ប្រមុខ​ការទូត​កម្ពុជា​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចំនួន​បី​ជាប់​ព្រំដែន​កម្ពុជា​

223

ភ្នំពេញ៖ ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជាឯកឧត្តមប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ច ជាផ្លូវការនៅប្រទេសចំនួនបីដែលជាប់នឹងប្រទេសកម្ពុជា។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស ដែលបានចេញនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះបានឲ្យដឹងថា ទស្សកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា ហើយដំណើរទស្សនកិច្ចនេះ ក៏ដើម្បីណែនាំខ្លួនបន្ទាប់ពីឯកឧត្តមកាន់តំណែងជារដ្ឋមន្ត្រីការបរទេសថ្មីផងដែរ។

យោងតាមសេចក្តីជូនដំណឹងបន្តថា ឯកឧត្តម ប្រាក់ សុខុន នឹងដឹកនាំប្រតិភូទៅកាន់សាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ចំនួនបីថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់១៨ ខែមិថុនាឆ្នាំ២០១៦ តាមការអញ្ជើញរបស់លោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្ត្រីការបរទេស ឡាវ ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២០ប្រមុខការទូតរូបនេះនឹងបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រថៃឡង់ដ៍ និងនៅថ្ងៃទី២១ដល់ថ្ងៃទី២៣ ឯកឧត្តមនឹងទៅកាន់ប្រទេសវៀតណាមផងដែរ។

យោងតាមសេចក្ដីជូនដំណឹងដដែលបានឲ្យដឹងទៀតថា ទស្សនកិច្ចនេះគឺដើម្បីពង្រឹងបន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដ៏ល្អប្រសើរ ដែលមានស្រាប់ ទំនាក់ទំនងអ្នកជិតខាងល្អ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងនាមប្រទេសជាប់ព្រំដែនគ្នា៕