ហ៊ាននិយាយថា សម្ដេចជាអ្នកធ្វើឆ្មបបង្កើតរោងចក្រនេះឡើង សម្ដេចបញ្ជាក់ថា រោងចក្រ សហគ្រាសនៅទូទាំងប្រទេស កម្ពុជា បើហ៊ុន សែន មិនធ្វើសកម្មភាព តើវាមានរូបរាងបានទេ?

ទោះជាយ៉ាងណាក៏ដោយសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍ទៅកាន់ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះតែម្តង ថានេះជាការចាប់ផ្ដើមមួយដ៏ល្អ ដោយសម្ដេចនៅចាំបានថាកាលពីខែកុម្ភៈឆ្នាំ២០០៨ កាលពី៦ឆ្នាំមុននោះសម្ដេចបានមកទីនេះ ដែលនៅទីនេះយើងមិនទាន់មានអ្វីទាល់តែសោះ។តែថ្ងៃនេះ យើងមាន រោងចក្រ សហគ្រាសដែលមានរហូតដល់១០០ ដែលបានស្រូបយកនិងដោះស្រាយការងារធ្វើសម្រាប់ឱ្យកម្មករ កម្មការិនី ជាង១ម៉ឺននាក់ និងផលិតផលសម្រាប់ការនាំចេញទៅបរទេសទៀតផង។

ទាក់ទងនឹងការអភិវឌ្ឍនេះ សម្ដេចបញ្ជាក់ថា ការស្វែងរកសន្តិភាព សម្ដេចបានយកជីវិត ធ្វើដើមទុនដើម្បីរំដោះប្រទេស ហើយក៏យកជីវិតធ្វើដើមទុន ដើម្បីអនុវត្តនូវនយោបាយឈ្នះ ឈ្នះ បង្កើតឡើងនូវសន្តិភាព សម្រាប់ប្រទេស។ប៉ុន្តែសន្តិភាពតែមួយវាមិនគ្រប់គ្រាន់ទេ យើងចាំបាច់ត្រូវធ្វើការអភិវឌ្ឍន៍ប្រទេស ហើយក្នុងការអភិវឌ្ឍប្រទេសនេះ ដោយប្រទេស យើងជាប្រទេសកសិកម្ម ប៉ុន្តែបើគ្រាន់តែអភិវឌ្ឍន៍វិស័យកសិកម្មតែមួយមុខមិនគ្រប់គ្រាន់ទេ គឺយើងត្រូវស្វែងរកនូវគ្រប់មុខព្រួញសេដ្ឋកិច្ច ដែលអាចធ្វើទៅរួច ជាពិសេសវិស័យឧស្សាហកម្ម និងសេវា។ទាក់ទិននឹងកិច្ចការនេះ សម្ដេចក៏យកឱកាសនេះ អំពាវនាវ ជាទូទៅ មិនថា តែសម្រាប់កម្មករ និងថៅកែរោងចក្រ សហគ្រាសនៅតំបន់សេដ្ឋកិច្ចពិសេសនេះនោះ ទេ គឺរោងចក្រ សហគ្រាសនៅទូទាំងប្រទេស ដោយបង្ហាញនូវការសង្ឃឹមថា ក្នុងចំណោម កម្មករ កម្មការិនី ទាំងអស់ត្រូវខិតខំ ដើម្បីការពារឆ្នាំងបាយរបស់ខ្លួន ដោយចាត់ទុក តំបន់ សេដ្ឋកិច្ចពិសេស, ចាត់ទុករោងចក្រ ជាឆ្នាំងបាយរបស់ខ្លួន។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបង្ហាញដោយសេចក្ដីរីករាយជាមួយកម្មករ កម្មកានិរី ថា កម្ពុជា បច្ចុប្បន្ន គឺគ្មានវិបត្តិអ្វីមួយកើតឡើងទេ ហើយអ្នកដែលនិយាយថា កម្ពុជា មានវិបត្តិ គឺជារឿងរបស់គេទេ ,គេបង្កើតដោយខ្លួនគេ ហើយសម្ដេចអត់ទទួលខុសត្រូវនោះឡើង រីឯសម្ដេចគឺទទួលខុសត្រូវតែទៅលើបញ្ហាទាំងឡាយដែលវាពាក់ព័ន្ធទៅនឹងការការពារ សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គម។

បន្ទាប់មក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូ បានអញ្ជើញបើកស្បៃរបាំ ជានិមិត្តរូបនៃពិធីសម្ពោធរោងចក្រ និងបានអញ្ជើញទស្សនា គម្រោងប្លង់នានានៃអគាររោងចក្រតំបន់សេដ្ឋកិច្ចពិសេសនេះផងដែរ។ រោងចក្រ១០០នៅតំបន់សេដ្ឋកិច្ចពិសេសនេះ មានក្រុមហ៊ុន មកពីប្រទេសចិន អាមេរិក បារាំង ,ជប៉ុន ..ជាដើម។

សូមបញ្ជាក់ថា ចាប់តាំងពីសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមបើកការដ្ឋាន សាងសង់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កាលពីខែកុម្ភៈ ឆ្នាំ២០០៨ រហូតដល់ពេលដែលសម្តេចតេជោ ហ៊ុន សែន និងលោក ស៊ីជីនពីង ប្រធានរដ្ឋចិន បានឈាន ដល់មតិឯកភាពគ្នា នៅក្នុងសកម្មភាព រម្លឹកខួប ទី៦០ នៃការបើក សន្និសីទ បានឌុង កលពីខែមេសា ២០១៥ ដោយសម្រេចចិត្តថា ប្រទេសទាំងពីរ ត្រូវបង្កើតកិច្ចសហប្រតិបត្តិការ លើផ្នែកទំនាក់ទំនង នៃការតតភ្ជាប់គ្នា ខាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្របខណ្ឌយុទ្ធសាស្ត្រ«ខ្សែក្រវាត់មួយ និងផ្លូវមួយ» របស់ប្រទេសចិន ដើម្បីឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ អាចដំណើរការបានល្អ។ បើគិតរហូតមកដល់ បច្ចុប្បន្ន មានសហគ្រាសចំនួន១០០ហើយ ដែលបានមកបោះទុនវិនិយោគ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ។ តំបន់សេដ្ឋកិច្ច នេះ មិនត្រឹមតែជាវាទិកាសម្រាប់សហគ្រាស ដែលបានមកបោះទុនវិនិយោគ ក្នុងប្រទេស កម្ពុជា ប៉ុណ្ណោះទេ ថែមទាំង មានតួនាទី ក្លាយទៅជាស្ពានដ៏រឹងមាំ ក្នុងការរឹតចំណងមិត្តភាព រវាងកម្ពុជា និងចិន និងធ្វើឱ្យមានភាពស៊ីជម្រៅនៅក្នុងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរផងដែរ៕