កូនឈើ​ជាង​បួន​ម៉ឺន​ដើម ត្រូវ​បាន​ប្រគល់​ជូន​ក្រុង ស្រុង​ទាំង​១០ និង​វត្ត​អារាម​នានា ក្នុង​ខេត្តកំពង់ចាម​

245

កំពង់ចាម៖ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម និងក្រុមបានអញ្ជើញដាំកូនឈើជានិម្មិតរូបក្នុងបរិវេណវិទ្យាស្ថានស្រាវជ្រាវ បណ្តុះ និងដាំកូនឈើ ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៦។

តាមការស្រាវជ្រាវវិទ្យាសាស្ត្របានឲ្យដឹងថា ដើមឈើគឺជាភ្នាក់ងារតែមួយគត់ក្នុងការស្រូបយកឧស្ម័នកាបូនិកពីបរិយាកាស ហើយបញ្ចេញមកវិញអុកស៊ីសែន ដើម្បីទ្រទ្រង់ដល់ជីវិតរស់នៅរបស់មនុស្ស សត្វគ្រប់ប្រភេទ។

ព្រៃឈើពិតជាមានសារៈសំខាន់ដល់ការរក្សានូវលំនឹងបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី រួមទាំងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនទៀត ដូចជាជំរកសត្វព្រៃគ្រប់ប្រភេទ ជារបាំងទប់នូវខ្យល់ព្យុះជាដើម ដូច្នេះ ការដាំដើមឈើ និងប្រគល់កូនឈើដល់ក្រុង ស្រុកទាំង១០ និងវត្តអារាមនានាក្នុងខេត្តកំពង់ចាមនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាបរិស្ថាន និងជីវិតរស់ប្រកបដោយភាពស្រស់ថ្លារបស់មនុស្ស សត្វគ្រប់ប្រភេទ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការដាំដើមឈើឡើងវិញ។

ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ក៏បានផ្តល់កិត្តិយស ប្រគល់កូនឈើដល់ក្រុង ស្រុកទាំង១០ និងប្រគេនដល់ព្រះសង្ឃដើម្បីយកទៅដាំនៅតាមមូលដ្ឋានរៀងៗខ្លួន។

សូមជម្រាបថា វិទ្យាស្ថានស្រាវជ្រាវ បណ្តុះ និងដាំកូនឈើ ក្នុងខេត្តកំពង់ចាម មានទំហំ៥ហិចតា ក្នុងនោះ៤ហិចតាដាំកូនក្រញូងជាងមួយពាន់ដើមក្រៅពីនោះជាទីតាំងអគារទីស្នាក់ការ និងថ្នាលបណ្តុះកូនឈើ ដែលរហូតមកដល់ពេលនេះ វិទ្យាស្ថាន បានបណ្តុះកូនឈើក្រញូង និងពូជឈើមួយចំនួនទៀតបានជាង១០ម៉ឺនដើម ហើយកូនឈើក្រញូងដែលចែកដល់ក្រុងស្រុកទាំង១០ និងវត្តអារាមនានានៃខេត្តកំពង់ចាមពេលនេះមានចំនួនជាង៤ម៉ឺនកូន ក្នុងនោះ ស្រុកកងមាសចំនួន១ម៉ឺនកូន, ស្រុកកោះសូទិន ៨០៦៥កូន, ស្រុកកំពង់សៀម ២១៩៣កូន, ស្រុកចំការលើ ៤៧០០កូន, ស្រុកជើងព្រៃ ៨២០០កូន, ស្រុកបាធាយ ៤០០០កូន, ស្រុកព្រៃឈរ ១៤០០កូន, ស្រុកស្ទឹងត្រង់ ៥០០កូន, ស្រុកស្រីសន្ឋរ ៤០៩០កូន និងក្រុងកំពង់ចាម ៤៣០កូន។

កូនឈើទាំងនេះ នឹងត្រូវយកទៅដាំនៅ៣៥៣ទីតាំងក្នុងក្រុង ស្រុកទាំង១០ និងក្រៅពីនោះ នឹងត្រូវយកទៅដាំនៅតាមទីវត្តអារាមនានា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់អាជ្ញាធរក្រុង ស្រុកទាំង១០ ដែលទទួលកូនឈើយកទៅដាំនៅពេលនេះ ត្រូវយកទៅដាំនៅតាមទីសាធារណៈ ពិសេសនៅតាមសាលារៀន ដើម្បីផ្តល់ម្លប់ដល់សិស្សានុសិស្សបានលេងកំសាន្តក្រោមម្លប់ដើមឈើទាំងនោះផង ម្យ៉ាងទៀត ត្រូវយកចិត្តទុកដាក់ដាំ ស្រោចទឹក និងថែរក្សា ឲ្យបានគង់វង្សដើម្បីជាផលប្រយោជន៏រួមនៃសង្គមជាតិយើងទាំងមូល៕