OCIC ​ត្រៀម​សាងសង់​បញ្ចប់​ផ្លូវ​មេ​ក្នុង​ទីក្រុង​រណប​ជ្រោយ​ចង្វារ​ ជិត​បញ្ចប់​

168

ភ្នំពេញ ៖ ក្នុងគោលដៅកាត់បន្ថយការកកស្ទះចរាចរ ជំនន់ទឹកភ្លៀង និងលើកកម្ពស់សោភ័ណភាពនៅតំបន់ជ្រោយចង្វារ ក្រុមហ៊ុន OCIC បាននិងកំពុងសាងសង់ថ្មីមួយទៀតអមផ្លូវជាតិលេខ៦ ខណៈការសាងសង់ផ្លូវមេក្នុងទីក្រុងរណប ជ្រោយចង្វារ ជិតបញ្ចប់ការសាងសង់។

អនុប្រធានការដ្ឋាននៃគំរោងទីក្រុងរណបជ្រោយចង្វារលោកទេស សុខាន់ណូ បានថ្លែងឲ្យដឹងតាមទូរស័ព្ទថ្ងៃទី២២ មិថុនានេះថា រហូតមកទល់ពេលនេះ ការសាងសង់ផ្លូវមេក្នុងទីក្រុងរណបជ្រោយចង្វារ បានបញ្ចប់ការសាងសង់ប្រមាណ៧០ភាគរយហើយ ខណៈក្រុមហ៊ុនកំពុងរៀបចំដាំដើមឈើ ដាក់អំពូលភ្លើង និងរៀបចំសួនច្បារដែលពុះចំកណ្តាលផ្លូវនេះ។

លោក បន្តថា ផ្លូវនេះមានប្រវែង៥,៥គីឡូម៉ែត្រ ជាផ្លូវដែលមានសួនចំកណ្តាលទំហំ២ម៉ែត្រ និងផ្លូវសងខាងមានទំហំ១១ម៉ែត្រ ដែលអាចរថយន្តបើកបរបានបីខ្សែបាន។

លោក បន្តថា“ផ្លូវនេះ លូនកាត់សង្កាត់ចំនួនបីគឺសង្កាត់ជ្រោយចង្វារ ព្រែកលាបនិងសង្កាត់ព្រែកតាសេក ដែលជាផ្លូវដ៏ធំនិងសំខាន់ជាងគេនៅក្នុងទីក្រុងរណបនេះ”។លោក បន្តថា“ក្រុមហ៊ុនគ្រោងបញ្ចប់ការសាងសង់ផ្លូវមេនេះ ឆាប់ៗតាមដែលអាចធ្វើទៅបាន ដើម្បីឈានទៅជំហ៊ានថ្មីទៀត ដែលក្រុមហ៊ុនគ្រោងសាងសង់ស្ពានទំហំ៣០ទៅ៦០ម៉ែត្រ លូនចេញពីតំបន់ឃ្លាំងសាំងសូគីម៉ិច ទៅកាន់តំបន់ជ្រោយចង្វារនាពេលខាងមុខ”។

លោកទេស សុខាន់ណូ បានបន្តទៀតថា ទន្ទឹមនឹងផ្លូវមេជិតបញ្ចប់ ក្រុមហ៊ុនក៏បាន និងកំពុងសាងសង់ផ្លូវមេមួយទៀតអមផ្លូវជាតិលេខ៦មួយខ្សែទៀត ដែលផ្លូវនេះ មានទទឹង១៥ម៉ែត្រ និងមានប្រវែង៤,៥គីឡូម៉ែត្រ។ បច្ចុប្បន្នការសាងសង់ផ្លូវនេះសម្រេចបាន៥០០ម៉ែត្រហើយ ប៉ុន្តែការសាងសង់ផ្លូវនេះ បានប៉ះពាល់ដីនិងលំនៅដ្ឋានប្រជាពលរដ្ឋច្រើន តែយ៉ាងណាពួកគេសហការក្នុងការដោះស្រាយ ព្រោះផ្លូវថ្មីនេះផ្តល់ផលប្រយោជន៍ ច្រើនដល់ពួកគេ។

លោក បន្តថា “ផ្លូវថ្មីដែលមានចម្ងាយ១០០ម៉ែត្រពីផ្លូវជាតិលេខ៦ មានសារៈសំខាន់ណាស់ ដែលវានឹងដើរតួនាទីកាត់បន្ថយការកកស្ទះចរាចរ កាត់បន្ថយទឹកជំនន់ពេលមានភ្លៀងធំៗ ព្រោះក្រុមហ៊ុនបាន និងកំពុងដាក់លូខ្នាតធំ ដើម្បីបញ្ចប់ការលិចលង់នៅតំបន់នេះ”។

ទោះជាយ៉ាងណាលោកទេស សុខាន់ណូ មិនបញ្ជាក់ឲ្យដឹងពីទុនវិនិយោគសាងសង់ផ្លូវថ្មីទាំងពីរខ្សែនេះទេ។ ទីក្រុងរណបជ្រោយចង្វារ ជាទីក្រុងរណបថ្មីមួយដែលស្ថិតនៅកៀករាជធានីភ្នំពេញ និងជាតំបន់មានសក្តានុពល ដោយក្រុមហ៊ុន OCIC គ្រោងបោះទុនវិនិយោគទឹកប្រាក់១៦០០លានដុល្លារអាមេរិក លើផ្ទៃដីប្រមាណ៣០០ហិកតា។

ចៅសង្កាត់ព្រែកលាប លោកព្រាប មុនីបានថ្លែងថា ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់លោកចំនួន១១គ្រួសារ បានរងផលប៉ះពាល់ពីគំរោងសាងសង់ផ្លូវថ្មីអមផ្លូវជាតិលេខ៦នេះ ប៉ុន្តែក្រុមហ៊ុនកំពុងសម្របសម្រួលជាមួយប្រជាពលរដ្ឋ លើបញ្ហានេះហើយ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងសាងសង់បណ្តើរ ដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋបណ្តើរ។

លោកបន្តថា “អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋអបអរសាទរចំពោះការសាងសង់ផ្លូវថ្មីនេះ ដោយសារផ្លូវនេះដើរតួនាទីសំខាន់ ក្នុងការរំលែកយានយន្តចេញពីផ្លូវជាតិលេខ៦ ករណីមានការកកស្ទះចរាចរ និងកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀងនៅតំបន់នេះ”៕