អភិបាលខេត្ត​បាត់ដំបង​ ជំរុញ​ឲ្យ​សិស្ស​ខិតខំ​រៀនសូត្រ​ដើម្បី​ជ័យជំនះ​ក្នុង​ការ​ប្រឡង​

416

បាត់ដំបង ៖ ខណៈពេលដែលការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៦នេះ បានខិតជិតមកដល់នោះ ថ្នាក់ដឹកនាំខេត្តបាត់ដំបង បានជំរុញឲ្យសិស្សវិទ្យាល័យទាំងអស់ត្រូវខិតខំរៀនសូត្របន្ថែមទៀត ដើម្បីជ័យជំនះក្នុងការប្រឡង ។

អភិបាលរងខេត្តបាត់ដំបង បានថ្លែងថា មានតែសិស្សដែលមានចំណេះដឹងពិតប្រាកដទេ ទើបអាចទទួលបានជ័យជំនះក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ដូច្នេះសិស្សទាំងអស់ក្នុងខេត្តបាត់ដំបង ដែលមានឈ្មោះប្រឡង ត្រូវតែបង្កើនការសិក្សារបស់ខ្លួនបន្ថែមទៀត ដើម្បីដណ្តើមយកជ័យជំនះនេះ ។

លោក ជាម ច័ន្ទសោភណ្ឌ បានថ្លែងយ៉ាងដូច្នេះ ក្នុងឱកាសចែកប័ណ្ណសិស្សពូកែអាហារូបករណ៍របស់សាកលវិទ្យាល័យ IU សាខាខេត្តបាត់ដំបង ដល់សិស្សថ្នាក់ទី១២ មកពីវិទ្យាល័យសម្តេចឪ  វិទ្យាល័យណេតយ៉ង់ និង វិទ្យាល័យព្រះមុនីវង្ស កាលពីថ្ងៃទី២៩ ខែមិថុនា ម្សិលម៉ិញ ។

លោក បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និង កីឡា បានធ្វើការកែទម្រង់ដើម្បីពង្រឹងគុណភាពសិក្សា ហើយក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិពិតជាបានផ្តល់នូវយុត្តិធម៌ ចំពោះសិស្សណាដែលមានចំណេះដឹងពិតប្រាកដ ។

លោក បានឲ្យដឹងដែរថា ចំណែកសិស្សដែលបានប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៥ កន្លងមក ត្រូវបានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តបាត់ដំបង សហការជាមួយ នឹងមន្ទីរអប់រំ យុវជន និង កីឡាខេត្តបាត់ដំបង ធ្វើការបំប៉នលើមុខវិជ្ជាសំខាន់ៗបន្ថែមក្នុងការត្រៀមប្រឡងនាពេលខាងមុខ ។

លោក យីសុងគី អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានបញ្ជាក់ថា នៅមុនសម័យប្រឡងនេះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងបានយកចិត្តទុកដាក់យ៉ាងសកម្មក្នុងកម្មវិធីបំប៉នចំណេះដឹងបន្ថែមដល់សិស្សានុសិស្សនៅគ្រប់វិទ្យាល័យទាំងអស់ក្នុងខេត្តបាត់ដំបង ហើយលទ្ធផលប្រឡងសិស្សពូកែថ្នាក់ជាតិវិញនោះខេត្តបាត់ដំបងទទួលបាននូវកេរ្តិ៍ឈ្មោះដែលធ្វើអោយមជ្ឈដ្ឋាននានាមានការចាប់អារម្មណ៍មកលើវិស័យអប់រំរបស់ខេត្តបាត់ដំបង៕