ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង ជាង​២១​លាន​ដុល្លារ​លើ​ការពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​ខេត្តកំពត​

244

កំពត ៖ រាជរដ្ឋាភិបាលជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងជាង២១លាន ដុល្លារអាមេរិក ក្នុងគម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តកំពត ដើម្បីផ្តត់ផ្គង់ទឹកស្អាត ប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនដល់ប្រជាពលរដ្ឋប្រើប្រាស់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងឲ្យដឹង ក្នុងពិធីបញ្ចុះបឋមសីលា បើកការដ្ឋានសាងសង់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត នៅខេត្តកំពត ស្ថិតនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នេះថាហិរញ្ញប្បទានឥតសំណងដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលជប៉ុន ដែលយកមកអនុវត្តន៍គម្រោងទឹកស្អាតនៅ ខេត្តកំពត រួមមាន ៖ ប្រព័ន្ធផលិតកម្មទឹកស្អាត ដែលមានសមត្ថភាព ៧៥០០ម៉ែត្រ ត្រីគុណក្នុងមួយថ្ងៃប្រព័ន្ធបណ្តាញចែកចាយទឹកស្អាតប្រវែងជិត៩០គីឡូម៉ែត្រការបំពាក់មន្ទីរពិសោធន៍ពិនិត្យគុណភាព ទឹក ឧបករណ៍ មេកានិក (Vibration Checker)សម្ភារៈតបណ្តាញចូលផ្ទះសម្រាប់គ្រួសារក្រីក្រចំនួន ៩០០តំណ ការជំរុញការបណ្តុះបណ្តាលវគ្គបច្ចេកទេស ការគ្រប់គ្រងបរិក្ខារគម្រោងប្រព័ន្ធទឹកស្អាតទាំងមូល និងការងារបណ្តុះបណ្តាលនៅពេលដំណើរការសាកល្បងប្រព័ន្ធផលិតកម្មថ្មី ។

ឯកទេសរដ្ឋមន្ត្រី បានលើកឡើងថា នេះជាបង្ហាញនូវសមិទ្ធផលនិងក្តីសង្ឃឹមថ្មីៗជាច្រើនទៀត សម្រាប់អភិវឌ្ឍន៍លើវិស័យទឹកស្អាត ព្រោះបញ្ហាទឹកសម្រាប់ប្រើប្រាស់ គឺជាកត្តាចាំបាច់ដែលខានមិនបាន សម្រាប់បញ្ហាសុខភាពរបស់មនុស្សគ្រប់គ្នា ជាពិសេសមានបណ្តាញទឹកស្អាតគឺជាការជំរុញដល់ការអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើន តាមរយៈការទាក់ទាញអ្នកវិនិយោគទុន និងភ្ញៀវ ទេសចរណ៍បានកាន់តែប្រសើរឡើងផងដែរ ។

សូមបញ្ជាក់ថា បន្ទាប់ពីការសម្ពោធដាក់ឲ្យដំណើរការគម្រោងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរីនាពេលកន្លងទៅនេះ ក្រសួងនឹងចាប់ផ្តើមពង្រីកគម្រោងទឹកស្អាតចំនួនពីរកន្លែងទៀត គឺនៅខេត្តកំពង់ចាម និងខេត្តបាត់ដំបង នឹងគ្រោងសម្ពោធដាក់ឲ្យដំណើរក្នុងខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះផងដែរ៕