សម្ដេច​តេ​ជោ ​ប្រតិកម្ម​តប​ទៅ​នឹង​អ្នក​ដែល​បង្ហោះ​ហ្វេស​ប៊ុ​ក​ពី​ប្រទេស​ បារាំង​អំពី​ភ្លៀង​លិច​ផ្លូវ​នៅ​ក្រុង​ភ្នំពេញ​ ខណៈ​ទីក្រុង​ប៉ារីស​មាន​ទឹកជំនន់

349

ភ្នំពេញ ៖ ដោយពេលនេះ គឺជារដូវភ្លៀងធ្លាក់ ហើយថ្មីៗនេះ ត្រូវបានភ្លៀងលិចផ្លូវមួយចំនួននៅទីក្រុងភ្នំពេញ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖ សម្ដេចបានប្រតិកម្មទៅនឹងមនុស្សម្នាក់ ដែលបង្ហោះហ្វេសប៊ុកពីប្រទេសបារាំងអំពីភ្លៀងលិចផ្លូវនៅក្រុងភ្នំពេញ ខណៈដែលទីក្រុងប៉ារីសមានទឹកជំនន់ ហើយសម្ដេចសូមនិយាយរឿងនេះបន្តិច ដើម្បីកុំឱ្យមនុស្សមួយចំនួន ឆ្លៀតយកចំណេញ។

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរារដ្ឋាភិបាលកម្ពុជា បានលើកឡើងវិញជុំវិញបញ្ហាភ្លៀងលិចផ្លូវនៅទីក្រុងភ្នំពេញកន្លងមកនេះ ដើម្បីឱ្យប្រជាពលរដ្ឋបានមើលឃើញអំពីការពិតបែបណានោះ ដោយបានលើកឡើងពីជំនន់លិចលង់នៅប្រទេសបារាំង ថ្មីៗនេះ និងជំនន់នៅប្រទេសអភិវឌ្ឍនានាមួយចំនួនទៀត ចុះហេតុអ្វីមិននិយាយផង។ សម្ដេចមានប្រសាសន៍បែបនេះខណៈអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់ សញ្ញាប័ត្រ ដល់និស្សិតជ័យលាភី ថ្នាក់បរិបញ្ញាបត្រ និង បញ្ញាបត្រជាន់ខ្ពស់ ជាង៣ពាន់នាក់ និងប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលកម្ពុជាដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ.. នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៣មិថុនានេះ។

ពាក់ព័ន្ធនឹងភ្លៀងលិចផ្លូវនៅភ្នំពេញនេះ សម្ដេចបានមានប្រសាសន៍ថា៖ ប៉ុន្មានថ្ងៃមុននេះ គ្រាន់តែភ្លៀងព្រឹប គឺផេកហ្វេសប៊ុក របស់មនុស្សម្នាក់ ដែលកំពុងស្ថិតនៅប្រទេសបារាំង បានបង្ហោះថា ទឹកលិចផ្លូវ! ប៉ុន្តែកុំភ្លេចថាពេលហ្នឹងនៅស្រុកបារាំងកំពុងជំនន់ ម៉េចក៏មិន បង្ហោះ?។ សម្ដេចមានប្រសាសន៍យ៉ាងដូច្នេះ៖

ពាក់ព័ន្ធនឹងទឹកភ្លៀងលិចផ្លូវ លិចទីក្រុង វាជារឿងធម្មជាតិ ព្រោះកាលណាភ្លៀងធ្លាក់មកខ្លាំងលើសចំណុះនៃការទទួលបាននូវផ្នែកខាងក្រោម គឺវាលិចហើយ កុំថាត្រឹមតែលូ សូម្បីទន្លេមេគង្គ ទន្លេឡាងឆាង ឬទន្លេផ្សេងៗនៅប្រទេសដទៃទៀត គឺវាលិចតែទាំងអស់ហ្នឹង។ដូច្នេះអ្នកប្រឆាំងគឺពូកែខាងខូច ព្រោះកន្លែងល្អៗម្ដេចក៏មិនបង្ហោះផង ហើយការលិចផ្លូវនេះ គឺវាមិនលិចតែនៅភ្នំពេញឯណា…!

ទោះជាយ៉ាងណាក៏ដោយសម្ដេចតេជោ នាយករដ្ឋមន្ត្រីបានថ្លែងសរសើរដល់ដៃគូអភិវឌ្ឍន៍មួយចំនួនដែលបានជួយក្នុងការរំដោះទឹកចេញទីក្រុង ដូចជាជប៉ុន ជាដើម ដែលបានជួយប៉ុន្មានជំហានរួចមកហើយដែលធ្វើឱ្យស្ថានភាពរំដោះទឹកនៅក្រុងភ្នំពេញកាន់តែល្អប្រសើរ៕