សម្ដេច​តេ​ជោ ​ហ៊ុន សែន បង្ហាញ​មោទនភាព​ចំពោះ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយ​ចាត់ទុកថា​ជា​សាកលវិទ្យាល័យ​ឈានមុខ​នៅ​កម្ពុជា​

308

ភ្នំពេញ ៖ការបង្ហាញពីមោទនភាព ដោយចាត់ទុកសាកលវិទ្យាល័យភ្នំពេញថាជាសកលវិទ្យាល័យឈានមុខមួយនៅកម្ពុជា ត្រូវបាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាប័ត្រ ដល់និស្សិតជ័យលាភី ថ្នាក់បរិបញ្ញាបត្រ និងបញ្ញាបត្រជាន់ខ្ពស់ ចំនួន ៣.៧៤៦នាក់ និងប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលកម្ពុជាដើម្បីស្រាវជ្រាវផ្លូវសូត្រសមុទ្រ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១៣ខែមិថុនានេះ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានចាត់ទុកសកលវិទ្យាល័យភូមិន្ទភ្នំពេញជាសាកលវិទ្យាល័យឈានមុខមួយហើយសម្ដេចក៏បានវាយតម្លៃខ្ពស់និងលើកទឹកចិត្តឱ្យសាកលវិទ្យាល័យជំរុញការបណ្ដុះបណ្ដាល និងការចូលអានសៀវភៅនៅបណ្ណាល័យនៃសាកលវិទ្យាល័យនេះផងដែរ។

ជាមួយនឹងការលើកសរសើរដល់ជ័យលាភី សាស្ត្រាចារ្យ ក៏ដូចជាមាតា បិតា អាណាព្យាបាល ដែលបានខិតខំបណ្ដុះបណ្ដាល សិក្សា និងការគាំទ្ររហូតទទួលបានជោគជ័យនៅពេលនេះ សម្ដេចក៏មិនភ្លេចអំពីគុណូបការៈ របស់សម្តេចព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានកសាង ឡើងនូវសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់កូនចៅជំនាន់ក្រោយបានប្រើប្រាស់ សិក្សា រៀនសូត្រ។

ទោះជាយ៉ាងណាក៏ដោយ សម្ដេចតេជោ មានប្រសាសន៍ថា យើងក៏មានយុវជនមួយចំនួនដើរផ្លូវខុស សេពគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗដែល យើងកំពុងធ្វើការអូសទាញ។ ក្នុងបញ្ហានេះ សម្ដេចបានណែនាំជាទូទៅឱ្យមានការប្រឹងប្រែងទាំងអស់គ្នា ធ្វើឱ្យព្រមៗគ្នា រាប់ទាំងព្រះសង្ឃចូលរួមអប់រំទូន្មាន ប្រៀនប្រដៅតាមរយៈព្រះធម៌ទេសនាជាដើម។

ជាមួយនឹងការរីកចម្រើនខាងវិស័យអប់រំ សម្ដេចមានប្រសាសន៍ដែរថា ការកើនឡើងនៃចំនួនសាលា និងកង្វះគ្រូ និងការប៉ះប៉ូវ ជាមួយគ្រូចូលនិវត្តន៍n: ដូច្នេះ តម្រូវការ ជ្រើស រើសក្របខណ្ឌខាងវិស័យអប់រំនេះមានទំហំធំ ។

យោងរបាយការណ៍រដ្ឋមន្ត្រីអប់រំ យុវជន និងកីឡា ឯកឧត្ដម ហង់ ជួនណារ៉ុន បាន បង្ហាញថា ៖ វិស័យអប់រំ ជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពធំៗជាច្រើន ក្នុងការកសាងធនធានមនុស្សប្រកបដោយសមត្ថភាព ប្រជែងឈ្នះ នៅលើគ្រប់កាលៈទេសៈ និងគ្រប់ការដ្ឋានកំណែទម្រង់ ដើម្បីបម្រើឱ្យតម្រូវការ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា និងក្នុង ដំណាក់កាល នៃសមាហរណកម្ម អាស៊ាន និងពិភពលោក។ ឯកឧត្ដម បន្តថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញជាគ្រឹះស្ថានឧត្តមសិក្សារដ្ឋមួយ ក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាសរុប ចំនួន១១៨ ដែលយើងមានសព្វថ្ងៃហើយកំពុងដើរតួនាទីដ៏សំខាន់ ក្នុងការបណ្ដុះបណ្ដាល ធនធានមនុស្ស ឱ្យស្របតាមតម្រូវការទីផ្សារការងារ សំដៅឈានទៅសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាល។ជាមួយគ្នានេះដែរ សាកលវិទ្យាល័យក៏បានធ្វើសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យល្បីៗ នៅបរទេស ចំនួន១១៧ ដែលមានចុះហត្ថលេខារួចហើយ ដើម្បីធ្វើការផ្លាស់ប្ដូរ និស្សិត និងសាស្ត្រាចារ្យ លើការងារសិក្សា ការងារបង្រៀន និងការងារស្រាវជ្រាវស្របតាមតម្រូវការ ជាក់ស្ដែង នៃកម្មវិធីសិក្សានីមួយៗ។ ឯកឧត្ដមបានបញ្ជាក់ទៀតថា គិតចាប់ពីឆ្នាំ១៩៨០ រហូតដល់បច្ចុប្បន្ន សិស្សដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនេះ សរុបចំនួន ៣៧.៩៨៩នាក់ ក្នុងនោះមានសិស្សអាហារូបករណ៍១៦.៧៩២នាក់ និងផ្នែកសិក្សាបង់ថ្លៃចំនួន២១.១៩៧នាក់ ។

ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍ដែរថា ដោយមើលឃើញពីសារៈសំខាន់នៃវិថីសូត្រសមុទ្រ នាសតវត្សទី២១ ទើបដេប៉ាតឺម៉ង់សិក្សាអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្កើតមជ្ឈមណ្ឌលនេះឡើងក្នុ្ងងគោលបំណង លើកកម្ពស់ការសិក្សាស្រាវជ្រាវរបស់និស្សិត និងអ្នកស្រាវជ្រាវ ខ្មែរយើង លើវិថីសូត្រសមុទ្រនេះ ឱ្យកាន់តែស៊ីជម្រៅឡើងថែមទៀត និងបណ្ដុះបណ្ដាល ពង្រឹងកិច្ច សហប្រតិបត្តិការឱ្យកាន់តែស្អិតរមួតរវាងកម្ពុជា ជាមួយបណ្ដាប្រទេសនានា លើវិថីសូត្រ សមុទ្រនេះ ជាពិសេសមហាមិត្តចិនដែលជាប្រទេសមានប្រវត្តិដ៏យូរលង់ក្នុងវិស័យវិថីសូត្រ សមុទ្រ ។ មជ្ឈមណ្ឌលការសិក្សាស្រាវជ្រាវ អំពីវិថីសូត្រសមុទ្រនេះគឺជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីជំរុញវិស័យ អប់រំនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនឡើង៕