កីឡាករ​កូរ៉េខាងជើង ២​រូបនឹង​មកដល់​កម្ពុ​ជា​យប់​នេះ ដើម្បី​ជួយ​ក្រុមការពារ​ជាតិ​ស្វែងរក​ជើងឯក​

335

បាល់ទាត់៖ ដើម្បីសម្រេចមហិច្ឆតាប្រជែងយក តំណែងជើងឯកលីគកំពូលកម្ពុជារដូវកាលថ្មីនេះ ក្លឹបក្រសួងការពារជាតិបានសម្រេច នាំចូលកីឡាករកូរ៉េខាងជើង ២រូបទៀត ដែលពួកគេនឹងធ្វើដំណើរមកដល់កម្ពុជាយប់នេះ សម្រាប់ត្រៀមការប្រកួតជើងទី២ ខណៈបច្ចុប្បន្នក្រសួងងការពារជាតិ បាននឹងកំពុងឈរកំពូលតារាងជាបណ្ដោះអាសន្នដោយមាន ២៤ពិន្ទុក្រោយបញ្ចប់ការប្រកួតជើងទី១។

 
លោក ទេព ឡុងរចនា គ្រូបង្វឹកក្លឹបក្រសួងការពារជាតិបានប្រាប់ឲ្យដឹងថា កីឡាករចំណូលថ្មី ២រូបដែលត្រៀមជួយក្រសួងការពារជាតិគឺមានខ្សែការពារម្នាក់ និងខ្សែបប្រយុទ្ធម្នាក់ ដោយពួកគេមានសមត្ថភាពប្រហាក់ប្រហែលជាមួយកីឡាករ ChoeMyong Ho ដែលកំពុងឈរកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនាពេលបច្ចុប្បន្ន។ គួរបញ្ជាក់ថា បច្ចុប្បន្នក្លឹបក្រសួងការពារជាតិមានកីឡាករកូរ៉េខាងជើង ២រូបគឺកីឡាករ Kim Kyong Hun និងកីឡាករ ChoeMyong Ho បានចូលរួមយ៉ាងសកម្មក្នុងការជួយក្លឹបស្វែងរកជ័យជម្នះ ពីការប្រកួតលីគកំពូលកម្ពុជាជើងទី១ រហូតគ្រងតំណែងកំពូលតារាងជាបណ្ដោះអាសន្នជាមួយ ២៤ពិន្ទុទៀតផង ក្រោយបញ្ចប់ការប្រកួតជើងទី១ ចំនួន ៩ប្រកួតឈ្នះ ៨ និងចាញ់១។

 

អ្វីដែលពិសេសគឺកីឡាករ ChoeMyong Ho ជាខ្សែប្រយុទ្ធឆ្នើម ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រកម្ពុជា តាមរយៈបង្ហាញទម្រង់លេងយ៉ាងល្អ និងជាអ្នកស៊ុតបាល់បញ្ចូលទីបានច្រើនជាងគេចំនួន ១៤គ្រាប់ផងដែរ។ ហេតុនេះការបន្ថែមនូវកីឡាករកូរ៉េខាងជើង ២រូបទៀតគឺជាឧបសគ្គមួយ សម្រាប់ដទៃដែលត្រូវការឈ្នះរៀងៗខ្លួនក្នុងការប្រកួតជើងទី២ ដែលនឹងចាប់ផ្ដើមនាចុងសប្ដាហ៍នេះ៕
អត្ថបទ លី ឈុនឡា