CVEA ប្រជុំ​កំណត់​ប្រភេទ​ភ្ញៀវ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ក្នុង​ការ​រកស៊ី​វិស័យ​ដីធ្លី​

140

ភ្នំពេញ ៖ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាហៅកាត់CVEAកាលពីល្ងាចម្សិលមិញនេះបានបើកកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី «ភ្នាក់ងារអចលនវត្ថុរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា» ដើម្បីកំណត់គោលការណ៍ និងក្រមសីលធម៌ សម្រាប់ភ្នាក់ងារអចលនវត្ថុរបស់ខ្លួន ។ ពិសេសអង្គប្រជុំបានជជែកគ្នាយ៉ាងក្ដៅគគុកជុំវិញការរកដំណោះស្រាយកំណត់ប្រភេទភ្ញៀវដែលបន្លំរកស៊ីវិស័យអចលនទ្រព្យដោយទុច្ចរិតទៀតផង ។

កិច្ចប្រជុំនេះបានធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមវត្តមានលោក គីម ហ៊ាង ប្រធាន CVEA និងតំណាងក្រុមហ៊ុនជាសមាជិកផងដែរ ។ នៅក្នុងឱកាសនោះ សមាជិកជាច្រើន បានចូលរួមផ្ដល់មតិយោបល់ពាក់ព័ន្ធនឹងការកំណត់ប្រភេទភ្ញៀវ ដែលជាប្រធានសំខាន់នៃកិច្ចប្រជុំ ដើម្បីរួមចំណែកទប់ស្កាត់ការបន្លំពីសំណាក់បុគ្គលមួយចំនួន ដែលធ្វើឲ្យខាតប្រយោជន៍ក្រុមហ៊ុន ដើម្បីបានប្រយោជន៍ផ្ទាល់ខ្លួន ។

លោកគីម ហ៊ាងបានលើកឡើងថា បច្ចុប្បន្នសេវានាំភ្ញៀវទិញអចលទ្រព្យ កំពុងមានបញ្ហាប្រឈម ព្រោះមានមនុស្សមួយចំនួន បន្លំចង់បានព័ត៌មានពីក្រុមហ៊ុនមួយទៀត ដើម្បីស្វែងរកផលចំណេញផ្ទាល់ខ្លួន។អាស្រ័យហេតុនេះទើប CVEA បើកកិច្ចប្រជុំស្វែងរកដំណោះស្រាយ តាមរយៈការផ្លាស់ប្ដូរមតិយោបល់ជាមួយនឹងសមាជិក ដើម្បីកំណត់វិធីសាស្ត្រកត់សម្គាល់ភ្ញៀវពិត ឬមិនពិត ។

អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេតរូបនេះបានបន្ថែមថា ថ្វីត្បិតបញ្ហាប្រឈមខាងលើ គឺជាហានិភ័យក្នុងការរកស៊ីវិស័យដីធ្លីក៏ពិតមែន ប៉ុន្តែសេវាកម្មវាយតម្លៃអចលទ្រព្យកម្ពុជាបច្ចុប្បន្ន កំពុងរីកចម្រើនខ្លាំង ហើយតម្រូវការក៏មានការកើនឡើងដែរ ។ ចំណុចនេះបង្ហាញឲ្យឃើញពីភាពរីកចម្រើននៃវិជ្ជាជីវៈវាយតម្លៃនៅកម្ពុជា។ដោយឡែក CVEA នៅបន្តស្វែងរកដំណោះស្រាយកាត់បន្ថយបញ្ហាអវិជ្ជមាននានា ដើម្បីរួមចំណែកការអភិវឌ្ឈន៍វិស័យអចលនទ្រព្យ ប្រកបដោយនិរន្តភាពនៅកម្ពុជា ៕