តំណាង​មហា​អយ្យការ​ស្នើ​ឲ្យ​បន្ត​ឃុំខ្លួន​លោក ហុង សុខ​ហួរ ចៀសវាង​ចលាចល​សង្គម​

263

ភ្នំពេញ ៖ តំណាងមហាអយ្យការអមតុលាការកំពូល ស្នើឲ្យតុលាការកំពូលបន្តឃុំខ្លួនលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ក្នុងពន្ធនាគារដដែល ។ លោកអគ្គព្រះរាជអាជ្ញារងរូបនេះ យល់ថា ការរក្សាទុកលោក ហុង សុខហួរ ក្នុងពន្ធនាគារ នឹងមិនធ្វើឲ្យមានចលាចលក្នុងសង្គម ដែលជនត្រូវចោទ ត្រូវបានចោទប្រកាន់ពីបទល្មើសឧក្រិដ្ឋ ។

តុលាការកំពូល នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ បើកសវនាការជំនុំជម្រះសំណុំរឿងលោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ចំនួនពីរករណី ។

លោកចៅក្រម សឹង បញ្ញាវុឌ្ឈ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ថ្លែងថា សំណុំរឿងទី១ គឺការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ តម្រូវឲ្យលោក ហុង សុខហួរ ប្រគល់កុំព្យូទ័រដែលប្រើប្រាស់សម្រាប់បង្ហោះផែនទីក្លែងក្លាយមកឲ្យតុលាការ និងតម្រូវឲ្យមេធាវីការពារក្ដីប្រគល់ភស្តុតាងទាំងអស់ មុនពេលសវនាការសាជាថ្មី ។ សំណុំរឿងទី២ ការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន លើលោក ហុង សុខហួរ ដែលមេធាវីការពារលោក ហុង សុខហួរ ចាត់ទុកជា ខុសនឹងនីតិវិធីច្បាប់ ។

លោកមេធាវី ជូង ជូងី និង លោក ហុង សុខហួរ ស្នើឲ្យតុលាការកំពូលផ្ដល់ភាពយុត្តិធម៌ និង សម្រេចដោះលែងលោក ហុង សុខហួរ ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយឡែក លោក ឈួន ចាន់ថា តំណាងមហាអយ្យការ បានសន្និដ្ឋានស្នឹឲ្យតុលាការកំពូលបន្តឃុំខ្លួនលោក ហុង សុខហួរ ក្នុងពន្ធនាគារដដែល ទោះបីយ៉ាងណា ក្រោយការសួរដេញដោល តុលាការកំពូលសម្រេចលើកពេលប្រកាសសាលដីកាទៅព្រឹកថ្ងៃទី២២ ខែមិថុនា ខាងមុខនេះវិញ ។

គួររំលឹកថា លោក ហុងសុខហួរ ជាប់ចោទពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារក្លែងសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា៤ រួចយកឯកសារក្លែងនេះ ទៅបង្ហោះក្នុងផេកហ្វេសប៊ុករបស់ លោក សម រង្ស៊ី ដែលជាដើមចមនាំឲ្យតុលាការចោទប្រកាន់ លោក សម រង្ស៊ី ពីបទសមគំនិតក្នុងបទល្មើសនេះបទចោទប្រកាន់ទាំងនោះ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារចន្លោះពី ៥ ទៅ ១០ ឆ្នាំ៕