អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​បារាំង​ស្វែងរក​ការ​គាំទ្រ​ពី​កម្ពុជា​ក្នុង​មុខតំណែង​អគ្គនាយក​អង្គការ​WHO

212

ភ្នំពេញ ៖ លោក Philippe DousteBlazyអគ្គលេខាធិការរងអង្គការសហប្រជាជាតិ អតីតរដ្ឋមន្ត្រីសុខាភិបាល និងជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេសបារាំងបានស្នើឲ្យប្រទេសកម្ពុជាគាំទ្រខ្លួនក្នុងមុខតំណែងជាអគ្គនាយករបស់សអង្គការសុខភាពពិភពលោក(WHO) ដែលគ្រោងនឹងបោះឆ្នោតជ្រើសរើសអគ្គនាយកនាពេលខាងមុខនេះ។

ការស្នើសុំរបស់លោក Philippe DousteBlazy គឺបានធ្វើឡើងនៅក្នុងកិច្ចជំនួបជាមួយនិងឯកឧត្ដម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកាលពីល្ងាចថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០១៦នាទីស្ដីការក្រសួងការបរទេសក្នុងដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជា។

ថ្លែងប្រាប់អ្នកយកព័ត៌មានក្រោយពីកិច្ចជំនួបនោះអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងការបរទេសលោក ជុំ សុន្ទរីបានឲ្យដឹងថាលោក Philippe DousteBlazy បានជម្រាបជូនឯកឧត្ដមទេសរដ្ឋមន្ត្រីប្រាក់ សុខុននៅក្នុងដំណើរមួយមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក គឺដើម្បីស្វែងរកការគាំទ្រសម្រាប់បេក្ខភាពរបស់លោកផ្ទាល់សម្រាប់មុខតំណែងជាអគ្គនាយករបស់អង្គការសុខភាពពិភពលោកអំពីការតាំងចិត្តរបស់លោកចំពោះការងារដែលត្រូវបំពេញនៅក្នុងអង្គការសុខភាពពិភពលោក ពិសេសអំពីសិទ្ធិក្នុងការទទួលបាននូវសេវាសុខាភិបាលសម្រាប់គ្រប់ៗគ្នានិងការធ្វើប្រជាធិបតេយ្យភាវូបនីយកម្មសុខាភិបាលដែលនឹងផ្ដល់ផលប្រយោជន៍ដល់ប្រទេសក្រីក្រនៅក្នុងពិភពលោកជាដើម។

នៅក្នុងកិច្ចជំនួបនោះដែរ លោកជុំ សុន្ទរីបានបន្តថា កម្ពុជាបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើររបស់លោក Philippe DousteBlazyមកកាន់កម្ពុជាហើយបានវាយតម្លៃថាជំនាញបទពិសោធន៍ការប្តេជ្ញាចិត្ត ព្រមទាំងមុខតំណែងបច្ចុប្បន្នរបស់លោកគឺជាគុណវឌ្ឍដ៏ប្រសើរបំផុតសម្រាប់បេក្ខភាពនេះ។ជាមួយគ្នានេះកម្ពុជាមានការពេញចិត្តហើយនឹងធ្វើការពិនិត្យពិចារណាដោយយកចិត្តទុកដាក់ចំពោះបេក្ខភាពរបស់លោក Philippe DousteBlazyក្នុងតួនាទីអគ្គនាយករបស់អង្គការសុខភាពពិភពលោកនេះ។

ឯកឧត្ដមប្រាក់ សុខុនក៏បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងបារាំងពិសេសលើវិស័យសុខាភិបាលដោយឯកឧត្ដមបានគូសបញ្ជាក់ពីការជួយឧបត្ថម្ភដ៏ច្រើនរបស់បារាំងចំពោះកម្ពុជាលើផ្នែកសុខាភិបាលនេះ។ តែយ៉ាងណាក្តី លោក Philippe DousteBlazy ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាសម្រេចបានជោគជ័យជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺធំៗមានដូចជាអេដស៍ របេង និងគ្រុនចាញ់ជាដើម៕