កង​កម្លាំង​រក្សា​សន្តិភាព​អង្គការ​សហប្រជាជាតិ​នឹង​ដក​ចេញ​ពី​ប្រទេស​ស៊ូដង់​ខាង​ត្បូង ក្រោយ​ពី​បាន​បញ្ចប់​បេសកកម្ម​របស់​ខ្លួន

189

អាមេរិក៖ អ្នកទទួលខុសត្រូវផ្នែករក្សាសន្តិសុខអង្គការសហប្រជាជាតិ លោក ហឺវ ឡាត់ស៊ូ មានប្រសាសន៍កាលពីថ្ងៃអាទិត្យម្សិលមិញថា កងទ័ពរក្សាសន្តិភាព និងត្រូវគេបញ្ជូនទៅកាន់មាតុភូមិរបស់ខ្លួនវិញ ក្រោយពីពេលបានបញ្ចប់បេសកកម្ម របស់អង្គការសហប្រជាជាតិនៅក្នុងប្រទេសស៊ូដង់ខាងត្បូង ដោយយោងទៅលើការឆ្លើយតបរបស់ខ្លួន អំពីអំពើហិង្សាធ្វើឲ្យមានមនុស្សស្លាប់នៅបរិវេណទីតាំងរបស់ខ្លួននោះ។

សេចក្តីប្រកាសនេះបានធ្វើឡើងក្រោយពេល អង្គការសហប្រជាជាតិឲ្យដឹងកាលពីដើមសប្ដាហ៍មុនថា ភាពច្របូកច្របល់ជុំវិញការបង្គាប់បញ្ជា, ការត្រួតពិនិត្យ, ការចាត់ចែងការងារមានការពិបាកយ៉ាងខ្លាំង នៅបរិវេណគ្រប់គ្រងរបស់អង្គការសហប្រជាជាតិនៅតំបន់ម៉ាឡាកាលកាលពីក្នុងខែកុម្ភៈ ដែលកងកម្លាំងរក្សាសន្តិភាពបានធ្វើការវាយប្រហារតទល់ទៅជាមួយក្រុមភេរវករ ខណៈនៅបរិវេណនេះមានពលរដ្ឋភៀសខ្លួនមកជ្រកកោនជាង ៥ម៉ឺននាក់។ ការវាយប្រហារនាឱកាសនោះរយៈពេល ២ថ្ងៃមនុស្សជាង ៣០នាក់ស្លាប់ និងជាង ១២០នាក់ផ្សេងទៀតរងរបួស ហើយក្នុងករណីបែបនេះបានធ្វើឲ្យមន្ត្រីអង្គការពេទ្យគ្មានព្រំដែន ចោទប្រកាន់ដល់បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិធ្ងន់ធ្ងរ។

គួរឲ្យដឹងថា ស៊ូដង់ខាងត្បូងបានរអិលធ្លាក់នៅក្នុងសង្គ្រាមស៊ីវិលនៅចុងឆ្នាំ២០១៣ និងធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ រីឯរាប់លាននាក់បានភៀសខ្លួនចេញពីលំនៅឋានក្នុងជម្លោះរយៈពេល ២ឆ្នាំ ក្រោយពេលរដ្ឋឯករាជ្យសម្បូរប្រេងមួយនេះបានចាកចេញពីប្រទេសស៊ូដង់៕

អត្ថបទ៖ រិទ្ធី