សេដ្ឋ​វិទូ​លើក​ឡើង​ថា​«​កម្ពុជា​ត្រូវតែ​តម្រង់​ទិស​បន្ថែម​ទៀត​ដើម្បី​ឲ្យ​មាន​តុល្យភាព​ការនាំចេញ​និង​នាំចូល​»

229

ភ្នំពេញ ៖ អ្នកសេដ្ឋកិច្ចបានលើកឡើងថា ទោះជាការនាំចេញរបស់ថៃមកកម្ពុជាមានការធ្លាក់ចុះនោះ ប៉ុន្តែទន្ទឹមនោះ កម្ពុជាត្រូវតែតម្រង់ទិសបន្ថែមទៀតដើម្បីឲ្យមានតុល្យភាពការនាំចេញនិងនាំចូល។

ឯកឩត្តមបណ្ឌិត ម៉ី កល្យាណទីប្រឹក្សាឩត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថាកម្ពុជាត្រូវតែថែរក្សាទំនាក់ទំនងឲ្យបានល្អហើយការធ្លាក់ចុះការនាំចេញពីថៃនេះជារឿងល្អរបស់កម្ពុជាហើយសេដ្ឋកិច្ចជារឿងធម្មតាទេប៉ុន្តែទន្ទឹមនោះកម្ពុជាត្រូវតែមានការប្រកួតប្រជែងពីទីផ្សារផ្សេងៗព្រោះជាសេដ្ឋកិច្ចទីផ្សារសេរី។

ឯកឩត្តមបន្តទៀតថាកម្ពុជាបាននាំចេញទៅថៃមានតិចតួចតែការនាំចូលមានច្រើនណាស់ដោយសារតែរបៀបរបរសេដ្ឋកិច្ចកម្ពុជាខុសពីថៃច្រើនហើយថៃមានសមត្ថភាពផលិតច្រើនជាងយើងនិងសេដ្ឋកិច្ចធំជាងកម្ពុជាហើយអ្វីដែលជាពិសេសនោះធ្វើយ៉ាងណាឲ្យមានតុល្យភាពទាំងការនាំចេញនិងការនាំចូល។

ឯកឩត្តមបានបញ្ជាក់ថា«បើសិនជាប្រទេសមួយស្ថានការសេដ្ឋកិច្ចមិនសូវល្អ ហើយការនាំចេញនិងនាំចូលក៏មិនល្អដែរ ហើយសេដ្ឋកិច្ចកម្ពុជានៅល្អនៅឡើយ។ ប៉ុន្តែប្រទេសនីមួយៗត្រូវមានតុល្យភាពនៃការនាំចេញនិងនាំចូល ហើយទាមទារឲ្យមានការតម្រង់ទិសបន្ថែមទៀត»

មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មធ្លាប់អះអាងថា ការរៀបចំពិព័រណ៍ពាណិជ្ជកម្មថៃប្រចាំឆ្នាំជាបន្តបន្ទាប់នៅកម្ពុជាជាសញ្ញាវិជ្ជមានមួយនៃការអភិវឌ្ឈន៍ពាណិជ្ជកម្មប្រទេសទាំងពីរក្នុងបំណងដើម្បីពង្រឹងទំនាក់ទំនងរវាងពាណិជ្ជកម្មទ្វេភាគី។

មន្ត្រីក្រសួងពាណិជ្ជកម្មបន្ថែមថា តួលេខពាណិជ្ជកម្មមានការកើនឡើងជារៀងរាល់ឆ្នាំនេះគឺដោយសារតែទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មនៃប្រទេសទាំងពីរមានភាពល្អប្រសើរព្រមទាំងមានការចូលរួមយ៉ាងសកម្មពីផ្នែកឯកជនជាពិសេសបណ្ដាពាណិជ្ជករនៃប្រទេសទាំងពីរ។

ចំណែកលោកស្រីជីរ៉ាណាន់វង្សមង្គលអគ្គទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតថៃប្រចាំនៅកម្ពុជាបានបញ្ជាក់ក្នុងពិព័រណ៍ពាណិជ្ជកម្មថៃកាលពីថ្ងៃទី២០ខែមិថុនានេះថាការធ្លាក់ទំហំពាណិជ្ជកម្មនេះបណ្ដាលពីការធ្លាក់ចុះតម្លៃប្រេងបើទោះបីបរិមាណនាំប្រេងចូលកម្ពុជានៅដដែលក៏ដោយ។

ក្នុងរយៈពេល៤ខែដើមឆ្នាំនេះទំហំទឹកប្រាក់នាំចេញរបស់ថៃមកកម្ពុជាបានធ្លាក់ចុះដល់ទៅ២០ភាគរយ។ខាងភាគីថៃអះអាងថាការធ្លាក់ចុះនេះបណ្ដាលពីថយចុះបរិមាណនាំចេញសម្ភារៈសំណង់និងការធ្លាក់តម្លៃប្រេង។

របាយការណ៍របស់ស្ថានទូតថៃប្រចាំកម្ពុជាបង្ហាញថាការនាំចេញរបស់ថៃមកកម្ពុជាមានទំហំទឹកប្រាក់១,៤ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៤ខែដើមឆ្នាំនេះថយចុះ២០ភាគរយបើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៥ដែលមានទឹកប្រាក់ដល់ទៅ១,៧ពាន់លានដុល្លារ។

កាលពីឆ្នាំ២០១៥កន្លងទៅទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានទឹកប្រាក់ដល់ទៅ៥,៦ពាន់លានដុល្លារអាមេរិកក្នុងនោះទឹកប្រាក់នាំចូលពីថៃមកកម្ពុជាមានរហូតដល់ទៅ៤,៩ពាន់លានដុល្លារអាមេរិក៕