កម្ពុជា​នឹង​ក្លាយជា​ក្រុម​ស្នូល​លើ​ការគ្រប់គ្រង​វិស័យ​សហគ្រាស​ធុន​តូច និង​មធ្យម​

309

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងថា សម្រាប់ការគ្រប់គ្រងសហគ្រាស ធុនតូច និងមធ្យមកម្ពុជា នឹងក្លាយជាក្រុមស្នូលលើការផ្សព្វផ្សាយ ចំណេះដឹងនិងចំណេះធ្វើនៃការគ្រប់គ្រងសហគ្រាសកាន់តែច្បាស់លាស់ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម  បានថ្លែងលើកឡើងនៅក្នុងសិក្ខាសាលា អន្តរជាតិ ស្តីពី ចំណេះដឹងផ្នែកគ្រប់គ្រង សម្រាប់ថ្នាក់ដឹកនាំជនខ្ពស់ នៃសហគ្រាសធុនតូច និងមធ្យមដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគារភ្នំពេញនាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦ នេះថា សម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យមនាពេលកន្លងមកការគ្រប់គ្រងលើវិស័យនេះមានលក្ខណៈជាបុរាណ ពោលគឺពុំមាននីតិវិធីអនុវត្តន៍ច្បាស់លាស់ ដើម្បីទទួលនូវប្រសិទ្ធភាពលើការងារនេះបានឡើយ ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ឆ្លងតាមសិក្ខាសាលាអន្តរជាតិ ស្តីពីចំណេះដឹងផ្នែកគ្រប់គ្រងដែលរៀបចំឡើងដោយអង្គការផលិតភាពអាស៊ី ដោយមានសមាជិកចំនួន១២ប្រទេសបានចូលរួមនេះគឺជាការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកលើការអនុវត្តន៍វិធីសាស្ត្រថ្មីៗក្នុងការលម្អនៃការគ្រប់គ្រងឡើងវិញ ដោយដើរឲ្យទាន់នៃការវិវត្តន៍ក្នុងសកលលោក ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានលើកឡើងទៀតថា សម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្រៅពីការខ្វះទុនក្នុងការវិនិយោគនោះអ្នកគ្រប់គ្រងសហគ្រាសធុនតូច និងមធ្យម ភាគច្រើនមិនបានក្តាប់ យកព័ត៌មានឬបទពិសោធន៍ថ្មីៗនោះឡើយ ដែលធ្វើឲ្យសហគ្រាសមួយចំនួនក្ស័យធុនជាបណ្តើរៗ ។

ឆ្លងកាត់តាមសិក្ខាសាលាគ្រប់គ្រងសហគ្រាស ដែលមានជាលើកដំបូងនៅកម្ពុជានេះគឺជាការនាំនូវចំណេះដឹងថ្មីបន្ថែមទៀតដល់មន្ត្រីជំនាញរបស់ក្រសួង ដើម្បីធ្វើការផ្សព្វផ្សាយជាបន្តដល់សហគ្រាសផ្សេងៗ ក្នុងការកែលម្អឡើងវិញនៅលើវិស័យនេះ ៕