សម្ដេច​តេ​ជោ​ផ្ដល់​ថវិកា​សម្រាប់​ជួយ​ដល់​សព ​អតីត​យុទ្ធ​៤០០​លាន​រៀល និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ក្នុងនាម​កាកបាទក្រហម​១០​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ

258

ភ្នំពេញ៖ តបទៅនឹងការគោរពស្នើសុំពីឯកឧត្ដមនាយឧត្តមសេនីយ៍ គន់ គីម សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានឆ្លើយតបដោយ ចូលរួមថវិកា ក្នុងនាមក្រុមគ្រួសាររបស់សម្ដេច សម្រាប់គាំទ្រជួយដល់សកម្មភាពអតីតយុទ្ធជនក្នុង១ឆ្នាំ៤០០លានរៀល សម្រាប់ជួយដល់ សពអតីតយុទ្ធជន១០០នាក់ក្នុង១ឆ្នាំៗ ដែលម្នាក់ៗនឹងទទួលបាន៤លានរៀល ហើយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតក្នុងនាមកាកបាទក្រហមក៏បានចូលរួមថវិកា១០ម៉ឺនដុល្លារក្នុង១ឆ្នាំផងដែរ។

ការសម្រេចចិត្តភ្លាមៗ តបទៅនឹងការស្នើសុំនេះ ត្រូវបានធ្វើឡើងក្នុងពិធីអបអរសាទរ ខួបលើកទី៩ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ដែលរៀបចំដោយសមាគមអតីតយុទ្ធជនកម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសាលមហោស្រពកោះពេជ្រ នា ព្រឹកថ្ងៃទី២១មិថុនានេះ។

ជាមួយនឹងការឆ្លើយតបឧបត្ថម្ភថវិកាក្នុងនាមក្រុមគ្រួសារផ្ទាល់ ក៏ដូចជាការសម្រេចឧបត្ថម្ភប្រចាំឆ្នាំពីសម្តេចប្រធានកាកបាទក្រហម សម្ដេចតេជោក៏បានកៀរគរ ដល់ឯកឧត្ដម លោកជំទាវជាថ្នាក់ដឹកនាំ និងសប្បុរសជនដទៃទៀតឱ្យចូលរួមគាំទ្រដល់សកម្មភាពអតីតយុទ្ធជននេះផងដែរ។ជាមួយនេះ សម្តេចក៏ថ្លែងអំណរគុណដល់សប្បុរជនដែលឆ្លើយតប យ៉ាងទាន់ពេលហើយទទួលបានថវិកាដ៏ច្រើនពីឯកឧត្ដម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ហើយសម្ដេចក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ប៉ុន្តែជាមួយនឹងអំណរគុណនេះ សម្ដេចគូសបញ្ជាក់ថា«បើគ្មានបងប្អូនអតីត យុទ្ធជនកម្ពុជាទេ អស់លោក ក៏គ្មានឱកាសបានរកស៊ីមានបាននោះដែរ»

ក្នុងពិធីដ៏មានអត្ថន័យនេះ សម្ដេចតេជោ បានមានប្រសាសន៍ថា ក្នុងនាមសម្ដេចផ្ទាល់ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្ដេចបានលំឱនកាយគោរពចំពោះវិញ្ញាណក្ខន្ធយុទ្ធជន យុទ្ធនារី និងប្រជាពលរដ្ឋ កម្ពុជា ដែលបានបូជាជីវិត ដើម្បីប្រទេសជាតិ ហើយសម្ដេចក៏បានផ្ដាំផ្ញើនូវការសួរសុខទុក្ខ ប្រកបដោយក្ដីស្រឡាញ់ ជូនចំពោះបងប្អូនអតីត យុទ្ធជន ក្រុមគ្រួសាររបស់បងប្អូន និងកងកម្លាំងប្រដាប់អាវុធគ្រប់កប្រភេទ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេសដែលកំពុងបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលបាន និងកំពុងបំពេញបេសកកម្ម យ៉ាងសស្រាក់ស្រាំ ក្នុងបុព្វហេតុ ការពារ ស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ។

ក្នុងបរិយាកាសដ៏ថ្លៃថ្លានេះ សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តម សេនីយ៍ផុតលេខ ផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសដ៏ឧត្តុង្គ ឧត្តម បំពាក់គ្រឿងឥស្សរិយយស សេនាបជ័យសិទ្ធិ ជូនដល់ឯកឧត្ដម ជាថ្នាក់ដឹកនាំ និងអតីតយុទ្ធជន ជាបន្តបន្ទាប់ ដែលមានគុណបំណាច់ដ៏ធំធេង នៅក្នុងបុព្វហេតុ នៃការការពារជាតិមាតុភូមិជាទីស្នេហានៃយើង។ បន្ទាប់មក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្តល់លិខិតថ្លែងអំណរគុណដល់សប្បុរសជន នានាដែលបានចូលរួមថវិកា ក្នុងការទ្រទ្រង់ដល់សកម្មភាពអតីតយុទ្ធជនកម្ពុជានេះ ផងដែរ៕