រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​អំពាវនាវ​ដល់​ក្រុមប្រឹក្សា​ទេសចរ​និង​ពាណិជ្ជកម្ម​អឺរ៉ុប​បន្ត​ជំរុញ​ការ​ផ្សព្វផ្សាយ​សក្ដានុពល​ទេសចរ​កម្ពុជា​

248

ភ្នំពេញ ៖ ឯកឧត្ដម ថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអំពាវនាវដល់ក្រុមប្រឹក្សាទេសចរណ៍ និងពាណិជ្ជកម្មអឺរ៉ុបអោយបន្តសហការជួយគាំទ្រក្រសួងទេសចរណ៍កម្ពុជាជំរុញការផ្សព្វផ្សាយពីសក្ដានុពល និងគោលដៅទេសចរណ៍កម្ពុជាទៅកាន់ ទីផ្សារអឺរ៉ុបនិងលើពិភពលោកទាំងមូលក៏ដូចជាចូលរួមចំណែកក្នុងយុទ្ធនាការផ្សព្វផ្សាយ“កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ ដើម្បីទាក់ទាញភ្ញៀវទេសចរអឺរ៉ុបមកកម្ពុជាកាន់តែកើនឡើងថែមទៀត។

ការអំពាវនាវ របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ដូច្នោះធ្វើឡើងនៅក្នុងពិធីលាងសាយភោជន៍អបអរសាទរព្រះរាជាណាចក្រកម្ពុជាទទួលរង្វាន់ “ជាគោលដៅទេសចរល្អបំផុតលើពិភពលោកឆ្នាំ២០១៦” និង “ជាគោលដៅ វប្បធម៌ពេញនិយមក្នុងឆ្នាំ២០១៦” និងអបអរសាទរដ៏ខ្ពង់ខ្ពស់បំផុតជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលត្រូវបានបោះឆ្នោតជាឯកច្ឆន្ទជ្រើសតាំងជាសមាជិកកិត្តិយសនៃបណ្ឌិតសភាទេសចរណ៍អឺរ៉ុបកាលពីថ្ងៃទី២២ ខែ មេសា ឆ្នាំ២០១៦នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។

ឯកឧត្ដមបានបន្តទៀតថា នៅពេលនេះ ឯកឧត្ដម សាស្ត្រាចារ្យបណ្ឌិត Anton Caragea ប្រធានក្រុមប្រឹក្សាទេសចរ និងពាណិជ្ជកម្មអឺរ៉ុបត្រូវបានតែងតាំងជាអគ្គរាជទូតសុឆន្ទៈទេសចររបស់កម្ពុជា ឯកឧត្ដមមិនត្រឹមតែជួយផ្សព្វផ្សាយគោលដៅទេសចរកម្ពុជាទៅកាន់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែក៏សូមយកចិត្តទុកដាក់ជួយកម្ពុជាលើវិស័យបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរផ្ដល់នូវឯកសារសិក្សាស្រាវជ្រាវដែលមានសារៈសំខាន់នានាដើម្បីជាការបំពេញបន្ថែមនិងចែករំលែកនូវបទពិសោធន៍ល្អៗពាក់ព័ន្ធ នឹងការគ្រប់គ្រងនិងអភិវឌ្ឍវិស័យទេសចរដល់កម្ពុជាផងដែរ។

ឯកឩត្តមបញ្ជាក់ថា ទាំងនេះគឺជាមោទនភាពដ៏ខ្ពង់ខ្ពស់សម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ដែលស្ដែងចេញពីការខិតខំប្រឹងប្រែង របស់កម្ពុជាយើងសុទ្ធសាធចាប់ផ្ដើមពីចំណុចសូន្យរហូតដល់ទទួលបាននូវការទទួលស្គាល់ល្បីរន្ទឺលើឆាកអន្តរជាតិ (From Zero to Hero) និងតាមរយៈការរីកចម្រើន និងការអភិវឌ្ឍនៃវិស័យទេសចរណ៍កម្ពុជា ដោយឈរលើគោលនយោបាយ និងយុទ្ធសាស្ត្រត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍទេសចរមួយប្រកបដោយនិរន្តរភាពទទួលខុសត្រូវ និងប្រកបដោយបរិយាប័ន (Responsibility, Sustainability & Inclusiveness)

ក្នុងឆ្នាំ២០១៥កន្លងមកនេះកម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ៤,៧៨ លាននាក់ ក្នុងកំណើន ៦,% ក្នុងនោះ ទេសចរអឺរ៉ុបកើនឡើងរហូលដល់ចំនួនប្រមាណ ៧២ម៉ឺននាក់ ហើយក្នុងរយៈពេល០៤ ខែដើមឆ្នាំ២០១៦ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ១.៧ លាននាក់ កើន ២,% ក្នុងនោះ ទេសចរអឺរ៉ុបមានចំនួន ៣១៦ ២២០នាក់ កើន ៧,% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៥។ តាមការព្យាករណ៍ កម្ពុជាសង្ឃឹមថា ក្នុងឆ្នាំ២០១៦ កម្ពុជាអាចនឹងទទួលទេសចរអឺរ៉ុបមកទស្សនាប្រមាណជិត១លាននាក់៕