ក្រសួងកសិកម្ម បង្កើត​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ​នៅ​ប្រជុំ​កោះរ៉ុង និង​កោះរ៉ុង​សន្លឹម​

453

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចបង្កើតតំបន់គ្រប់គ្រងជលផលសមុទ្រនៅប្រជុំកោះរ៉ុង និងកោះរ៉ុងសន្លឹម ដែលតំបន់នោះ ស្ថិតក្នុងដែននេសាទ នៃភូមិសាស្ត្រសង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានផ្ទៃក្រឡាសរុប ៤០.៥៣៥ហិកតា ។

យោងតាមសេចក្ដីប្រកាស របស់ក្រសួងកសិកម្ម ចុះថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ដែលទទួលបាននៅថ្ងៃអង្គារ ទី២១ ខែមិថុនាម្សិលមិញ បានឲ្យដឹងថា ការសម្រេចនេះ មានគោលបំណងដើម្បីការពារ អភិរក្ស និងប្រើប្រាស់ធនធានជលផលសមុទ្រប្រកបដោយនិរន្តរភាព ស្របតាមគោលនយោបាយវិស័យជលផលជាតិ និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

សេចក្ដីប្រកាស បានបន្តថា តំបន់គ្រប់គ្រងជលផលសមុទ្រប្រជុំកោះរ៉ុង និងកោះរ៉ុងសន្លឹម រួមមាន តំបន់ផ្កាថ្ម, តំបន់ថ្មីប៉ប្រះទឹក, តំបន់ស្មៅសមុទ្រ តំបន់ព្រៃកោងកាង, តំបន់ទីជម្រកធនធានជលផលសំខាន់ផ្សេងៗទៀត និងប្រព័ន្ធអេកូឡូស៊ី ដែលមានសារៈសំខាន់សម្រាប់ជាជម្រកពងកូន រស់នៅ និងកន្លែងផ្ដល់ចំណីដល់មច្ឆជាតិ និងវារីជាតិដទៃទៀត ៕