អ្នកវិនិយោគ​ក្នុងស្រុក​ និង​បរទេស​បោះទុន​១២​លាន​ដុល្លារ​អភិវឌ្ឍន៍​អចលនទ្រព្យ​ នៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ

345

ភ្នំពេញ ៖ អ្នកវិនិយោគក្នុងស្រុក និងក្រុមអ្នកវិនិយោគមកពីកោះតៃវ៉ាន់ បានបោះទុនរួមគ្នាចំនួន១២លានដុល្លារ ដើម្បីអភិវឌ្ឍន៍គំរោងអចលនទ្រព្យមួយនៅភាគខាងត្បូងរាជធានីភ្នំពេញ ជាតំបន់ដែលបាន និងកំពុងទទួលការចាប់អារម្មណ៍ពីអ្នកវិនិយោគនានា។

លោក ថាវ លីណា អគ្គនាយកក្រុមហ៊ុន PACRIM CAMBLOSSIM Development Co, Ltd ដែលបាននិងកំពុងវិនិយោគជាមួយអ្នកវិនិយោគតៃវ៉ាន់ លើគំរោងពុះដីឡូត៍លក់ឈ្មោះ សុរិន្ទភូមិ បានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី៦ មិថុនានេះថា កាលពីពេលថ្មីៗកន្លងទៅនេះ សេដ្ឋកិច្ចវិទូរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ប្រសិទ្ធិនាមប្រទេសកម្ពុជា ថាជា “ខ្លាសេដ្ឋកិច្ចអាស៊ី” ថ្មីមួយ។ ការវិភាគនេះគឺផ្អែកលើស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងអត្រាកំណើននៃសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ សម្រាប់រយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ ហើយនឹងបន្តរីកចំរើនក្នុងរយៈពេលខ្លី និងមធ្យម។

លោក បានបន្តថា តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ នឹងក្លាយជាប៉ូលអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យដ៏មានសក្តានុពល និងរីកលូតដុះដាលយ៉ាងឆាប់រហ័សថី្មមួយទៀតជាក់ជាមិនខាន។ ដោយសម្លឹងឃើញសក្តានុពលនៃសេដ្ឋកិច្ច និងភូមិសាស្ត្រនៃតំបន់ភាគខាងត្បូងនេះ ក្រុមហ៊ុន PACRIM CAMBLOSSOM Development Co.,Ltd. ដែលកើតចេញពីការបោះទុនវិនិយោគរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក CAMBLOSSOM Development & Investment Co.,Ltd. ជាមួយក្រុមហ៊ុនដែលមានបទពិសោធន៍ និងជំនាញផ្នែកវិស័យអចលទ្រព្យពីកោះតៃវ៉ាន់ ឈ្មោះ PACRIM UNITING Development Co.,Ltd. សម្រេចចិត្តអភិវឌ្ឍន៍ដីឡូតិ៍គម្រោងលំនៅឋានសហគមន៍អេកូបៃតង សុរិន្ទភូមិ ។

លោក TSENG KUO-CHEN តំណាងឲ្យក្រុមហ៊ុន Fan Tai Group ដែលជាក្រុមហ៊ុនអចលនទ្រព្យចូលរួមសហការលក់គំរោងនេះ បានថ្លែងថា ក្រុមហ៊ុន Fan Tai Group យើងខ្ញុំកំពុងមានវត្តមាននៅតាមបណ្តាប្រទេសអាស៊ានមួយចំនួន រួមមាន ប្រទេស ម៉ាឡេស៊ី, ហ្វីលីពីន, វៀតណាម និងប្រទេសកម្ពុជា ដែលយើងបានមើលថាជា បណ្តាប្រទេសមានសក្តានុពលបំផុត។

លោក បន្តថា តាមរយៈការសិក្សា និងអង្កេតរបស់ក្រុមហ៊ុន Fan Tai Group លើ-បណ្តាប្រទេសអាស៊ានរួចមក យើងយល់ឃើញថា ប្រទេសកម្ពុជា គឺជាប្រទេសដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងជាងគេ ពីព្រោះប្រជាជនកម្ពុជាមានមិត្តភាពកក់ក្តៅ មានភាពរួសរាយរាក់ទាក់។ ការអភិវឌ្ឍរបស់ប្រទេសជាតិមានសន្ទុះយ៉ាងលឿន និងវិស័យអចលនវត្ថុក៏កំពុងរីកលូតលាស់។ ដូច្នេះកម្ពុជាគឺជាជម្រើសដ៏ល្អបំផុតរបស់ក្រុមហ៊ុនយើងខ្ញុំ។

លោក មុំ សុខឿន ស្មៀនឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលបានថ្លែងថារយៈពេលពីរបីឆ្នាំខាងមុខ ភូមិសាស្ត្រស្រុកកណ្តាលស្ទឹង និងស្រុកបាទី តំលៃដីនឹងកើនឡើងខ្ពស់បន្ថែមទៀត ហើយ សេដ្ឋកិច្ចប្រជាពលរដ្ឋនឹងកាន់តែមានភាពប្រសើរឡើង”។លោក បន្តថា “អ្នកនៅក្នុងមូលដ្ឋាននេះមានដីច្រើនៗ ហើយក្នុងមួយគ្រួសារៗ សុទ្ធតែមានកូនមួយគ្រួសារពីរឬបីនាក់ធ្វើការនៅតាមរោងចក្រសហគ្រាសនានា ដែលធ្វើឲ្យពួកគេកាន់តែមានជីវភាពធូរធារបន្ថែមទៀត”។

អ្នកឧកញ៉ា សៀ រីទ្ឋី អគ្គនាយកក្រុមហ៊ុន World Bridge Land ដែលបាននិងកំពុងវិនិយោគតំបន់សេដ្ឋកិច្ចពិសេស នៅតាមបណ្តោយផ្លូវជាតិលេខ២តំបន់ស្ថិតនៅប្របផ្លូវជាតិលេខ២ ជាតំបន់មានសណ្ឋានដីខ្ពស់ ដែលលោកមិនដែលឃើញមានទឹកជំនន់នោះទេ ហើយថ្ងៃក្រោយតំបន់នេះនឹងជាតំបន់លំនៅ ដ្ឋាន ព្រោះវាស្ថិតនៅជិតទីក្រុងភ្នំពេញ មែនទែន”។លោក បន្តថា “នៅពេលផ្លូវសម្តេចតេជោហ៊ុន សែនបើកឲ្យដំនើរការ តំបន់នេះនឹងមានការអភិវឌ្ឍន៍លឿនខ្លាំង”៕