អត្រា​ការប្រាក់​ថយ​ចុះ​ខណៈ​ចំនួន​ធនាគារ​កាន់តែ​កើន​ឡើង​នៅ​កម្ពុជា​

282

ភ្នំពេញ ៖ អត្រាការប្រាក់ក្នុងវិស័យធនាគារនៅកម្ពុជាកំពុងមានការធ្លាក់ចុះ ខណៈចំនួនធនាគារនៅកម្ពុជាបានកើនឡើង ដែលឆ្លុះបញ្ចាំងពីការរីកចម្រើនសេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា។

លោកឆារស៍ វ៉ាន់ប្រធានស្ដីទីសមាគមធនាគារកម្ពុជាបានថ្លែងឲ្យដឹងកាលពីម្សិលមិញថា ស្ថានភាពធនាគារនៅកម្ពុជាមានការរីកចំរើនល្អ និងមានការវិវត្តន៍ទៅមុខល្អ ដោយសារធនាគារជាតិបានអនុវត្តន៍ច្បាប់ធនាគារបានពេញលេញ ដែលធ្វើសុខមាលភាពវិស័យនេះមានភាពរឹងមាំ ជាពិសេសស្ថិរភាពនយោបាយរបស់ប្រទេសដែលបានទាក់ទាញអ្នកវិនិយោគជាច្រើន ចូលមកវិនិយោគនៅកម្ពុជាជាបន្តបន្ទាប់ ដែលបានទាក់ទាញធនាគារនៅបរទេស មកកាន់កម្ពុជាកាន់តែច្រើន។

លោកបន្តថា “ពេលណាធនាគារបរទេសចូលមកកម្ពុជាកាន់តែច្រើន គឺកត់សំគាល់ថាសេដ្ឋកិច្ច និងស្ថិរភាពនយោបាយរបស់កម្ពុជាមានភាពរ៉ឹងមាំ ទើបមានធនាគារបរទេសចូលមក”។លោកបន្តថា “ទីផ្សារអត្រាការប្រាក់បានថយចុះជាបន្តបន្ទាប់ ដោយសារធនាគារបរទេសចូលមកកាន់តែច្រើន ដែលមានការប្រកួតប្រជែង ព្រោះទីផ្សារសេរីមិនចាំបាច់រដ្ឋាភិបាលកំណត់អត្រាការប្រាក់នោះទេ គឺធនាគារទាំង អស់ដើរតួនាទីរបស់ខ្លួន ដែលពួកគេយកទុនពីបរទេសមានអត្រាការប្រាក់ទាប ក៏បានយកអត្រាការប្រាក់ទាបនៅកម្ពុជាផងដែរ”។

លោកឆារស៍ វ៉ាន់បានបន្តថា ការមានធនាគារកាន់តែច្រើន គឺផ្ដល់ផលប្រយោជន៍ដែលទាក់ទាញ និងផ្ដល់សេវាកម្មដល់អតិថិជនកាន់តែច្រើនផ្ដល់ឲ្យអតិថិ ជនលើទីផ្សារទាំងមូល ដែលធ្វើឲ្យអត្រាការប្រាក់បានថយចុះជាបន្តបន្ទាប់ ធ្វើឲ្យអ្នកប្រើប្រាស់បានផលប្រយោជន៍ជាបន្តបន្ទាប់។

លោកស្រីសូ ផនណារីអនុប្រធានប្រតិបត្តិ និងជានាយិកាប្រតិបត្តិ ប្រតិបត្តិការនៃធនាគារអេស៊ីលីដាបានថ្លែងថា កំណើនធនាគារច្រើនឬតិច និងអត្រាការប្រាក់ធ្លាក់ចុះឬនៅថេរ អាស្រ័យលើការផ្គត់ផ្គត់និងតម្រូវការ។ បើតម្រូវការឥណទាននៅតែច្រើន អត្រាការប្រាក់ក៏មានភាពប្រកួតប្រជែងផងដែរ។លោកស្រីបន្តថា បច្ចុប្បន្នធនាគារអេស៊ីលីដាបានផ្តល់ឥណទានដល់អតិថិជន ក្នុងអត្រាការប្រាក់ចន្លោះពី៨ទៅ២៨ភាគរយ អាស្រ័យលើគុណភាពអតិថិជន ដែលត្រូវការឥណទានរបស់ធនាគារ ហើយប្រសិនជាអតិថិជនមានរបាយការណ៍ហិរញ្ញវត្ថុ និងសវនកម្មច្បាស់លាស់ ពួកគេអាចទទួលបានឥណទានក្នុងអត្រាការប្រាក់ទាប។

លោកស្រីបន្តថា “ទោះជាយ៉ាងណាឥណទានរបស់អេស៊ីលីដាបានថយចុះជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះជាតម្រូវការឥណទាននៅរក្សាអត្រាកំណើន២៥ទៅ៣០ភាគរយប្រចាំឆ្នាំក្ដី”។លោកស្រីបន្តថា “ការហូរចូលនូវធនាគារបរទេសមកកម្ពុជា គឺពួកគេបានសិក្សាពីទីផ្សារច្បាស់លាស់ហើយ មុនពួកគេចូលមកវិនិយោគ ព្រោះកម្ពុជានៅមានតម្រូវការឥណទានច្រើន ដើម្បីអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ឋ ឧស្សាហកម្ម និងកសិកម្ម” ៕