សម្តេច​តេ​ជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ​លោកជំទាវ​ទូត​ស៊ុយអែត​ជម្រាបលា​

297

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រសៀលថ្ងៃទី២២ ខែមិថុនានេះ បានអនុញ្ញាតឱ្យលោកជំទាវ អាណា ម៉ាច់ ហ៊ុលហ្គាដ (Anna Maj Hulgard) អគ្គឯករាជ ទូត ស៊ុយអែត ចូលជួបជម្រាបលា នៅវិមានសន្តិភាព ខណៈលោកជំទាវត្រូវបានបញ្ចប់អាណត្តិបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មានថា នៅក្នុងជំនួបនេះលោកជំទាវ អាណា បានជំរាបជូនសម្តេចតេជោថា លោកជំទាវមានការពេញចិត្តយ៉ាងខ្លាំងក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ហើយពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងស៊ុយអ៊ែត។

ឯកឧត្តម កៅ គឹមហួន បន្តថា សម្តេចតេជោ ក៏បានសំដែងនូវការរីករាយ និងពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ព្រោះថា ប្រទេសទាំងពីរ កម្ពុជា និងស៊ុយអ៊ែត មានទំនាក់ទំនងល្អជាមួយគ្នា យូរមកហើយ រួមទាំងពេលវេលាដែលប្រទេសកម្ពុជា រងសម្ពាធនៃទណ្ឌកម្ម ដែលពេលនោះ ស៊ុយអ៊ែត បានជួយកម្ពុជា។

លោកជំទាវ ឯកអគ្គរាជទូតស៊ុយអ៊ែត ក៏បានជំរាបសម្តេចថា នៅក្នុងអាណត្តិនេះ លោកជំទាវ បានជួយរៀបចំអោយសម្តេចក្រឡាហោម ស ខេង ដើម្បីបានទៅបំពេញទស្សនកិច្ចនៅប្រទេសស៊ុយអ៊ែត ហើយលោកជំទាវ ក៏បានចូលរួមយ៉ាងសកកម្មក្នុងការបណ្តុះបណ្តាលធនធានមនុស្ស នៅប្រទេសកម្ពុជាផងដែរ ហើយនៅពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីស៊ុយអ៊ែត បានដាក់ចេញនូវគំនិតផ្ដួចផ្ដើមជាសកលមួយតាមផ្នែកសង្គម ដោយគាំទ្រធ្វើយ៉ាងណាអោយខាងរដ្ឋាភិបាល វិស័យឯកជន និងពលករ មានទំនាក់ទំនងល្អ ធ្វើការជាមួយគ្នា ដើម្បីអោយបរិយាកាសការងារប្រសើរឡើង ហើយកន្លងមកនេះ

ឯកឧត្តម កៅ គឹមហួន បន្ថែមថា នាយករដ្ឋមន្ត្រីស៊ុយអ៊ែត ក៏បានអញ្ជើញ សម្តេចតេជោ ចូលរួមក្នុងគំនិតផ្តួចផ្តើមនេះផងដែរ ហើយសម្តេចក៏បានគាំទ្រចំពោះគំនិតផ្តួចផ្តើមដែលសម្តេចចាត់ទុកជាការផ្តួចផ្តើមដ៏សំខាន់។

លោកជំទាវបន្តថា ឆ្នាំនេះ គឺជាឆ្នាំដែលប្រទេសស៊ុយអ៊ែត ដាក់បេក្ខភាពដើម្បីក្លាយជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលគ្រោងបោះឆ្នោតនៅថ្ងៃទី ២៨ មិថុនា នេះ នៅអង្គការសហប្រជាជាតិ។

ទាក់ទិនបញ្ហានេះ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាគាំទ្របេក្ខភាពរបស់ប្រទេសស៊ុយអ៊ែត ហើយប្រទេសស៊ុយអ៊ែតក៏បានគាំទ្របេក្ខភាពរបស់ប្រទេសកម្ពុជា បេក្ខភាពក្រុមប្រឹក្សាសង្គមសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិ។

សម្តេចតេជោត្រៀម នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសស៊ុយអ៊ែត នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី អ៊ឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនៅប្រទេសម៉ុងហ្កោលីនាពេលខាងមុខ។

ជាទីបញ្ចប់ សម្តេចតេជោ និងលោកជំទាវទូត ស៊ុយអ៊ែត ក៏បានផ្លាស់ប្តូរមតិគ្នាជុំវិញបញ្ហាអន្តរជាតិមួយចំនួនរួមទាំងការបោះឆ្នោតនៅសហរដ្ឋអាមេរិក បញ្ហាសមុទ្រចិនខាងត្បូង និងស្ថានភាពនៅអ៊ឺរ៉ុបផងដែរ៕