សាកសព​ក្មេង​ប្រុស​ត្រូវ​បានគេ​រក​ឃើញ ​ក្រោយ​សត្វ​ក្រពា​ខាំ​អូសចូល​ក្នុង​ត្រពាំង​នៅ​រមណីយដ្ឋាន​ឌី​ស្នី​រដ្ឋ​ផ្ល័ររីដា​

343

អាមេរិក៖ មន្ត្រីនិយាយថា នគរបាលប្រើទូក អ្នកមុជទឹក និងឧទ្ធម្ភាគចក្រមួយគ្រឿងកាលពីថ្ងៃពុធម្សិលមិញ បានរកឃើញសាកសពក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ដែលត្រូវបានសត្វក្រពាចាប់ពាំ នៅនឹងមុខក្រុមគ្រួសាររបស់គេ អំឡុងវិស្សមកាលនៅរមណីយដ្ឋាន Walt Disney World ក្នុងទីក្រុងអូលែនដូ រដ្ឋផ្ល័ររីដា សហរដ្ឋអាមេរិក។

ស្នងការនគរបាលស្រុក Orange County លោក Jerry Demings បាននិយាយថា នៅម៉ោងប្រហែល 1:45 នាទីថ្ងៃនេះ សមាជិកនៃការិយាល័យក្រុមអ្នកមុជទឹករបស់ស្រុក Orange County បានកំណត់សម្គាល់អ្វីដែលគេជឿថា ជាសាកសពរបស់ក្មេងប្រុសអាយុ ២ឆ្នាំ។ ម៉ោងប្រមាណ 3:30នាទីថ្ងៃនេះ ពួកលោកបានរកឃើញ និងស្រង់សាកសពរបស់ក្មេងនេះចេញពីទឹកហើយ បច្ចុប្បន្នសាកសពត្រូវបានបញ្ជូនទៅកាន់ការិយាល័យពិនិត្យវេជ្ជសាស្ត្ររបស់ស្រុក ដើម្បីធ្វើកោសល្យវិច័យ។

ចំនែកប្រធានគណៈកម្មការអភិរក្សសត្វក្នុងទឹក និងលើដីគោករដ្ឋផ្ល័ររីដានិយាយថា សត្វក្រពានេះត្រូវគេជឿថា មានប្រវែងចន្លោះ 1.2 ទៅ 2ម៉ែត្រ។ ក្រោយកើតហេតុមន្ត្រីជំនាញសត្វព្រៃបានចាប់ និងសម្លាប់សត្វក្រពាចំនួន ៥ក្បាលពីបឹងនេះ ដើម្បីរកក្មេងនេះ ប៉ុន្តែមិនបានរកឃើញតម្រុយអ្វីឡើយ។ សូមបញ្ជាក់ថាបឹង Seven Seas Lagoon ជាប្រភេទបឹងបង្កើតឡើងដោយមនុស្សមានជម្រៅ 4.2ម៉ែត្រនៅជាប់នឹងមាត់សមុទ្រ សម្រាប់សម្រាកកម្សាន្តស្ថិតក្នុងតំបន់រមណីយដ្ឋានឌីស្នីរដ្ឋផ្ល័ររីដា៕
អត្ថបទ៖ សុខមាន