សមាគម​អតីត​យុទ្ធជន​កម្ពុជា​ទ​ទួល​ស្គាល់​ឯកឧត្តម ចាន់ ចេស្តា ជា​ប្រធានកិត្តិយស​សមាគម​នេះ​នៅ​ខេត្តកំពត​

242

កំពត៖ កាលពីថ្ងៃទី៨ ខែមិថុនានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន តំណាងឯកឧត្តមបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពត ដែលពិធីនេះ បានធ្វើឡើងនៅសាលាខេត្ត ក្រោមវត្តមានចូលរួមពីសមាជិកអតីតយុទ្ធជនជាង២០០នាក់។

តាមសេចក្តីសម្រេចរបស់សមាគម បានតែងតាំងឯកឧត្តម ចាន់ ចេស្តា គណ:អភិបាលខេត្តកំពត ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកំពត ជំនួសឯកឧត្តម ខូយ ឃុនហួរ អតីតគណ:អភិបាលខេត្តកំពត ដែលត្រូវបានផ្លាស់ទៅទទួលភារកិច្ចថ្មី នៅក្រសួងមហាផ្ទៃ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី យឹម ប៊ុនធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជនខេត្តកំពត បានធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពទូទៅនៃការដឹកនាំ កិច្ចការសមាគមក្នុងរយៈពេល៩ខែកន្លងមក ជាពិសេសលទ្ធផលសម្រេចបានលើការគ្រប់គ្រងសមាជិក គ្រប់គ្រងថវិកា ការចុះបើកផ្តល់ប្រាក់បេឡាមរណៈសង្គ្រោះ និងការធ្វើបច្ចុប្បន្នភាពជាដើម។

ឯកឧត្តមបន្តថា លទ្ធផលដែលសម្រេចបាននេះ អាស្រ័យដោយមានការចង្អុលបង្ហាញពីគណអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ក៏ដូចជាការខិតខំពុះពាររបស់ថ្នាក់ដឹកនាំសមាគមខេត្ត ក្រុង ស្រុក ឃុំ និងសង្កាត់ ក្នុងការរួមសហការគ្នាបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន បញ្ជាក់ថា លទ្ធផលដែលសមាគមសម្រេចបាន គឺ អាស្រ័យដោយសមាគមមានកិច្ចសហការគ្នាល្អ មានការទទួលខុសត្រូវខ្ពស់ គួបផ្សំនឹងការជួយឧបត្ថម្ភគាំទ្រពីបណ្តាសប្បុរសជននានាផង ធ្វើឲ្យដំណើរការអនុវត្តទទួលបានជោគជ័យ ហើយអតីតយុទ្ធជន និងគ្រួសារមានភាពកក់ក្តៅ និងជឿជាក់លើការដឹកនាំរបស់សមាគម ពិសេសលើការបើកផ្តល់ប្រាក់គោលរបប ប្រាក់បេឡាមរណៈសង្គ្រោះបានទាន់ពេលវេលា ពុំមានការយឺតយ៉ាវដូចមុនទៀតទេ៕