តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ​ចាត់ទុកថា​វត្ត​អារាម​មិន​ត្រឹម​ជាទី​សក្ការៈ​នោះ​ទេ តែ​ក៏​ជា​កន្លែង​អប់រំ​មនុស្ស​ផង​ដែរ​

119

កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងថា វត្តអារាមមិនត្រឹមតែជាទីសក្ការៈសម្រាប់គោរពបូជាប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងអប់រំសីលធម៌ ចរិយាធម៌ និងចំណេះដឹងដល់ប្រជាពលរដ្ឋផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ មានប្រសាសន៍ថា វត្តអារាមមិនត្រឹមតែជាទីសការៈសម្រាប់គោរពបូជាប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងដែលធ្វើអោយមនុស្សអភិវឌ្ឍន៏ផ្នែកអប់រំ សីលធម៌ និងចរិយាធម៌ ដែលជាធាតុចូលដ៏សំខាន់ក្នុងការកសាងប្រទេសលើគ្រប់វិស័យផងដែរ។

ឯកឧត្តមបានថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការសាលាធម្មសភា និងសមិទ្ធផលនានាក្នុងវត្តទួលសាលា ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៨ខែមិថុនា ឆ្នាំ២០១៦នេះ។

ឯកឧត្តម បានបញ្ជាក់ទៀតថា វត្តទួលសាលា ក៏ដូចជាវត្តអារាមនានានៅទូទាំងប្រទសដែរ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ត្រូវបានយកប្រើប្រាស់ជាកន្លែង សួរចំលើយ ឃុំឃាំងមនុស្ស ឃ្លាំងដាក់ជី រោងដាក់សត្វនិងចុងក្រោយ ត្រូវបានបំផ្លិចបំផ្លាញចោលទាំងស្រុងតែម្តង តែពេលនេះមានសមិទ្ធផលជាច្រើនបានកសាងឡើងវិញដើម្បីជាទីសក្ការៈសម្រាប់ពុទ្ធបរិស័ទគោរពបូជា។

ឯកឧត្តមបន្ថែមថា សមិទ្ធផលនានាដែលសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការពេលនេះ គឺជាការកើតចេញពីថ្ងៃរំដោះ៧ ខែមករាឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយការស្វែងរកសន្តិភាពពេញលេញក្រោមនយោបាយឈ្នះឈ្នះដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺមានការអភិវឌ្ឍន៍ទាំងសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។

សូមបញ្ជាក់ថា សាលាធម្មសភា និងសមិទ្ធផលនានាក្នុងវត្តទួលសាលា ឃុំទទួលសាលា ស្រុកបរសេដ្ឋ ខេត្ត កំពង់ស្ពឺចំណាយថវិកាសាងសង់ចំនួន១០,៧៩០៩ដុល្លា អាមេរិក ដែលបានមកពីការចូលរួមចំណែកពី ពុទ្ធបរិស័ទ ព្រះសង្ឃ និងមន្ត្រីរាជការ របស់គណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន៕