គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​២២​ខែ​មិថុនា​កើតឡើង​៩​លើក​ស្លាប់​៣​នាក់​របួសធ្ងន់​ស្រាល​១៣​នាក់​

182

ភ្នំពេញ ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ៩លើក (យប់ ៤លើក) បណ្ដាលអោយមនុស្សស្លាប់ ៣នាក់ ( ស្រី ១នាក់ ) រងរបួសធ្ងន់ ១០នាក់ ( ស្រី ១នាក់ ) និងរបួសស្រាល ៣នាក់ ( ស្រី ១នាក់ ) ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៩លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ត សរុប ចំនួន ១៦គ្រឿង រួមមាន ម៉ូតូចំនួន ១០គ្រឿង រថយន្តធុនតូច ចំនួន ២គ្រឿង រថយន្តធុនធំ ចំនួន ៣គ្រឿង និងគោយន្ត ចំនួន ១គ្រឿង ។

ប្រភពព័ត៌មានដដែលប្រាប់បន្តឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន ៤លើក ( ស្លាប់ ១នាក់ ) ,ស្រវឹង ១លើក ( ស្លាប់ ១នាក់ ) , ប្រជែងគ្រោះថ្នាក់ ២លើក , បត់គ្រោះថ្នាក់ ១លើក ( ស្លាប់ ១លើក ) និងមិនគោរពសិទ្ធិ ១លើក ។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៧នាក់ ( យប់ ៥នាក់ )

គ្រោះថ្នាក់នៅលើដងផ្លូវរួមមានផ្លូវជាតិ ចំនួន ៤លើក ផ្លូវខេត្តក្រុង ចំនួន ៤លើក និងផ្លូវលំ ចំនួន ១លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៥លើក រថយន្តធុនតូច ១លើក និងរថយន្តធុនធំ ៣លើក ។

យោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បន្តទៀតឲ្យដឹងថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន រាជធានីភ្នំពេញ ២លើក ស្លាប់ ១នាក់ របួស ២នាក់ ខេត្តព្រះសីហនុ ១លើក ស្លាប់ ១នាក់ ( ស្រី ) និងខេត្តតាកែវ ១លើក ស្លាប់ ១នាក់របួស ១នាក់ ( ស្រី )

ប្រភពព័ត៌មានពីនាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិប្រាប់បញ្ជាក់ឲ្យដឹងថា កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៤១៣០គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ១៧៤៦គ្រឿង និងពិន័យសរុប ២៣៨៤គ្រឿង ៕