សម្ដេច​តេ​ជោ​ ៖ សូម​កុំ​ប្រើ ទឹក​លុយ និង​ការគាបសង្កត់ ដើម្បី​បង្ខំ ឲ្យ​ចូល​សាសនា​

187

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃសុក្រទី២៤ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងឱកាស សំណេះសំណាល ជាមួយគ្រីស្ទបរិស័ទកម្ពុជា ប្រមាណជាង២ពាន់នាក់ នៅអគារ City Hall នៃមជ្ឈមណ្ឌលកោះពេជ្រ បានមានប្រសាសន៍ថា សូមកុំប្រើទឹកលុយ និងការគាបសង្កត់ ដើម្បីបង្ខំឲ្យ ចូលសាសនាណាមួយឲ្យសោះ ព្រោះថាសាសនានីមួយៗគឺសុទ្ធតែបាន ចូលរួមយ៉ាងសំខាន់ ក្នុងការថែរក្សាស្ថិរភាពនយោបាយ និងចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យរឹតតែរីកចម្រើន ។

សម្ដេចតេជោ បានសរសេរសារបង្ហោះ នៅលើ Page Facebook ផ្ទាល់របស់សម្ដេចថា «យើងមិនបានបំភ្លេចផងដែរ អំពីរបបប៉ុលពត ក្នុងឆ្នាំ ១៩៧៥ ដែលពេលនោះរបបនេះ បានបង្អត់អាហារ និងធ្វើបាបប្រជាជនយ៉ាងវេទនាបំផុត ។ សិទ្ធិសេរីភាពក្នុងការរស់រានមានជីវិត គឺត្រូវបានបំបិទចោលទាំងស្រុង ហើយអ្នកដែលនៅបន្តកាន់សាសនា គឺជាអ្នកប្រឆាំងដែលត្រូវបានទទួលទោស។ ក្នុងរបប ប៉ុល ពត គ្រប់សាសនាគឺ ត្រូវបាន បំផ្លាញចោលទាំងស្រុង ចាប់តាំងពីរំដោះប្រទេសបាននៅខែ មករា ១៩៧៩ គឺរដ្ឋាភិបាលបានគាំទ្រ និងជំរុញ ដើម្បីសុខដុមនីយកម្ម នៅក្នុងប្រទេសជាតិ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់គឺខ្ញុំតែងតែគាំទ្រ និងលើកស្ទួយនូវសិទ្ធិសេរីភាព ដល់បងប្អូនខ្មែរទាំងអស់គ្នា ទោះបីយើងមានជំនឿ សាសនាខុសៗគ្នាក៏ដោយ »

នៅក្នុងសាររបស់ សម្ដេចតេជោ ដដែលបានសរសេររៀបរាប់ទៀតថា «ច្បាស់ណាស់ សាសនា គឺតែងតែប្រដៅអប់រំពលរដ្ឋ ឲ្យធ្វើល្អ និងជួយគ្នាក្នុងសង្គម ទន្ទឹមនឹងនោះដែរ ព្រះពុទ្ឋសាសនា គ្រីស្ទសាសនា និងអ៊ីស្លាមសាសនា គឺបានចូលរួមយ៉ាងសំខាន់ ក្នុងការថែរក្សាស្ថេរភាព នយោបាយ និងចូលរួមអភិវឌ្ឍន៍ ប្រទេសជាតិ ឲ្យរឹតតែរីកចម្រើន។ ទន្ទឹមនឹងការប្រតិបត្តិសាសនា គឺត្រូវតែពង្រឹងការគ្រប់គ្រងគ្រង សមាជិកអោយមានជំនឿទុកចិត្ត និងមាន សាមគ្គីភាពល្អជាមួយគ្នា។ សូមគ្រប់សាសនាទាំងអស់ ចូលរួមបណ្ដុះបណ្ដាលធនធានមនុស្ស ឲ្យបានច្រើនឡើង ហើយសូមបងប្អូនគោរពច្បាប់ ប្រទេសជាតិ រួមទាំងច្បាប់ចរាចរណ៍ជាដើម និងសូម ចូលរួមថែរក្សាសុខសុវត្ថិភាព ឲ្យបានល្អក្នុងប្រទេស សូមកុំប្រើទឹកលុយ និងការគាបសង្កត់ ដើម្បីបង្ខំឲ្យចូលសាសនា»